ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ៊ឺរ៉ុប​ចង់​ឲ្យ​ក្រិច​បន្ត​នៅ​ក្នុង​តំបន់​ប្រើប្រាស់​ប្រាក់​អឺរ៉ូ​


ប្រមុខ​នៃ​ក្រុម​ប្រទេស​ G-8 ​ដែល​មាន​ឧស្សាហកម្ម​នាំ​មុខ​គេ​ក្នុង​ពិភព​លោក​
ប្រមុខ​នៃ​ក្រុម​ប្រទេស​ G-8 ​ដែល​មាន​ឧស្សាហកម្ម​នាំ​មុខ​គេ​ក្នុង​ពិភព​លោក​

ពួក​ប្រមុខ​នៃ​ក្រុម​ប្រទេស​ G-8 ​ដែល​មាន​ឧស្សាហកម្ម​នាំ​មុខ​គេ​ក្នុង​ពិភព​លោក​បាន​និយាយ​ថា​ការ​ឧបត្ថម្ភ​ផ្ចុង​ផ្តើម​ការ​លូត​លាស់​និង​ការ​ងារ​ជា​"ការ​ចាំ​បាច់"​របស់​ពួក​គេ​នៅ​ពេល​ដែល​ពួក​គេ​ស្វះស្វែង​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​នៃ​ប្រទេស​ពួក​គេ​លូតលាស់​ជា​ថ្មី​ទ្បើង​វិញ​នៅ​ក្នុង​ការប្រឈម​មុខ​នឹង​វិបត្តិ​ជំពាក់​បំណុល​ក្នុងទ្វីប​អឺរ៉ុប។កាល​ពី​ថ្ងៃ​សៅរ៍​ ពួក​មេដឹកនាំ​នៃ​ក្រុម​ប្រទេស​ G-8 ​ក៏​បានសម្តែង​បំណង​របស់​ពួក​គេ​ចង់ឱ្យ​ប្រទេស​ក្រិក​ឋិត​នៅ​ក្នុង​តំបន់​ប្រើប្រាស់​ប្រាក់​អឺរ៉ូនិង​ធ្វើ​តាម​ការ​សន្យា​របស់​ផង​ខ្លួន។

លោកស្រី​ អែនជឺឡា ម៉ាក់ខែល (Angela Merkel) អធិការបតី​នៃ​ប្រទេស​អាល្លឺម៉ង់​ដែល​ប្រទេស​ជាតិ​របស់​លោក​ស្រី​បាន​ជំរុញ​ឱ្យ​មាន​វិធានការ​ចំណាយ​ត្បិតត្បៀត​សម្រាប់​ប្រទេស​មាន​ប្រាក់​បំណុល​ច្រើន​ដូច​ជា​ប្រទេស​ក្រិក​ជា​ដើម​ បាន​មាន​ប្រសាសន៍​ថា​ពួក​មេដឹកនាំ​ទាំង​អស់​បាន​យល់​ស្រប​គ្នា​ថា​វិន័យ​ខាង​សារពើ​ពន្ធ​ត្រូវ​តែ​មាន​តុល្យភាព​ជា​មួយ​កិច្ច​ខិតខំប្រឹង​ប្រែង​ដើម្បី​លើក​ទឹក​ចិត្ត​ការ​លូត​លាស់។

ចិន៖ សកម្មជន​ចិន​ ឆិន កុងឆិន (Chen Guangcheng) និង​ភរិយា​និង​កូន​ពីរ​នាក់​របស់​លោក​បាន​ធ្វើ​ដំណើរ​ចាក​ចេញ​ពី​ប្រទេស​ចិន​ហើយ​តាម​យន្តហោះ​មួយ​គ្រឿង​ដែល​ហោះ​មក​កាន់​ស.រ.អ.។​ការ​ចាក​ចេញ​របស់​សកម្មជន​ពិការ​ភ្នែករូប​នេះ​កំណត់​ការ​បញ្ចប់​ជម្លោះ​ខាង​ការ​ទូត​មួយ​ខែ​រវាង​ប្រទេស​ជាតិ​ទាំង​ពីរ​ដែល​បាន​កើត​មាន​ទ្បើង​ក្រោយ​ការ​រត់​គេច​ខ្លួន​របស់​លោក​ ឆិន ពី​ការ​ជាប់​ឃុំឃាំង​នៅ​ក្នុង​ផ្ទះ។

សហរដ្ឋអាមេរិក៖ បាតុករ​បី​នាក់ដែល​បាន​ត្រូវ​ចាប់​ខ្លួន​នៅ​ពេល​មាន​កិច្ច​ការពារ​សន្តិសុខ​តឹង​រ៉ឹង​នៅ​មុន​ការ​ប្រជុំ​សន្និសីទ​កំពូល​នៃ​អង្គការ​អូតង់​ក្នុង​ក្រុង​ Chicago ​បានត្រូវ​ចោទ​ប្រកាន់​ពី​បទ​ប្រព្រឹត្ត​ភេរវកម្ម​ពី​ព្រោះ​មាន​គ្រឿង​ផ្ទុះ។

ស៊ីរី៖ ចំនួន​មនុស្ស​ស្លាប់​បាន​កើន​ទ្បើង​នៅ​ក្រោយ​ការ​បំផ្ទុះ​គ្រាប់បែក​អត្តឃាត​មួយ​ទៀត​ដែល​យក​ពួក​យោធា​របស់​រដ្ឋាភិបាល​ស៊ីរី​ជា​ទី​ដៅ​នៃ​ការ​វាយ​ប្រហារ។នៅ​ពេល​នេះ​មាន​មនុស្ស​៩​នាក់​បាន​បាត់បង់ជីវិត​ហើយ​ជាង​១០០​នាក់​ទៀត​បាន​ត្រូវ​របួស​នៅ​ក្រោយ​អ្នក​វាយ​ប្រហារ​អត្តឃាត​ម្នាក់​បាន​បំផ្ទុះ​គ្រាប់​បែក​ក្នុង​ទ្បាន​មួយ​គ្រឿង​នៅ​ក្នុង​ក្រុង ដែរ អឺល សូ (Deir el-Zour) នា​ផ្នែក​ខាង​កើត​នៃ​ប្រទេសស៊ីរី​កាល​ពី​ថ្ងៃ​សៅរ៍។

ថៃ៖ ក្រុមបាតុករ​រាប់​ម៉ឺន​នាក់​បាន​ប្រមូល​ផ្តុំ​គ្នា​ក្នុង​រាជធានី​បាងកក​នៃ​ប្រទេស​ថៃ​ដើម្បី​កំណត់​ខួប​ឆ្នាំ​ទី​ពីរ​នៃ​ការ​ប៉ះទង្កិច​គ្នា​ដ៏​ប្រល័យ​រវាង​ក្រុម​យោធា​ថៃ​និង​អ្វី​ដែល​ហៅ​ថា​ពួក​បាតុករ​អាវ​ក្រហម។

អាហ្វហ្គានីស្ថាន៖ អាជ្ញាធរ​នៃ​ប្រទេសអាហ្វហ្កានិស្ថាន​បាន​និយាយ​ថាអ្នក​ដាក់​គ្រាប់​បែក​អត្តឃាត​ម្នាក់​បាន​បំផ្ទុះ​ខ្លួន​ឯង​នៅ​ឯ​កន្លែង​ប៉ូលីស​ឆែកឆេរ​មួយ​ក្នុង​ខែត្រ​ Khost ​នា​ប៉ែក​ខាង​កើត​ប្រទេស​កាល​ពី​ថ្ងៃ​សៅរ៍​នាំ​ឱ្យ​មនុស្ស​១៣​នាក់​ស្លាប់​ហើយ​ធ្វើឱ្យ​មនុស្ស​យ៉ាង​តិច​ណាស់​៦​នាក់់​ទៀត​ត្រូវ​របួស។

XS
SM
MD
LG