ភូមាបានធ្វើការដេញថ្លៃប្តូរប្រាក់បរទេសជាលើកដំបូងតាមរយៈប្រព័ន្ធថ្មីមួយដែលកំណត់តម្លៃប្រាក់ ក្យ៉ាត Kyat ដោយសេរីពីអត្រាប្តូរប្រាក់កំណត់ជាក់លាក់កាលពីពេលមុន។ កាលពីថ្ងៃអង្គារកាសែតពន្លឺថ្មី ដែលជាកាសែតរដ្ឋ បានប្រកាសអំពីអត្រាអណ្តែតក្នុងកម្រិតរបស់ប្រាក់ក្យ៉ាត ដោយបោះបង់ចោលអត្រាកំណត់៨,៥ ក្យ៉ាត ស្មើនឹង១ដុល្លារ។ កាលពីថ្ងៃអង្គារ ទីផ្សារបានកំណត់អត្រា៨១៨ kyat ស្មើនឹងមួយដុល្លារ។ សេចក្តីរាយការណ៍និយាយថាពេលនេះអត្រាប្តូរប្រាក់ត្រូវកំណត់ដោយការដេញថ្លៃប្រចាំថ្ងៃ ហើយចែងថាធនាគារកណ្តាលរក្សាសិទ្ធិក្នុងការធ្វើអន្តរាគមន៍ម្តងម្កាលដើម្បីបញ្ចៀសកុំឱ្យមានប្រែប្រួលតម្លៃរូបិយប័ណ្ណខ្លាំងពេក។
ហុងកុង៖ មហាសេដ្ឋីពីរនាក់ដែលមានធនធានច្រើនជាងគេបំផុតក្នុងទ្វីបអាស៊ីបាននិយាយថាពួកគេគ្មានទោសពៃរ៍អ្វីទេក្នុងការសង្ស័យថាសូកប៉ាន់ នៅក្រោយការចាប់ខ្លួនពួកគេកាលពីសប្តាហ៍មុនក្នុងក្រុងហុងកុង ជាផ្នែកមួយនៃការស៊ើបអង្កេតអំពីការស៊ីសំណូកធំបំផុតក្នុងក្រុងនេះក្នុងរយៈពេលច្រើនទសវត្សរ៍មកហើយ។
ស៊ីរី៖ ក្រុមការងារពិសេសរបស់អង្គការសហប្រជាជាតិកំណត់នឹងធ្វើដំណើរទៅដល់ ស៊ីរីក្នុងរយៈពេល៤៨ម៉ោងទៀតដើម្បីពិភាក្សាអំពីការដាក់ពង្រាយក្រុមអ្នកថែរក្សាសន្តិភាព នៅក្នុងកិច្ចប្រឹងប្រែងដើម្បីបញ្ឈប់អំពើហិង្សាដោយសារការបង្ក្រាបរបស់រដ្ឋាភិបាលមួយឆ្នាំមកនេះទប់ទល់នឹងក្រុមប្រឆាំង។
ម៉ាលី៖ សហភាពអាហ្វ្រិកបានដាក់កំហិតការដាក់ទណ្ឌកម្មប្រឆាំងនឹងមេដឹកនាំរដ្ឋប្រហារយោធានៅម៉ាលីនិងពួកសម្ព័ន្ធមិត្តដែលសហភាពនេះនិយាយថាការណ៍នេះបានជួយរារាំងមិនឱ្យមានការវិលត្រទ្បប់ទៅកាន់របៀបរយរដ្ឋធម្មនុញ្ញវិញ។
សហរដ្ឋអាមេរិក៖ គេរំពឹងថាលោកមិត រ៉មនី បេក្ខជនប្រធានាធិបតីអាមេរិកខាងគណបក្សសាធារណរដ្ឋជិតបានទទួលការតែងតាំងពីគណបក្សលោក ហើយនៅពេលដែលរដ្ឋពីរនិងរដ្ឋធានីរបស់ប្រទេសជាតិបោះឆ្នោតនៅក្នុងការប្រកួតប្រជែងដំបូងកាលពីថ្ងៃអង្គារ។
សហរដ្ឋអាមេរិក៖ បានស្នើផ្តល់រង្វាន់រហូតដល់១០លានដុល្លារឱ្យដល់ជនទាំងទ្បាយណាដែលផ្តល់ព័ត៌មានសម្រាប់់ការចាប់ខ្លួនបុរសប៉ាគីស្ថានម្នាក់ដែលបានត្រូវចោទប្រកាន់ថាជាមេគំនិតក្នុងការវាយប្រហារភេរវកម្មដ៏ប្រល័យកាលពីឆ្នាំ២០០៨ក្នុងក្រុង មុំបៃ។
សហរដ្ឋអាមេរិក៖ ប៉ូលីសអូកឡែន រដ្ឋកាលីហ្វរញ៉ា ថាអតីតនិស្សិតម្នាក់ដែលបានសម្លាប់មនុស្ស៧នាក់កាលពីថ្ងៃច័ន្ទ នៅក្នុងមហាវិទ្យាល័យមួយដែលមាននិស្សិតភាគច្រើនជាពលរដ្ឋអាមេរិកាំងដើមកំណើតកូរ៉េ បានខឹងសំបារនឹងពួកគណៈគ្រប់គ្រងមហាវិទ្យាល័យនេះដែលបានបណ្តេញខ្លួនចេញកាលពីពេលមុននេះក្នុងឆ្នាំនេះ។