បើយោងទៅតាមមេបញ្ជាការយោធាជើងទឹករបស់ប្រទេសហ្វីលីពីន ទាហានហ្វីលីពីន និងទាហានវៀតណាមបានរួមគ្នាលេងកីឡានៅលើកោះស្ព្រែតលី (Spratlys) ក្នុងគោលបំណងនឹងធ្វើឲ្យធូរស្រាលដល់ស្ថានការណ៍តានតឹងនៅលើជួរកោះស្ព្រែតលីនៃតំបន់សមុទ្រចិនភាគខាងត្បូង។
តាមពាក្យរបស់ឧត្ដមនាវីរងហ្វីលីពីន Alexander Pama ដែលនិយាយថា «យើងនឹងបញ្ជូនទាហានយើងទៅលើកោះ និងភាគីមួយទៀត នឹងបញ្ជូនទាហានរបស់គេដែរ ដើម្បីលេងកីឡាផ្សេងៗ ដូចជាបាល់បោះនិងបាល់ទាត់។
កោះនោះ ដែលទាមទារដោយចិនផងដែរ បានត្រូវគេមើលឃើញថា ជាចំណុចក្ដៅតែមិនឃើញមានអាវុធពាក់ព័ន្ធក្នុងរឿងនេះទេ។
ព័ត៌មានអន្តរជាតិសំខាន់ៗដទៃទៀត៖
ឥណ្ឌូនេស៊ី៖ ជនស្វែងរកទីជម្រកថ្មីដែលប្រាថ្នាធ្វើដំណើរទៅកាន់ប្រទេសអូស្រាលី បានចាកចេញពីនាវាដឹកប្រេងដែលស្រោចស្រង់ជីវិតខ្លួននៅលើសមុទ្រហើយ ក្រោយពីបានប្រឈមមុខនឹងអាជ្ញាធរឥណ្ឌូនេស៊ីមក។
ស៊ីរី៖ សកម្មជននៅក្នុងប្រទេសស៊ីរីរាយការណ៍ថា ការវាយប្រហារមកលើទីក្រុងពីរនឹង មិនឃើញមានការដកកងទ័ពចេញកាលពីថ្ងៃអង្គារនេះ ទោះបីជារដ្ឋាភិបាលស៊ីរី និយាយអះអាងថា ខ្លួនចាប់ផ្ដើមដកកងទ័ពចេញពីទីក្រុងខ្លះ ដោយអនុវត្ដតាមកិច្ចព្រមព្រៀងឈប់បាញ់គ្នា សម្របសម្រួលដោយអ.ស.ប.។កូរ៉េខាងជើង៖ នៅថ្ងៃអង្គារនេះ កូរ៉េខាងជើងនិយាយថាបានបញ្ចប់កិច្ចការរៀបចំបាញ់បង្ហោះរ៉ុក្កែតដែលជាវិធានការថ្កោលទោសដោយសហគមន៍អន្ដរជាតិ។
នាយករងនៃកម្មវិធីអវកាសកូរ៉េខាងជើង Ryu Gun Chol និយាយប្រាប់ក្រុមអ្នកកាសែតនៅក្នុងទីក្រុងព្យុងយ៉ាងថា រ៉ុក្កែតនោះរៀបចំហើយស្រេចដើម្បីបាញ់បង្ហោះនៅថ្ងៃព្រហស្បត្តិ៍។ អ្នកកាសែតអន្ដរជាតិរាប់ទាំងពីវីអូអេផង បានត្រូវនាំឲ្យទៅមើលទីកន្លែងបាញ់បង្ហោះកាលពីថ្ងៃអាទិត្យ។
ម៉ាឡេស៊ី៖ នាយករដ្ឋមន្ដ្រីនៃប្រទេសម៉ាឡេស៊ី លោក ណាជិប រាហ្សាក បានចេញសេចក្ដីព្រាងច្បាប់ថ្មីមួយដែលរារាំងប៉ូលីសមិនឲ្យចាប់ចងជនសង្ស័យគ្មានពេលកំណត់ដោយ មិនមានការកាត់ក្ដី ដោយសារតែជំនឿនយោបាយរបស់គេ។
អ.ស.ប.៖ ក្រុមប្រឹក្សាសន្ដិសុខអ.ស.ប. បានសម្ដែងការព្រួយបារម្ភដ៏ជ្រាលជ្រៅមកលើការគំរាមភេរវកម្មនៅតំបន់ភាគខាងជើងប្រទេសម៉ាលី ដោយនិយាយថា សមាជិករបស់ក្រុម អាល់កៃដានៅក្នុងក្រុងមាក្រេប និងក្រុមនិយមជ្រុលស្ថិតនៅក្នុងចំណោមជនបះបោរដែលបានវាយដណ្ដើម តំបន់ភាគខាងជើងប្រទេស។
ចិន៖ ប្រទេសចិនបានកាត់ទោសដាក់គុក២ឆ្នាំ៨ខែ ដល់សកម្មជនពិការអ្នកការពារសិទ្ធិមនុស្សតាមបទចោទប្រកាន់ពីបទបណ្ដាលឲ្យមានភាពវឹកវរនិងប្រព្រឹត្ដការកេងបន្លំជំរុញឲ្យមានការតវ៉ា។
អាហ្វហ្គានីស្ថាន៖ អត្ដឃាតជនបានបំផ្ទុះគ្រាប់បែកបានសម្លាប់មនុស្សយ៉ាងតិច១៥នាក់នៅក្នុងការវាយប្រហារនៅតំបន់ភាគខាងលិច និងខាងត្បូងប្រទេសអាហ្វហ្គានីស្ថាន បណ្ដាលឲ្យមានការភ័យខ្លាចអំពីការវាយប្រហារជាថ្មីនៅរដូវស្លឹកឈើលាស់។
ប៉ាគីស្ថាន៖ អ្នកជួយសង្រ្គោះរាប់រយនាក់នៅបន្ដតាមស្វែងរកជនរងគ្រោះពីការរមៀលទឹកកកនៅក្នុងប្រទេសប៉ាគីស្ថាន ដែលបានសម្លាប់មនុស្សជាង១៣៥នាក់ មានទាហាននិងជនស៊ីវិលផង ដែលបានត្រូវកប់ដោយទឹកកកនៅក្នុងបន្ទាយទាហាន នៅ ជិតតំបន់កាស្មៀរភាគខាងជើងប្រទេស។