លោក អឹវិន ឡយ (Irwin Loy) រាយការណ៍ពីក្រុងភ្នំពេញសម្រាប់វីអូអេថាលោកការ៉េល ដឹ ហ្គុច Karel De Gucht ស្នងការពាណិជ្ជកម្មនៃសហភាពអឺរ៉ុបបានសុំឱ្យមានចំណងទាក់ទងខាងសេដ្ឋកិច្ចជិតស្និទ្ធជាងមុនរវាងសហភាពអឹរ៉ុបនិង ប្លុកអាស៊ានដែលមានសមាជិក១០ប្រទេស។
នៅក្នុងសន្និសីទមួយនៃពួកមន្ត្រីសហភាពអឺរ៉ុបនិង អាស៊ាន កាលពីថ្ងៃអាទិត្យ លោកដឹ ហ្គុច បានសុំដល់ក្រុមប្រតិភូឱ្យធ្វើឱ្យមាន «ការរីកចំរើនជាក់លាក់» អំពីកិច្ចចរចាដើម្បីឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយរវាងតំបន់ទាំងពីរនេះ។
លោក ដឹ ហ្គុច និយាយថា «យើងត្រូវការឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មទូលំទូលាយមួយក្នុងសតវត្សរ័ទី២១រវាងតំបន់យើងទាំងពីរ។ កិច្ចព្រមព្រៀងនេះគួរដោះស្រាយរបាំងទាំងឡាយដែលរារាំងការហូរនៃទំនិញ សេវាកម្មនិងការវិនិយោគរវាងតំបន់យើង។ ហើយការណ៍នេះមិនមែនមានន័យត្រឹមតែបំបាត់ពន្ធគយប៉ុណ្ណោះទេ តែត្រូវដោះស្រាយអំពីបទបញ្ញត្តិដែលរាំងស្ទះការដោះដូរទំនិញនិងសេវាកម្ម កែលម្អកិច្ចការពារកម្មសិទ្ធិបញ្ញានិងជម្រុញការចូលទីផ្សារសម្រាប់ការជួយផ្គត់ផ្គង់ទំនិញដល់រដ្ឋាភិបាល ដែលទាំងអស់នេះស្ថិតនៅក្នុងក្របខ័ណ្ឌឥទ្ធិពលច្បាប់។»
លោកដឹ ហ្គុច Gucht និយាយថាក្នុងពេលឆាប់ៗនេះសហភាពអឺរ៉ុបនឹងចាប់ផ្តើមធ្វើកិច្ចចរចាអំពីកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគីជាមួយប្រទេសវៀតណាម។សហភាពអឺរ៉ុបបានចាប់ផ្តើមធ្វើការពិភាក្សារួចហើយជាមួយប្រទេសសិង្ហបុរីនិងម៉ាលេស៊ី។ប៉ុន្តែលោក ដឹ ហ្គុចDe Guchtបាននិយាយថាគោលដៅគឺធ្វើឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីមួយជាមួយប្លុកអាស៊ាន bloc ASEAN ទាំងមូល។
ភូមា៖ ក្រុមអ្នកគាំទ្រលោកស្រីអោងសានស៊ូជី មេដឹកនាំលទ្ធិប្រជាធិបតេយ្យភូមា ដែលបានចំណាយពេលច្រើនបំផុតក្នុង២ទសវត្សរ៍កន្លងទៅនេះស្ថិតនៅក្នុងការឃុំឃាំងក្នុងផ្ទះតាមបញ្ជារបស់ពួកយោធាបាននិយាយថាលោកស្រីបានឈ្នះឆ្នោតទទួលកៅអីមួយកាលពីថ្ងៃអាទិត្យនៅក្នុងសភាជាន់ទាបភូមា។
គណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យរបស់ម្ចាស់ជ័យលាភីរង្វាន់ណូបែលរូបនេះបានប្រកាសជ័យជំនះនេះក្នុងរយៈពេលដ៏ខ្លី ក្រោយស្ថានីយ៍បោះឆ្នោតបានបិទទ្វារនៅក្នុងការបោះឆ្នោតនៅភូមាកាលពីយប់ថ្ងៃអាទិត្យ ដោយនិយាយថាលោកស្រីបានឈ្នះឆ្នោតក្នុងតំបន់ កាវមូ ដែលជាតំបន់ដាំស្រូវមួយនៅខាងត្បូងក្រុងរ៉ង់ហ្គូន ដោយយកជ័យជំនះលើបេក្ខជនប្រជែង២នាក់។ ពួកអ្នកឃើញហេតុការណ៍ដោយផ្ទាល់បាននិយាយថាពួកអ្នកគាំទ្រលោកស្រីរាប់រយនាក់បានអបអរសាទរ នៅពេលគេប្រកាសអំពីជ័យជំនះលោកស្រីនៅក្នុងក្រុងរ៉ង់ហ្គូន។
បើជ័យជំនះរបស់លោកស្រីអោងសានស៊ូជីបានត្រូវបញ្ជាក់ថាពិតមែន ជ័យជំនះនេះជាព្រឹត្តិការណ៍ធំមួយនៅក្នុងប្រទេសក្នុងទ្វីបអាស៊ីអាគ្នេយ៍នេះ ដែលបានស្ថិតនៅក្រោមការគ្រប់គ្រងយោធាជិតពាក់កណ្តាលសតវត្សរ៍រហូតដល់រដ្ឋាភិបាលស៊ីវិលថ្មីមួយទ្បើងមកកាន់អំណាចកាលពីឆ្នាំទៅមិញ។
លោកស្រីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកហ៊ីឡារី គ្លីនតុន ដែលបានមានប្រសាសន៍ពីក្រុងអ៊ីស្តង់ប៊ុល បានសម្តែងសុទិដ្ឋិនិយមដោយប្រុងប្រយ័ត្ន។
ស៊ីរី៖ ពួកអ្នកចូលរួមក្នុងសន្និសីទនៃ «ពួកមិត្តរបស់ប្រទេសស៊ីរី» កាលពីថ្ងៃអាទិត្យក្នុងក្រុងប្រទេសតួកគីនិយាយថាប្រទេសជាតិមួយចំនួនក្នុងតំបន់ឈូងសមុទ្រនឹងផលប្រាក់រាប់លានដុល្លារដល់ក្រុមប្រឹក្សាជាតិស៊ីរី ដែលជាក្រុមប្រឆាំងធំជាងគេដើម្បីបង់ប្រាក់បៀវត្សឱ្យដល់ពួកឧទ្ទាមដែលបានខិតខំព្យាយាមទម្លាក់ប្រធានាធិបតីស៊ីរី Bashar al-Assad ពីតំណែង។
ស៊ូដង់ខាងត្បូង៖ បានចោទប្រកាន់ស៊ូដង់ថាបានធ្វើសង្គ្រាម ហើយបានធ្វើឱ្យខកខានដល់កិច្ចចរចាសន្តិភាពរបស់សហភាពអាហ្វ្រិកដែលមានគោលដៅទប់មិនឱ្យមានកំណើនការប៉ះទង្គិចគ្នាតាមព្រំដែន។
រុស្ស៊ី៖ ពួកប៉ូលីសរុស្ស៊ីបាននិយាយថាពួកគេបានចាប់ខ្លួនពួកអ្នកគាំទ្រក្រុមប្រឆាំង៥៥នាក់នៅជិតទីលានក្រហមនៃក្រុងម៉ូស្គូដើម្បីបញ្ចៀសមិនឱ្យមានការធ្វើការប្រជុំមហាជនប្រឆាំងនឹងរដ្ឋាភិបាលដែលគ្មានការអនុញ្ញាតនៅទីនោះ។
ម៉ាលី៖ ព្រឹត្តិការណ៍ក្នុងប្រទេសម៉ាលីបានប្រែប្រួលយ៉ាងឆាប់រហ័សនៅពេលដែលពួកយោធាបាននិយាយថាពួកគេបានធ្វើឱ្យមានរដ្ឋធម្មនុញ្ញទ្បើងវិញ ហើយពួកឧទ្ទាមទួរេក បានបញ្ចប់ការវាយដណ្តើមយកក្រុងធំៗក្នុងភាគខាងជើងប្រទេស។