ប្រទេសហ្វីលីពីនចោទប្រកាន់ប្រទេសចិនថា កំពុងបញ្ជូនកងនាវារបស់រដ្ឋាភិបាលនិងនាវានេសាទបន្ថែមទៀតចូលទៅក្នុងតំបន់ជម្លោះក្នុងសមុទ្រចិនខាងត្បូង។ នេះគឺជាចំណាត់ការមួយដែលរដ្ឋាភិបាលក្រុងម៉ានីលនិយាយថា ធ្វើឱ្យកើនឡើងការប្រឈមមុខគ្នាដែលមានរយៈពេលពីរខែមកហើយ។
លោក Raul Hernandez អ្នកនាំពាក្យក្រសួងការបរទេសហ្វីលីពីនបាននិយាយកាលពីថ្ងៃពុធថាមាននាវាចិនជិត១០០គ្រឿងបានចូលមកក្នុងតំបន់ Scarborough។ លោកបានបន្ថែមថា គេសង្កេតឃើញថា នាវាខ្លះក្នុងចំណោមនោះមកនេសាទត្រីបើទោះបីជាមានការប្រកាសហាមឃាត់នាពេលថ្មីៗនេះដោយប្រទេសទាំងពីរក៏ដោយ។
លោក Hernandez បានអំពាវនាវឱ្យប្រទេសចិនដកកងនាវាជាបន្ទាន់ ដោយនិយាយថា ទីក្រុងម៉ានីលបានដាក់ពាក្យតវ៉ាជាផ្លូវការមួយទៅស្ថានទូតចិនចំពោះការបង្កើនកងទ័ពនេះហើយ។ លោកមានប្រសាសន៍ថា ការចរចាកំពុងតែបន្តមានដើម្បីដោះស្រាយជម្លោះនេះ។
ប្រទេសចិននិងហ្វីលីពីនបានដាក់បំរាមដោយឡែកៗពីគ្នាកាលពីសប្តាហ៍មុនលើការនេសាទក្នុងតំបន់នោះ ដើម្បីជាការព្យាយាមកាត់បន្ថយភាពតានតឹងលើតំបន់ថ្មក្រោមទឹកនោះ ដោយសារប្រទេសទាំងពីរបានទាមទារកម្មសិទ្ធិ។
ព័ត៌មានអន្តរជាតិសំខាន់ៗដទៃទៀត៖
អេហ្ស៊ីប៖ មានពលរដ្ឋអេហ្ស៊ីបរាប់លាននាក់បានឈរតម្រង់ជួរយ៉ាងវែងនៅថ្ងៃពុធនេះដើម្បីបោះឆ្នោតជាលើកដំបូងជ្រើសរើសប្រធានាធិបតី ចាប់តាំងពីលោកប្រធានាធិបតីហ៊ូស្នី មូបារ៉ាក់ (Hosni Mubarak) បានលាឈប់ពីតំណែងកាលពីឆ្នាំមុនដោយសារតែមានការតវ៉ាយ៉ាងច្រើនសន្ធឹកសន្ធាប់។
ស៊ីរី៖ ក្រុមសកម្មជននិយាយថា កងកម្លាំងទ័ពស៊ីរីបានបាញ់ផ្លោងដាក់ទីតាំងក្រុមប្រឆាំងក្នុងទីក្រុង Rastan ហើយមានមនុស្សយ៉ាងហោចណាស់៦នាក់បានស្លាប់ក្នុងការបះបោរប្រឆាំងរដ្ឋាភិបាលនៅកន្លែងជាច្រើនក្នុងផ្ទៃប្រទេស។
សេដ្ឋកិច្ចអាស៊ី៖ ធនាគារពិភពលោកនិយាយថា ការរីកលូតលាស់សេដ្ឋកិច្ចក្នុងចំណោមប្រទេសកំពុងអភិវឌ្ឍនៅតំបន់អាស៊ីបូព៌ានៅតែមានកម្រិតខ្លាំងដដែល ប៉ុន្តែបានធ្វើការព្រមានថា បណ្តាប្រទេសទាំងនោះត្រូវកាត់បន្ថយការពឹងពាក់លើការនាំចេញដោយសារតែការថយចុះនៃសេដ្ឋកិច្ចពិភពលោកនៅបន្តកើតឡើង។
ប៉ាគីស្ថាន៖ មន្ត្រីស៊ើបការណ៍សម្ងាត់របស់ប្រទេសប៉ាគីស្ថាននិយាយថា ការវាយប្រហារដោយយន្តហោះស៊ើបការណ៍ដ្រូន (drone) របស់សហរដ្ឋអាមេរិកបានសម្លាប់ជនសង្ស័យជាសកម្មជនយោធាបួននាក់ក្នុងភាគពាយ័ព្យប្រទេសប៉ាគីស្ថាន។
អ៊ីរ៉ង់៖ ការចរចារវាងក្រុមប្រទេសមហាអំណាចពិភពលោកនិងប្រទេសអ៊ីរ៉ង់បានចាប់ផ្តើមហើយក្នុងទីក្រុងបាកដាដក្នុងកិច្ចខិតខំប្រឹងប្រែងចរចាឱ្យមានកិច្ចព្រមព្រៀងលើជម្លោះទាក់ទងនឹងកម្មវិធីអាវុធបរិមាណូដ៏ចម្រូងចម្រាស់របស់ប្រទេសអ៊ីរ៉ង់។
អឺរ៉ុប៖ ក្រុមមេដឹកនាំនៃក្រុមប្រទេសចំនួន២៧ដែលរួមគ្នាបង្កើតសហភាពអឺរ៉ុបនឹងជួបប្រជុំគ្នានៅទីក្រុងព្រុចសែលប្រទេសប៊ែលហ្ស៊ិកនៅថ្ងៃពុធនេះ ក្នុងកិច្ចប្រជុំកំពូលមួយដែលមានគោលបំណងដោះស្រាយវិបត្តិប្រាក់បំណុលដែលកំពុងគំរាមកំហែងដល់ការស្ថិតស្ថេរនៃសហភាពអឺរ៉ុប។
ព័ត៌មានចុងក្រោយអំពីយុទ្ធនាការបោះឆ្នោតនៅអាមេរិក៖