សហរដ្ឋអាមេរិកបានប្រកាសថាដំណាក់ការថ្មីនៅក្នុងទំនាក់ទំនងរបស់ខ្លួនជាមួយប្រទេសភូមា ដោយផ្អាកការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទាំងអស់ហើយនិងតែងតាំងឯកអគ្គរដ្ឋទូតលើកដំបូងរបស់សហរដ្ឋអាមេរិកប្រចាំនៅប្រទេសក្នុងភូមិភាគអាស៊ីអគ្នេយ៍មួយនេះ នៅក្នុងរយៈពេលជាង២០ឆ្នាំនេះ។
រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោកស្រី ហ៊ីឡារី គ្លីនតុន (Hillary Clinton) បានធ្វើការប្រកាសកាលពីថ្ងៃព្រហស្បត៍ជាមួយរដ្ឋមន្រ្តីការបរទេសភូមាលោក វ៉ូនណា ម៉ោង ល្វីន (Wunna Maung Lwin) ដែលកំពុងបំពេញទស្សនកិច្ចនៅស.រ.អា ដែលលោកជាមន្រ្តីទីមួយរបស់ប្រទេសនោះដែលបានបំពេញទស្សនកិច្ចក្នុងរដ្ឋធានីវ៉ាស៊ីនតោន (Washington) ក្នុងរយៈពេលប៉ុន្មានទសវត្សរ៍នេះ។
លោកស្រីមានប្រសាសន៍ថា នៅថ្ងៃនេះយើងនិយាយទៅកាន់ពាណិជ្ជករអាមេរិកាំងពីការវិនិយោគទុននៅក្នុងប្រទេសភូមាហើយធ្វើការវិនិយោគនោះដោយមានការទទួលខុសត្រូវ។ ធ្វើជាភ្នាក់ងារនាំការផ្លាស់ប្តូរប្រកបដោយវិជ្ជមានហើយនិងពាណិជ្ជករដ៏ល្អ។ ចូរយើងទាំងអស់គ្នាធ្វើការជាមួយគ្នាដើម្បីបង្កើតការងារ កលានុវត្តភាព ហើយនិងគាំទ្រកំណែទម្រង់។
ព័ត៌មានអន្តរជាតិសំខាន់ៗផ្សេងទៀត៖
ស៊ីរី៖ ស៊ីរីបានប្រុងប្រៀបទប់ទល់នឹងការប្រឆាំងតវ៉ារបស់ពួកប្រឆាំងនៅថ្ងៃសុក្រនេះនៅពេលដែលមន្រ្តីអង្គការសហប្រជាជាតិបានសម្តែងនូវសេចក្តីព្រួយបារម្ភថាពួកអាល កៃដា (al-Qaida) អាចដើរតួនាទីដ៏សំខាន់នៅក្នុងការវាយប្រហារកាលពីពេលថ្មីៗនេះដែលបានធ្វើឲ្យកិច្ចព្រមព្រៀងឈប់បាញ់គ្នាដ៏ប្រេះស្រួយនេះកាន់តែយ៉ាប់យឺនទៅ។
ស.រ.អា៖ លោកប្រធានាធិបតី បារ៉ាក់ អូបាម៉ា កំពុងធ្វើជាម្ចាស់ផ្ទះរៀបចំទទួលមេដឹកនាំពិភពលោកនៅសន្និសីទកំពូល ជាទីដែលបញ្ហាប្រទេសអាហ្វហ្គានីស្ថាន អ៊ីរ៉ង់និងសេដ្ឋកិច្ចសកលលោកត្រូវបានរំពឹងថានឹងយកមកពិភាក្សា។ចិន/ស.រ.អា៖ ចិនបានរិះគន់ការដាក់ពន្ធទប់ទល់នឹងការលក់បង្ខូចថ្លៃរបស់សហរដ្ឋអាមេរិកលើបន្ទះស្រូបកំដៅព្រះអាទិត្យរបស់ចិន ដោយកំពុងបង្កើនភាពតានតឹងខាងពាណិជ្ជកម្មរវាងសេដ្ឋកិច្ចដ៏ធំទាំងពីររបស់ពិភពលោក។
ស.រ.អា/អ៊ីរ៉ង់៖ បេសកជនសហរដ្ឋអាមេរិកប្រចាំប្រទេសអ៊ីស្រាអែលបាននិយាយនៅសប្តាហ៍នេះថារដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោន (Washington) មានបំណងប្រើកម្លាំងយោធាប្រសិនបើចាំបាច់ដើម្បីបញ្ឈប់អ៊ីរ៉ង់កុំឲ្យបានទទួលអាវុធនុយក្លែអ៊ែរហើយមានផែនការរួចទៅហើយក្នុងការវាយប្រហារ។
ចិន៖ អ្នកនិរទេសនាំមុខមួយក្រុមបានឲ្យដឹងថា ការបង្ក្រាបរបស់អាជ្ញាធរចិននៅក្នុងតំបន់ស្វយ័តទីបេ កំពុងប្រែក្លាយវត្តអារ៉ាមនិងអាវាសដូនជីព្រះពុទ្ធសាសនាដែលជាទីកន្លែងគោរពបូជាទៅជាកន្លែងដែលគ្របដណ្តប់ដោយការឃោសនារបស់រដ្ឋចិន។
អាហ្វហ្គានីស្ថាន៖ អង្គការអូតង់បានប្រាប់ឲ្យដឹងថា ការវាយប្រហាររបស់ពួកបះបោរក្នុងភាគខាងកើតនៃប្រទេសអាហ្វហ្គានីស្ថានបានសម្លាប់កងទ័ពចម្រុះអន្តរជាតិ២នាក់។
សេដ្ឋកិច្ច៖ Facebook ដែលជាគេហទំព័របណ្តាញទំនាក់ទំនងសង្គមដ៏ធំបង្អស់របស់ពិភពលោក នឹងបញ្ចប់ការរង់ចាំរបស់ខ្លួននៅថ្ងៃនេះ នៅពេលដែលខ្លួនដាក់លក់ភាគហ៊ុនជាសាធារណៈនៅថ្ងៃសុក្រនេះ។