មេដឹកនាំប្រទេសទាំង១០នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) កំពុងជួបប្រជុំគ្នានៅក្នុងរាជធានីភ្នំពេញ ក្នុងសន្និសីទកំពូលសម្រាប់រយៈពេល២ថ្ងៃដោយគេរំពឹងថានឹងដោះស្រាយបញ្ហាដ៏រសើបនៃជម្លោះលើដែនទឹកសមុទ្រនិងគម្រោងបាញ់បង្ហោះតារាសិប្បនិមិ្មតរបស់កូរ៉េខាងជើង។នាយករដ្ឋមន្ដ្រីខ្មែរ លោក ហ៊ុន សែន ដែលជាប្រធាននិងជាម្ចាស់ផ្ទះទទួលសមាគមអាស៊ាន បានផ្ដោតមកលើរឿងសេដ្ឋកិច្ច នៅពេលលោកបើកសម័យប្រជុំកាលពីថ្ងៃអង្គារ ដោយអំពាវនាវដល់ប្រទេសចូលរួមក្នុងសន្និសីទឲ្យខិតខំបង្រួញគម្លាតគ្នាដ៏ធំ រវាងប្រទេសអ្នកមាននិងប្រទេសអ្នកក្រ។
លោក ហ៊ុន សែន ថ្លែងថា៖ «នៅក្នុងតំបន់នេះ ទោះបីគម្លាតនៃការអភិវឌ្ឍក្នុងចំណោមប្រទេសអាស៊ានបានត្រូវគេមើលឃើញថាបានរួមក៏ដោយ តែគម្លាតនោះនៅតែធំដដែល។ នេះតម្រូវឲ្យមានកិច្ចប្រឹងប្រែងទ្វេជាពីរ ដើម្បីលើកដម្កើងការលូតលាស់ និងធ្វើឲ្យប្រសើរដល់ការចែករំលែកផលផ្លែផ្កានៃការលូតលាស់ ដល់ជាតិនិងតំបន់ ផងដែរក្នុងចំណោមប្រទេសសមាជិក។
របៀបវារៈនៃការចរចាបានសង្កត់មកលើគោលដៅនៃការបង្កើតទីផ្សារអាស៊ានមួយតាមបែបអឺរុប ដែលមានផ្សារសេដ្ឋកិច្ចតែមួយ ក្នុងរយៈពេល៣ឆ្នាំខាងមុខ។ តែប្រទេសចូលរួមបានសារភាពថា មេដឹកនាំប្រទេសមិនអាចជៀសវាងបានទេពីការចរចាគ្នាអំពីរឿងសន្ដិសុខចាំបាច់នានា។
ហ្វីលីពីនអំពាវនាវឲ្យអាស៊ានមានគោលជំហរឯកភាពមួយចំពោះបញ្ហាសមុទ្រចិនខាងត្បូង
ទីភ្នាក់ងារព័ត៌មានបារាំង AFP រាយការណ៍ថា ប្រទេសសមាគមអាស៊ានត្រូវបង្ខំខ្លួនឲ្យប្រកាន់គោលជំហររួមអំពីការរៀបចំឲ្យមានក្រមសីលធម៌មួយ (Code of Conduct) ក្នុងគោលបំណងនឹងបន្ធូរភាពតានតឹងនៅតំបន់សមុទ្រចិនភាគខាងត្បូង។ នេះ បើតាមពាក្យរបស់ប្រធានាធិបតីហ្វីលីពីន លោក បេនិកណូ អាគីណូ (Benigno Aquino) ថ្លែងកាលពីថ្ងៃអង្គារនៅក្នុងរាជធានីភ្នំពេញ។
លោក អាគីណូ ថ្លែងប្រាប់មេដឹកនាំប្រទេសសមាជិកអាស៊ានថា គ្រឹះមូលដ្ឋាននៃក្រមសីលធម៌ត្រូវចាត់ទុកជារឿងផ្ទៃក្នុងរបស់ប្រទេសសមាជិករបស់ប្លុក។ នេះយោងទៅតាមសេចក្ដីថ្លែងការណ៍របស់ក្រសួងការបរទេសហ្វីលីពីន។
មេដឹកនាំនៃបណ្តាប្រទេសអាស៊ានបានអំពាវនាវឲ្យមានការដកហូតចេញការដាក់ទណ្ឌកម្មសេដ្ឋកិច្ចមកលើប្រទេសភូមា ក្រោយពីមានការបោះឆ្នោតជាប្រវត្ដិសាស្រ្ដ ដែលលោកស្រី អ៊ុងសានសូជី មេដឹកនាំចលនាលទ្ធិប្រជាធិបតេយ្យបានទទួលជ័យជម្នះដ៏លើសលុប។
រដ្ឋមន្ដ្រីការបរទេសឥណ្ឌូនេស៊ីដែលកាន់មុខនាទីជាប្រធានសមាគមអាស៊ានកាលពីឆ្នាំមុន បានចេញសេចក្ដីអំពាវនាវដូច្នោះ កាលពីថ្ងៃអង្គារ ក្នុងកិច្ចប្រជុំអាស៊ាននាទីក្រុងភ្នំពេញ។
លោកមានប្រសាសន៍ថា៖ «រឿងមួយដែលយើងចាប់អារម្មណ៍ខ្លាំងនៅពេលនេះ គឺ ធានាថា ការដាក់ទណ្ឌកម្មនោះប្រឆាំងមីយ៉ានម៉ា ត្រូវដកហូតចេញឲ្យបានឆាប់រហ័ស។ នេះមានសារៈសំខាន់ណាស់ ជានិមិត្ដរូបជាផលប្រយោជន៍របស់ប្រទេសមួយដែលបានចាប់ផ្ដើមដំណើរការទៅរកការផ្លាស់ប្ដូរ ហើយនៅក្នុងដំណើរការនេះត្រូវទទួលយកការគាំទ្រ។
រដ្ឋមន្ដ្រីការបរទេសខ្មែរ លោក ហោ ណាំហុង ជាប្រធានអាស៊ានបច្ចុប្បន្ន ក៏បានអំពាវនាវដល់សហគមន៍អន្ដរជាតិឲ្យពិចារណាដកហូតចេញការដាក់ទណ្ឌកម្មមកលើប្រទេសភូមាផងដែរ។
ព័ត៌មានអន្តរជាតិសំខាន់ៗដទៃទៀត៖
ចិន-អាមេរិក៖ អ្នកស្រាវជ្រាវល្បីឈ្មោះពីរនាក់ព្រមានថា យុទ្ធសាស្រ្ដមិនទុកចិត្ដគ្នាដ៏យូរអង្វែងរវាងស.រ.អ. និងចិន នឹងក្លាយទៅជារឿងធ្ងន់ធ្ងរ ទោះបីជាមានការពង្រីកការទាក់ទងគ្នាយ៉ាងលឿនក៏ដោយរវាងប្រទេសទាំងពីរ។អាមេរិក៖ បេក្ខជនប្រធានាធិបតីនៃគណបក្សសាធារណរដ្ឋ លោក មិត រ៉មនី (Mitt Romney) ហាក់ដូចជាមានសម្ទុះក្នុងការដឹកមុខក្នុងការបោះឆ្នោតបឋមនៅថ្ងៃអង្គារនេះដើម្បីទទួលការតែងតាំងជាផ្លូវការជាបេក្ខជនប្រធានាធិបតី តទល់នឹងប្រធានាធិបតីបារ៉ាក់ អូបាម៉ា ក្នុងការបោះឆ្នោតជាតិនៅខែវិច្ឆិកា។
ម៉ិកស៊ិក-អាមេរិក៖ ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ថ្លែងថា អំពើហឹង្សាពាក់ព័ន្ធនឹងគ្រឿងញៀននៅក្នុងប្រទេសម៉ិកស៊ិក អាចបណ្តាលឲ្យមានអ្វីដែលលោកហៅថា«ការប៉ះពាល់កាន់តែធ្ងន់ធ្ងរ» ដល់ទំនាក់ទំនងអាមេរិក-ម៉ិកស៊ិក។
ស៊ូដង់ខាងត្បូង៖ អគ្គលេខាធិការអ.ស.ប. លោក បានគីមូន បានអំពាវនាវដល់ក្រុមមេដឹកនាំប្រទេសស៊ូដង់ និងស៊ូដង់ខាងត្បូង ឲ្យជួបប្រជុំគ្នាឲ្យបានឆាប់រហ័ស ដើម្បីដោះស្រាយភាពតានតឹងរវាងប្រទេសទាំងពីរ តែកិច្ចប្រជុំកំណត់នៅថ្ងៃអង្គារបានត្រូវលុបចោល។
ម៉ាលី៖ ក្រុមប្រឹក្សាសន្ដិសុខអសបនឹងបើកឲ្យមានកិច្ចប្រជុំគ្រាអាសន្នជាបន្ទាន់អំពីរឿងនៅក្នុងប្រទេសម៉ាលីនៅថ្ងៃអង្គារនេះ ខណៈដែលមេដឹកនាំយោធាអ្នកធ្វើរដ្ឋប្រហារ កំពុងកាន់ក្ដោបអំណាច ហើយប្រទេសនៃតំបន់អាហ្វ្រ៊ិកខាងលិចដាក់ទណ្ឌកម្មការទូតនិងហិរញ្ញវត្ថុមកលើប្រទេសនោះ។
ឥណ្ឌា៖ ស.រ.អ.នឹងផ្ដល់ប្រាក់រង្វាន់រហូតដល់១០លានដុល្លារ ដល់រណាដែល រកឃើញជនជាតិបាគីស្ថានម្នាក់ ដែលត្រូវចោទថាជាអ្នករៀបចំផែនការវាយប្រហារដ៏ប្រល័យដោយភេរវជនក្នុងឆ្នាំ២០០៨ នៅក្នុងក្រុងមុមបៃ (Mumbai) ប្រទេសឥណ្ឌា។
ស៊ីរី៖ ក្រុមមួយរបស់អសបនឹងធ្វើដំណើរទៅដល់ប្រទសស៊ីរីក្នុងរយៈពេល៤៨ម៉ោងដើម្បីវែកញែកអំពីការដាក់រាយកងកម្លាំងការពារសន្ដិសុខ ក្នុងគោលបំណងបំបាត់អំពើឃោរឃៅធ្វើឡើងដោយការវាយបង្រ្កាបរបស់រដ្ឋាភិបាលស៊ីរី មកលើសកម្មជនអ្នកប្រឆាំងរដ្ឋាភិបាល។
វៀតណាម៖ កាកបាទក្រហមរបស់ប្រទេសវៀតណាមបានបើកយុទ្ធនាការអប់រំសាធារណជន ដើម្បីប្រយុទ្ធប្រឆាំងការរាលដាលជំងឺនៅដៃ ជើង និងមាត់ នៅក្នុងប្រទេសនេះ។