លោកអតីតប្រធានាធិបតីអាមេរិក ប៊ីល គ្លីនតុន បានផ្តល់ការណែនាំខ្លះសម្រាប់ជាប់ឆ្នោតជាថ្មីជូនលោកប្រធានាធិបតីបារ៉ាក់អូបាម៉ា ដោយលោកបានមានប្រសាសន៍ថាលោកអូបាម៉ាត្រូវការនិយាយឱ្យក្រុមអ្នកបោះឆ្នោតជឿថារដ្ឋបាលរបស់លោកបានប្រឈមមុខនឹងវិបត្តិសេដ្ឋកិច្ចអាមេរិកដែលបានរលំទៅហើយ។
ភូមា៖ កាលពីថ្ងៃច័ន្ទ លោកស្រីអោងសានស៊ូជី អ្នកជើងឯកខាងលទ្ធិប្រជាធិបតេយ្យបានប្រកាសអំពី«សម័យថ្មី»មួយសម្រាប់ភូមា ក្រោយពេលដែលលោកស្រីនិងពួកសមាជិកឯទៀតៗនៃគណបក្សលោកស្រីបានឈ្នះឆ្នោតយ៉ាងច្រើននៅក្នុងការបោះឆ្នោតសភាកាលពីថ្ងៃអាទិត្យ។
ស៊ីរី៖ លោកខូហ្វី អាណាន់ ប្រេសីតសន្តិភាពអន្តរជាតិបានមានប្រសាសន៍ថាប្រធានាធិបតីស៊ីរី បាសារ អាល់ អាសាដ បានយល់ព្រមចាប់ផ្តើមដកកងកម្លាំងពីកន្លែងតវ៉ារបស់ក្រុមប្រឆាំង ហើយនិងបញ្ចប់ការដកថយមិនឱ្យហួសពីថ្ងៃទី ១០ មេសាទេ។
ប៉ាគីស្ថាន ៖ តុលាការមួយនៅប៉ាគីស្ថានបានកាត់ទោសស្ត្រីមេម៉ាយបីនាក់របស់ខ្មោចអូសាម៉ា ប៊ីនឡាដិន Osama bin Laden ដែលជាមេដឹកនាំពួក អាល់ កៃដា និងកូនស្រីពីរនាក់របស់គាត់ពីបទរស់នៅក្នុងប្រទេសនេះដោយខុសច្បាប់ ហើយបានកាត់ទោសឱ្យពួកគេជាប់ឃុំឃាំង៤៥ថ្ងៃ។ តុលាការក៏បានបញ្ជាឱ្យបញ្ជូនពួកគេចេញពីប្រទេសផងដែរ។
ម៉ាលី៖ ពួកប្រទេសក្នុងប៉ែកខាងលិចនៃទ្វីបអាហ្វ្រិកបានដាក់កំហិតដាក់ទណ្ឌកម្មលើ ម៉ាលី ដែលនៅទីនោះពួកមេដឹកនាំរដ្ឋប្រហារបានសន្យាថានឹងធ្វើឱ្យមានការគ្រប់គ្រងស៊ីវិលវិញ តែរហូតមកដល់ពេលនេះនៅតែកាន់អំណាចតទៅទៀត។
សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ាបានសុំដល់ស៊ូដង់ខាងត្បូងឱ្យចៀសវៀងការប្រឈមមុខយោធាជាមួយប្រទេសស៊ូដង់នៅជិតខាង។
សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ាបានជួបជាមួយលោកនាយករដ្ឋមន្ត្រីកាណាដាលោកស្ទីផេន ហាផឹរ និងលោកប្រធានាធិបតីមិកស៊ីកូ លោកហ្វេលីព កាលដឹរ៉ុន នៅឯសេតវិមានកាលពីថ្ងៃច័ន្ទដើម្បីធ្វើការប្រជុំសន្និសីទកំពូលទ្វីបអាមេរិកខាងជើងដែលផ្តោតកាតរយកចិត្តទុកដាក់លើលើសេដ្ឋកិច្ចនិងសន្តិសុខក្នុងតំបន់។
ប៉ាគីស្ថាន៖ ពួកមន្ត្រីប៉ាគីស្ថានបាននិយាយថាពួកជនសកម្មប្រយុទ្ធរាប់សិបនាក់បានបើកការវាយប្រហារមួយទៅលើកន្លែងឆែកឆេរមួយរបស់ពួកយោធាប្រតិព័ទ្ធនៅប៉ាគីស្ថាន បណ្តាលឱ្យទាហានយ៉ាងតិចណាស់បីនាក់ស្លាប់។
អាហ្វហ្គានីស្ថាន៖ ពួកមន្ត្រីនៅក្នុងភាគខាងជើងអាហ្វហ្គានីស្ថានបាននិយាយថាការផ្ទុះគ្រាប់បែកពីរគ្រាប់បានបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់២៣នាក់ត្រូវរបួស ដោយមានរួមបញ្ចូលទាំងបុគ្គលិកសន្តិសុខយ៉ាងហោចណាស់៧នាក់ផងដែរ។