សហរដ្ឋអាមេរិក៖ ស.រ.អាបានបដិសេធថាមិនបានមានតួនាទីអ្វីក្នុងការសម្លាប់អ្នកវិទ្យាសាស្ដ្រនុយក្លេអ៊ែរអ៊ីរ៉ង់នៅថ្ងៃពុធនៅក្នុងរដ្ឋធានីតេហេរ៉ង់ទេ។
ជប៉ុន៖ ប្រទេសជប៉ុនបានសន្យាថានឹងបន្ថយការនាំចូលប្រេងឥន្ធន: ពីប្រទេសអ៊ីរ៉ង់ ដើម្បីគាំទ្រការដាក់ទណ្ឌកម្មនានារបស់ស.រ.អាដែលមានគោលដៅដាក់សម្ពាធទៅលើប្រទេសអ៊ីរ៉ង់ឲ្យបញ្ចប់កម្មវិធីនុយក្លេអ៊ែរដ៏ចម្រូងចម្រាសរបស់ខ្លួន។
ភូមា៖ រដ្ឋាភិបាលនៃប្រទេសភូមាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងបទឈប់បាញ់គ្នាមួយជាមួយពួកបះបោរជនជាតិភាគតិចដ៏លេចធ្លោមួយក្រុម។ ការណ៍នេះទំនងនឹងទម្លុះភាពទាល់ច្រកនៃកិច្ចប្រឹងប្រែងនានាដើម្បីបញ្ចប់ការបះបោរអស់រយ:ពេល៦៥ឆ្នាំកន្លងមកនេះ។
កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងបានឲ្យដឹងថា សពរបស់អតីតមេដឹកនាំរបស់ខ្លួនគឺលោក គីម ជុង អ៊ីល នឹងត្រូវដាក់តម្កល់ជាអចិន្ដ្រៃយ៍នៅវិមានអនុស្សាវរីយ៍ដូចគ្នានឹងកន្លែងដែលសពរបស់ឪពុកលោកដែលបានគេអប់ទុកនោះត្រូវបានដាក់តម្កល់ផងដែរ។
ស៊ីរី៖ ប្រធាននៃគណៈកម្មាធិការមួយនៃសម្ព័ន្ធអារ៉ាប់សម្រាប់ប្រទេសស៊ីរីបាននិយាយថា វាជាក់ច្បាស់ណាស់ដែលថារដ្ឋាភិបាលរបស់លោកប្រធានាធិបតី បាសា អាល់ អាស់សាដ មិនបានត្រៀមខ្លួនក្នុងការផ្លាស់ប្ដូរគោលនយោបាយរបស់ខ្លួនឡើយ។
ហៃទី៖ ប្រទេសហៃទីកំពុងតែរំឭកដល់ខួបទីពីរនៃការរញ្ជួយដីយ៉ាងវិនាសកម្មដែលមានកម្លាំង៧.០ រ៉ិចទ័រដែលបណ្ដាលឲ្យមនុស្សស្លាប់បីសែននាក់។
ចិន៖ លោក ហ៊ូ ហ្ស៊ីយ៉ា (Hu Jia) អ្នកប្រឆាំងជំទាស់ជាតិចិនដ៏លេចធ្លោម្នាក់បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថាប៉ូលីសបានចូលទៅលុកលុយនៅក្នុងផ្ទះរបស់លោក ហើយបានកោះហៅលោកទៅសួរចម្លើយពីបទជាប់ពាក់ព័ន្ធទៅនឹងអត្ថាធិប្បាយដែលលោកបានធ្វើតាមប្រព័ន្ធអ៊ីនធឺណេតដើម្បីគាំទ្រដល់សកម្មជនសិទ្ធិមនុស្សម្នាក់ដូចរូបលោក។