ទីភ្នាក់ងារសហព័ន្ធនៃរដ្ឋាភិបាលអាមេរិកាំងបានឃាត់ទុកវត្ថុបុរាណខ្មែរពីសារៈមន្ទីរ Sotheby ក្នុងទីក្រុងញូវយ៉កដោយចោទប្រកាន់ថាសារៈមន្ទីរនេះបានដាក់លក់ដេញថ្លៃវត្ថុបុរាណនោះដោយខុសច្បាប់ថ្វី បើបានដឹងថាត្រូវបានលួចចេញពីប្រទេសកម្ពុជាក៏ដោយ។
វត្ថុបុរាណនោះត្រូវគេរាយការណ៍ថាបានលួចពីប្រាសាទកោះកេរ (កោះកែ) ហើយមានតម្លៃរហូតដល់បីលានដុល្លារ។
វត្ថុបុរាណនោះត្រូវបានគ្រោងដាក់លក់ដេញថ្លៃនៅខែមិនាឆ្នាំ២០១១ប៉ុន្តែត្រូវបានដកចេញវិញភ្លាមៗនៅនាទីចុងក្រោយក្រោយពី មានការប្តឹងជំទាស់ពីប្រទេសកម្ពុជា។ អាជ្ញាធរកម្ពុជានៅមិនទាន់បញ្ចេញប្រតិកម្មយ៉ាងណានៅឡើយទេនៅថ្ងៃសុក្រនេះ។
(ប្រភព៖ ញូវយ៉កថែមស៍ និង វីអូអេខ្មែរ)
សេចក្តីរាយការណ៍ពីមុនទាក់ទងរឿងនេះ៖
ព័ត៌មានអន្តរជាតិសំខាន់ៗដទៃទៀត៖
ស៊ីរី៖ ក្រុមប្រឆាំងនៃប្រទេសស៊ីរីបានរាយការណ៍ពីអំពើហិង្សាកាលពីពេលថ្មីៗនេះនៅក្នុងតំបន់មួយចំនួននៃប្រទេសស៊ីរីនៅថ្ងៃសុក្រនេះ ដោយតិចជាងមួយសប្តាហ៍មុនពេលដែលបទឈប់បាញ់គ្នាមួយដែលគាំទ្រដោយអង្គការសហប្រជាជាតិចូលជាធរមាន។
អង្គការអង្កេតការណ៍សិទ្ធិមនុស្សស៊ីរី (Syrian Observatory for Human Rights) បានប្រាប់VOAថាកងទ័ពរដ្ឋាភិបាលបានប្រយុទ្ធជាមួយពួកឧទ្ទាមនៅក្នុងសង្កាត់ជាច្រើនជាយក្រុងដាម៉ាស (Damascus)។ អង្គការសិទ្ធិមនុស្សនោះ បានប្រាប់ឲ្យដឹងទៀតថាកងទ័ព៣នាក់បានស្លាប់។ ការប៉ះទង្គិចគ្នា ក៏បានផ្ទុះឡើងនៅតំបន់ហូមស៏ (Homs) ភាគកណ្តាល បន្ទាប់ពីក្រុមប្រដាប់អាវុធដែលស្មោះត្រង់នឹងរដ្ឋាភិបាលបានបើកការបាញ់ប្រហារទៅលើក្រុមស្រ្តីដែលបានសម្លាប់ពួកគេ២នាក់និងធ្វើឲ្យរបួស៤នាក់។
កាលពីថ្ងៃព្រហស្បត៍នេះ លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ Ban Ki-moon បានព្រមានថាជម្លោះនៃប្រទេសស៊ីរី បានរីកកាន់តែធំឡើងហើយការវាយប្រហារដោយកងទ័ពរដ្ឋាភិបាលទៅលើតំបន់ជនស៊ីវិលរស់នៅមិនបានបង្ហាញនូវការធ្លាក់ចុះទេ ទោះបីមានការធានាអះអាងថារដ្ឋាភិបាលទីក្រុងដាម៉ាសបានចាប់ផ្តើមដកកងទ័ពរបស់ខ្លួនចេញទីក្រុងសំខាន់ៗក៏ដោយ។
ស.រ.អា៖ ក្រសួងការបរទេសរុស្ស៊ីកំពុងរិះគន់សហរដ្ឋអាមេរិកចំពោះការបញ្ជាឲ្យអ្នកលក់ដូរអាវុធជាតិរុស្ស៊ី Viktor Bout ឱ្យជាប់គុក២៥ឆ្នាំ។
ម៉ាលី៖ ពួកឧទ្ទាម ទូអារេក (Tuareg) ក្នុងប្រទេសម៉ាលីភាគខាងជើង បានប្រកាសឯករាជ្យនៅថ្ងៃសុក្រនេះ ហើយបានសុំឲ្យមានការទទួលស្គាល់ពីអន្តរជាតិចំពោះអ្វីដែលពួកគេហៅថាប្រទេសជាតិ អាហ្សាវ៉ាដ (Azawad)។
ស.រ.អា៖ ប្រធានាធិបតីសហរដ្ឋអាមេរិក លោក បារ៉ាក់ អូបាម៉ា បានចុះហត្ថលេខាឲ្យក្លាយទៅជាច្បាប់ដែលនឹងធ្វើឲ្យមានភាពងាយស្រួលឡើងសម្រាប់ពាណិជ្ជកម្មថ្មីៗដើម្បីរៃអង្គាសប្រាក់ពីអ្នកវិនិយោគទុន។
ចិន៖ បណ្តាញផ្សាយព័ត៌មានរដ្ឋ ប្រាប់ឲ្យដឹងថាបុរសម្នាក់ដែលកាលពីពេលមុនបានត្រូវគេចាត់ទុកជាពិរុទ្ធជនកំពូលរបស់ចិននោះ បានឡើងតុលាការនៅថ្ងៃសុក្រនេះ បន្ទាប់ពីបានតស៊ូនឹងការនិរទេសខ្លួនពីប្រទេសកាណាដាអស់រយៈពេលមួយទសវត្សរ៍។
ម៉ាឡាវី ៖ ប្រភពសុខាភិបាលប្រាប់ឲ្យដឹងថា លោក ប៊ីងហ្គូ វ៉ា មូថារីកា (Bingu Wa Mutharika) ប្រធានាធិបតីនៃប្រទេសម៉ាឡាវីបានទទួលមរណភាពបន្ទាប់មានជំងឺគាំងបេះដូង ប៉ុន្តែ មិនមានការប្រកាសជាផ្លូវការអំពីមរណភាពរបស់លោកទេ។
បូស្ន៊ី៖ ផ្លូវដ៏សំខាន់មួយនៃរដ្ឋធានី សារ៉ាយ៉េវ៉ូ (Sarajevo) តម្រៀបទៅដោយកៅអីពណ៌ក្រហមចំនួន១១,៥៤១ កៅអីនីមួយៗសម្រាប់បុរសម្នាក់ស្ត្រីម្នាក់និងកូនក្មេងម្នាក់ដែលបានត្រូវសម្លាប់នៅក្នុងសង្គ្រាមដែលបានផ្ទុះឡើងកាលពី២០ឆ្នាំមុន។
ស.រ.អា៖ អ្នកសេដ្ឋវិទូកំពុងព្យាករណ៍ថានិយោជកសហរដ្ឋអាមេរិក បានបន្ថែមការងារយ៉ាងហោចណាស់ក៏ជាង២សែនកន្លែងដែរនៅក្នុងខែមិនា នៅពេលដែលក្រសួងការងារបញ្ចេញសេចក្តីរាយការណ៍ពីអត្រាគ្មានការងារធ្វើប្រចាំខែនៅថ្ងៃសុក្រនេះ។
អាហ្វហ្គានីស្ថាន៖ ពួកមន្រ្តីក្នុងប្រទេសអាហ្វហ្គានីស្ថានខាងត្បូងនិយាយថារថយន្តដឹកប្រេងឥន្ធនៈរបស់អង្គការអូតង់ (NATO) បានបុកគ្នាដោយសម្លាប់មនុស្ស៧នាក់និងធ្វើឲ្យមនុស្ស៣នាក់ទៀតរងរបួស។
នីហ្សេរីយ៉ា៖ ពួកអាជ្ញាធរនីហ្សេរីយ៉ា និយាយថាពួកគេបានរឹបអូសយកឧបករណ៍គ្រឿងផ្ទុះនិងប្រដាប់បាញ់គ្រាប់រ៉ុកកែតរាប់សិបគ្រឿងក្នុងអំឡុងពេលនៃការវាយឆ្មក់ទៅលើផ្ទះ២កន្លែងនៅក្នុងតំបន់ ហ្គូមបេ (Gombe) ភាគខាងជើងដែលមានការច្រួលច្របល់។