ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

រដ្ឋាភិបាល​ស៊ីរី​បដិសេធ​ការ​ចោទប្រកាន់​ក្នុង​ការ​សម្លាប់​រង្គាល​នៅ​ខេត្ត​ហ៊ូឡា​


រដ្ឋាភិបាល​ស៊ីរី​បាន​បដិសេធ​ថា​ពួក​ទាហាន​ខ្លួន​មិន​បាន​សម្លាប់​រង្គាល​មនុស្ស​យ៉ាង​តិច​ណាស់​៩២​នាក់​ដែល​មួយ​ភាគ​បីជា​ពួក​កុមារ​កាល​ពី​ថ្ងៃ​សុក្រ​នៅ​ក្នុង​ក្រុង​ហ៊ូឡា​ Houla ​ទេ។​

លោកជីហាដ​ ម៉ាកឌីស៊ី​ Jihad Makdissi ​អ្នកនាំ​ពាក្យ​នៃ​ក្រសួង​ការ​បរទេស​ស៊ីរី​បាន​ហៅ​ការ​ចោទ​ប្រកាន់​ប្រឆាំង​នឹង​រដ្ឋាភិបាល​នៃ​ប្រទេស​ស៊ីរី​ថា​ជា​«​រលក​សមុទ្រ​ស៊ូណាមី​ tsunami ​នៃ​ការ​ភូត​កុហក»។​លោក​បាន​បន្ទោស​«ពួក​ភេរវជន»ប្រដាប់​អាវុធ​ធុនធ្ងន់ដោយ​លោក​បាន​អះអាង​ថា​ពួក​គេ​បាន​វាយ​ប្រហារ​ក្រុម​ទាហាន។​

ពួក​អ្នក​សង្កេតការណ៍​អ.ស.ប.​បាននិយាយ​ថា​កាំភ្លើង​ធំ​និង​កង​រថក្រោះ​បាន​ត្រូវ​ប្រើប្រាស់​ដើម្បី​បាញ់​ផ្តក់​លើក្រុង​ហ៊ូឡា Houla ​ដែល​ឋិត​នៅ​ទិស​ពាយ័ព្យ​ក្រុង​ ហូម​Homs​ នៅ​ភាគ​កណ្តាល​ប្រទេស​ស៊ីរី។​

លោក​ ម៉ាកឌីស៊ី​Makdissi បាន​និយាយ​ថា​ពួក​ទាហាន​បាន​តប​តដើម្បី​ការពារ​ទី​តាំង​របស់​ពួក​គេ​ ក៏​ប៉ុន្តែ​បាន​បដិសេធ​ថា​ពួក​គេមិន​បាន​ប្រើកាំភ្លើង​ធំ​និង​រថ​ក្រោះ​នោះ​ទេ។​

ការ​សម្លាប់​រង្គាល​នៅ​ ហ៊ូឡា​Houla ​ត្រូវ​បាន​កត់​សម្គាល់​ថា​ជាការ​វាយ​ប្រហារ​ដ៏​ប្រល័យ​បំផុត​ចាប់​តាំង​ពី​ការ​បះបោរប្រឆាំង​នឹង​រដ្ឋាភិបាល​ស៊ីរី​បាន​ចាប់​ផ្តើម​ប្រមាណ​១៥​ខែ​មុន​នេះ។

អង់គ្លេស៖ ទីភ្នាក់ងារ​ព័ត៌មាន​ AP ​បាន​ផ្សាយពី​ក្រុង​ ឡុងដ៍​Londres ​ថា​លោក​ វិល្លៀម ហេគ​William Hague ​រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេស​បាន​មាន​ប្រសាសន៍​ថា​លោក​នឹង​កោះ​ហៅ​អ្នក​ការទូត​ជាន់​ខ្ពស់​បំផុត​របស់​ស៊ីរី​នៅ​ក្នុង​ប្រទេស​អង់គ្លេស​ឱ្យ​ទៅ​កាន់​ក្រសួង​ការបរទេស​ដើម្បី​តវ៉ា​អំពី​ការវាយប្រហារ​លើ​ភូមិ​មួយ​ចំនួន​ដែល​បាន​បណ្តាល​ឱ្យ​មនុស្ស​មួយ​ចំនួន​ស្លាប់។

អាហ្វហ្កានិស្ថាន៖ លោក​ប្រធានាធិបតី​អាហ្វហ្កានិស្ថានហាមីដ កាហ្សាយ​Hamid Karzai បាន​បញ្ជា​ឱ្យ​មាន​ការ​ស៊ើបអង្កេត​អំពី​ការ​វាយ​ប្រហារ​តាម​អាកាស​មួយ​របស់​ក្រុម​ចម្រុះ​ដែល​ពួក​មន្ត្រី​បាន​និយាយ​ថា​បាន​បណ្តាល​ឱ្យ​គ្រួសារ​មួយ​មាន​សមាជិក​៨​នាក់​ស្លាប់​នៅ​ក្នុង​ខេត្ត​ប៉ាទិកា​Paktia ​នៅ​ភាគ​ខាង​កើត​ប្រទេស​ដែល​នៅ​ទី​នោះ​ក្រុម​ទាហាន​រដ្ឋាភិបាល​អាហ្វហ្កានិស្ថាន​និង​ពួក​ទាហាន​អន្តរជាតិ​ខិត​ខំ​ព្យាយាម​បង្ក្រាប​ការ​បះបោរ​ដោយ​ពួក​តាលីបាន។​

ម៉ាលី៖ ពួក​ឧទ្ទាម ទួរេគ​Tuareg ​និង​និកាយ​អ៊ីស្លាម​សកម្មប្រយុទ្ធ​មួយ​ក្នុង​ប្រទេស​ម៉ាលី​បាន​និយាយ​ថា​ពួក​គេ​បាន​រួម​កម្លាំង​គ្នា​ដើម្បី​បង្កើត​រដ្ឋ​ឯករាជ្យ​អ៊ីស្លាម​មួយ​នៅ​ផ្នែក​ខាង​ជើង​ប្រទេស។​

ចរជី៖ មនុស្ស​រាប់​ម៉ឺន​នាក់​បាន​ធ្វើការ​ប្រជុំ​មហាជន​នៅ​ក្នុង​រដ្ឋធានី​តៈប៊ីលីស៊ី​Tbilisi ​នៃ​ប្រទេស​ ចរជី​Georgie ​ដើម្បី​បង្ហាញ​ការ​គាំទ្រ​របស់​ពួក​គេ​ដល់​ការ​ប្រឹង​ប្រែង​របស់​ពួក​ប្រឆាំង​ដើម្បី​ដក​គណបក្ស​គ្រប់គ្រង​ប្រទេស​របស់​លោក​ប្រធានាធិបតី មីខេល សាកាស្វ៊ីលី​Mikhail Saakashvili​នៅ​ក្នុង​ការ​បោះឆ្នោត​ក្នុង​ពេល​ខាង​មុខ​នេះ។​

ស៊ុយអែដ៖ អ្នក​ចម្រៀង​ស្រី​ជនជាតិ​ស៊ុយអែដ​Suede ​ឈ្មោះ​ Loreen ​បាន​ឈ្នះ​ក្នុង​ការ​ប្រកួត​ចម្រៀង​ Eurovision​ឆ្នាំ​២០១២​ក្នុង​ក្រុង​បាគូ Baku ​ប្រទេស​អាហ្សេ​បៃហ្សង់​Azerbaijan។​

ប៉ាគិស្ថាន៖ ពួក​មន្ត្រី​ប៉ាគិស្ថាន​បាន​និយាយ​ថា​គ្រាប់​បែក​មួយ​គ្រាប់់​ដែល​បាន​ត្រូវ​បញ្ជា​ពី​ចម្ងាយ​បាន​ផ្ទុះ​នៅ​ជិត​រថយន្ត​១២​កៅអីមួយ​គ្រឿង​របស់​ប៉ូលីសនៅ​ភាគ​និរតី​ប្រទេស​កាល​ពី​ថ្ងៃ​អាទិត្យ​បណ្តាល​ឱ្យ​អ្នក​នៅ​ជិត​ទី​នោះ​បីនាក់​ស្លាប់​ហើយ​បាន​ធ្វើ​ឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​ម្នាក់​ទៀត​ត្រូវ​របួស។

XS
SM
MD
LG