ស៊ីរី៖ លោកប្រធានាធិបតីស៊ីរី បាសា អាល់ អាសាដ បានចេញបង្ហាញខ្លួនដោយកម្រមួយ ហើយបានប្រាប់ក្រុមអ្នកគាំទ្រជាច្រើនពាន់នាក់នៅទីក្រុង ដាម៉ាស ថារដ្ឋាភិបាលលោក នឹងមានជ័យជំនះលើអ្វីដែលលោកហៅថា «ការរួមគំនិតធ្វើអំពើអាក្រក់» មួយនៅពីក្រោយការបះបោរ១០ខែរបស់ក្រុមប្រឆាំង។
អ៊ីរ៉ង់៖ បណ្តាញព័ត៌មានអ៊ីរ៉ង់និយាយថា ការផ្ទុះគ្រាប់បែកមួយនៅក្រុង តេហេរ៉ង់បានសម្លាប់សាស្ត្រាចារ្យសាកលវិទ្យាល័យម្នាក់ ដែលបានធ្វើការជាអ្នកវិទ្យាសាស្រ្តម្នាក់លើកម្មវិធីនុយគ្លេអ៊ែររបស់អ៊ីរ៉ង់ផង។
នីហ្សេរីយ៉ា៖ ជនជាតិនីហ្សេរីយ៉ាជាច្រើនពាន់នាក់បានធ្វើបាតុកម្មប្រឆាំងនឹងការឡើងថ្លៃខ្ពស់នៃប្រេងឥន្ទនៈ ក្នុងថ្ងៃទីបីជាប់គ្នានៅពេលដែល សហជីពកម្មករប្រេងធំៗ ក្នុងប្រទេសនេះកំពុងពិចារណាអំពីចូលរួមក្នុងបាតុកម្ម។
នីហ្សេរីយ៉ា៖ មេដឹកនាំម្នាក់នៃក្រុមសកម្មប្រយុទ្ធ នីហ្សេរីយ៉ា ឈ្មោះ បូកូ ហារ៉ាម បានសន្យានៅក្នុងខ្សែវីដេអូថ្មីមួយតាមអ៊ីនធឺណេតថានឹងមានការវាយប្រហារច្រើនទៀត។
សហរដ្ឋអាមេរិក៖ អតីតអភិបាលរដ្ឋម៉ាសាឈូសេត លោកមីត រមនី បានលើកយុទ្ធនាការឃោសនាលោកទៅកាន់រដ្ឋការ៉ូលីណាខាងត្បូង ដើម្បីពង្រឹងកិច្ចប្រឹងប្រែងរបស់លោកក្នុងការធានាឲ្យបានទទួលការតែងតាំងរបស់គណបក្សសាធារណរដ្ឋ។
ប៉ាគីស្ថាន៖ មន្រ្តី ប៉ាគីស្ថាននិយាយថា ការវាយប្រហារមួយដោយយន្តហោះឥតអ្នកបើករបស់អាមេរិកបានសម្លាប់ មនុស្សបួននាក់ដែលគេសង្ស័យថាជាជនសកម្មប្រយុទ្ធនៅក្នុងភាគពាយ័ព្យនៃប្រទេស នៅជិតព្រំដែនជាមួយអាហ្វហ្គានីស្ថាន ដែលការវាយប្រហារបែបនេះកើតឡើងជាលើកទីមួយក្នុងពេលពីរខែកន្លងទៅ។