សហរដ្ឋអាមេរិក៖ លោករដ្ឋមន្រ្តីមការពារប្រទេសសហរដ្ឋអាមេរិក លីអន ផានីតា បានផ្តន្ទាទោសខ្សែវីដេអូដែលហាក់ដូចជាបង្ហាញថាទាហានម៉ារ៉ីនអាមេរិកាំងមានឯកសណ្ឋានបាននោមដាក់សពពួកយុទ្ធជនតាលីបាន។ លោកផានីតាបានបញ្ជាឲ្យកងម៉ារ៉ីនអាមេរិក និងមេបញ្ជាការកងកម្លាំងសន្តិសុខ អូតង់ នៅអាហ្វហ្គានីស្ថានធ្វើការស៊ើបអង្កេតខ្សែវីដេអូនេះ។
ភូមា៖ កាលពីថ្ងៃព្រហស្បតិរដ្ឋាភិបាល ភូមា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយជាមួយក្រុមឧទ្ទាម ជាតិពន្ធុភាគតិចការិន នៅក្រុងផាអាន ដែលជាចំណាត់ការមួយឆ្ពោះទៅរកការបញ្ចប់ការបះបោរដ៏យូរបំផុតមួយក្នុងពិភពលោក ហើយធ្វើឲ្យស្របតាមលក្ខខណ្ឌដ៏សំខាន់មួយសម្រាប់ធ្វើឲ្យទំនាក់ទំនងជាមួយបស្ចឹមប្រទេសបានប្រសើរឡើង។
អាហ្វហ្គានីស្ថាន៖ ពួកតាលីបាននិយាយថា សាខានយោបាយរបស់ខ្លួនបានត្រៀមខ្លួនជាស្រេចហើយដើម្បីចូលចរចាអំពីសន្តិភាពដើម្បីបញ្ចប់សង្គ្រាមនៅអាហ្វហ្គានីស្ថាន តែមិនព្រមលះបង់ការតស៊ូរបស់ខ្លួនដោយគ្រឿងអាវុធប្រឆាំងនឹងកងកម្លាំងអន្តរជាតិទេ។
ស៊ីរី៖ លោក មូសេប អាហ្សាវី នៃអង្គការអង្កេតសិទ្ធមនុស្សស៊ីរីនៅអង់គ្លេស បានប្រាប់ វីអូអេថា អ្នកសង្កេតការណ៍ ១១ នាក់ រំពឹងថានឹងចេញពីប្រទេស ស៊ីរី នៅពេលឆាប់ៗនេះដើម្បីតវ៉ាប្រឆាំងនឹងការបង្ក្រាបដ៏សាហាវរបស់រដ្ឋាភិបាលទៅលើការបះបោរ ១០ ខែ របស់ក្រុមប្រឆាំង។
ប៉ាគីស្ថាន៖ មន្រ្តីប៉ាគិស្ថាននិយាយថា ការវាយប្រហារមួយដោយយន្តហោះឥតអ្នកបើកបានសម្លាប់មនុស្ស៤នាក់ដែលគេសង្ស័យថាជាជនសកម្មប្រយុទ្ធ នៅភាគពាយ័ព្យនៃប្រទេសនៅជិតព្រំដែនអាហ្វហ្គានីស្ថាន។
សូម៉ាលី៖ គណកម្មាធិការកាកបាទក្រហមអន្តរជាតិ (ICRC)បានបញ្ឈប់ជំនួយទៅឲ្យជនជាតិ សូម៉ាលី (Somali) ចំនួន ១ លាន ១ សែន នាក់ ពីព្រោះតែអាជ្ញាធរក្នុងតំបន់ ដែលមានទំនាក់ទំនងជាមួយពួក អាល សាបាប (al-Shabab) បានរារាំងជំនួយទៅឲ្យតំបន់ ភាគកណ្តាលនិងខាងត្បូងនៃប្រទេស។
នីហ្សីរីយ៉ា៖ សហជីពកម្មករប្រេងដ៏ធំមួយក្នុងប្រទេសនីហ្សីរីយ៉ា និយាយថា ខ្លួននឹងធ្វើកូដកម្មចាប់ពីថ្ងៃអាទិត្យនេះទៅ បើសិនជាប្រទេសផលិតប្រេងដ៏ច្រើនបំផុតនៅក្នុងទ្វីបអាហ្វ្រីកមួយនេះ មិនចាប់ផ្តើមអនុវត្តកម្មវិធីផ្តល់ជំនួយដល់អតិថិជនប្រេងជាថ្មីឡើងវិញទេ។
កែនយ៉ា៖ ប៉ូលីសនៅកែនយ៉ាភាគឦសាននិយាយថា ការវាយប្រហារមួយនៅក្បែរព្រំដែនជាមួយសូម៉ាលីបានសម្លាប់មនុស្សយ៉ាងតិច៦នាក់ រួមមានភ្នាក់ងារប៉ូលិស៤ នាក់ក្នុងនោះ ហើយមានមនុស្សយ៉ាងតិច១៣នាក់បាត់ខ្លួននៅក្រោយការវាយប្រហារនេះ។