ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្នុង​បទ​សម្ភាសន៍​ដ៏​កម្រ​មួយ ប្រធានាធិបតី​ស៊ីរី​ទម្លាក់​កំហុស​លើ​ពួក​«ភេរវជន»ចំពោះ​អំពើ​ហិង្សា


លោក បាសា អាល អាសាដ (Bashar al-Assad) ប្រធានាធិបតី​នៃ​ប្រទេស​ស៊ីរី​
លោក បាសា អាល អាសាដ (Bashar al-Assad) ប្រធានាធិបតី​នៃ​ប្រទេស​ស៊ីរី​

លោក បាសា អាល អាសាដ (Bashar al-Assad) ប្រធានាធិបតី​នៃ​ប្រទេស​ស៊ីរី​ថ្លែង​ក្នុង​បទ​សម្ភាសន៍​តាម​ទូរទស្សន៍​ដ៏​កម្រ​មួយ ដែល​ថា​ រដ្ឋាភិបាល​របស់​លោក​កំពុង​តែ​ប្រយុទ្ធ​ទល់​នឹង​ពួក​ភេរវជន​ដែល​គាំទ្រ​ដោយ​បរទេស​ មិនមែន​សកម្មជន​កាន់​លិទ្ធិ​ប្រជាធិបតេយ្យ​ទេ។ នេះ​ជា​ផ្នែក​មួយ​នៃ​ការ​បង្រ្កាប​រយ:ពេល​១៤​ខែ​របស់​លោក​ទៅ​លើ​ការ​បះបោរ​របស់​ក្រុម​ជំទាស់។

កិច្ច​សម្ភាសន៍​ជាមួយ​ទូរទស្សន៍​រុស្ស៊ី​នេះ ស​ឱ្យ​ឃើញ​ថា​ លោក អាសាដ គ្មាន​បំណង​នឹង​បញ្ចប់​ការ​បង្រ្កាប​យ៉ាង​ប្រល័យ​របស់​លោក​ទៅ​លើ​ក្រុម​ប្រឆាំង​ទេ ទោះ​បី​ជា​មាន​ការ​ថ្កោលទោស​ជា​អន្តរជាតិ និង​មាន​ផែនការ​សន្ដិភាព​ដែល​អំពាវនាវ​ឱ្យ​មាន​បទ​ឈប់​បាញ់​ក៏​ដោយ។

ព័ត៌មាន​អន្តរជាតិ​សំខាន់ៗ​ផ្សេង​ទៀត៖

មេ​ដឹកនាំ​ប្រទេស​ចិន កូរ៉េ​ខាង​ត្បូង និង​ជប៉ុន នៅ​ក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ទី​១៣ ឧសភា។
មេ​ដឹកនាំ​ប្រទេស​ចិន កូរ៉េ​ខាង​ត្បូង និង​ជប៉ុន នៅ​ក្រុង​ប៉េកាំង​កាល​ពី​ថ្ងៃ​ទី​១៣ ឧសភា។

ឧបទ្វីប​កូរ៉េ៖ ប្រទេស​កូរ៉េ​ខាងត្បូង​ឲ្យ​ដឹង​ថា ខ្លួន​នឹង​ធ្វើ​ការ​ចរចា​ផ្លូវ​ការទូត​ជាន់​ខ្ពស់​មួយ ជាមួយ​ប្រទេស​ជប៉ុន​និង​ស.រ.អា​នៅ​អាទិត្យ​ក្រោយ​នេះ​ ស្ដី​អំពី​ប្រទេស​កូរ៉េ​ខាងជើង។

ចិន/កូរ៉េ​ខាងជើង៖ អ្នក​នេសាទ​ត្រី​ជាតិ​ចិន​២៩​នាក់​ត្រូវ​បាន​គេ​ចាប់​ជម្រិត​ទារ​ប្រាក់​លោះ។ អ្នក​នេសាទ​ត្រី​ទាំង​នោះ​ត្រូវ​ពួក​ជនជាតិ​កូរ៉េ​ខាង​ជើង​ចាប់​ជម្រិត​នៅ​ដើម​ខែ​នេះ​នៅ​សមុទ្រ​លឿង។

ចិន៖ លោក ឆិន កាំងឆេង (Chen Guangcheng)សកម្មជន​ជាតិ​ចិន​និយាយ​ថា​ លោក​និង​គ្រួសារ​នឹង​បាន​ទទួល​លិខិត​ឆ្លង​ដែន​សម្រាប់​ចេញ​ពី​ប្រទេស​ចិន​ក្នុង​រយ:ពេល​ពីរ​អាទិត្យ​ខាង​មុខ​នេះ។

ម៉ុងហ្គោលី៖ នៅ​ថ្ងៃ​អាទិត្យ​នេះ លោក​អតីត​ប្រធានាធិបតី ណាំបារ៉ីន អិនបាយ៉ារ (Nambaryn Enkhbayar) នៃ​ប្រទេស​ម៉ុងហ្គោលី (Mongolia) ត្រូវ​បាន​ដោះលែង​ពី​ពន្ធនាគារ​ហើយ បន្ទាប់​ពី​បាន​បង់​ប្រាក់​ធានា​ ដើម្បី​ទៅ​ព្យាបាល​ជំងឺ ក្រោយ​ពី​បាន​ធ្វើ​កូដកម្ម​អត់​អាហារ​អស់​ពេល​ដប់​ថ្ងៃ។ ការ​ចាប់​លោក​ អិន បាយ៉ាវ ដាក់​ពន្ធនាគារ​ពី​បទ​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​ត្រូវ​អន្ដរជាតិ​រិះគន់។

សេដ្ឋកិច្ច​ពិភពលោក៖ សេដ្ឋកិច្ច​នៃ​ប្រទេស​ជប៉ុន​បាន​ល្អ​ប្រសើរ​ឡើង​១​ភាគរយ​ពី​ខែ​មករា​ដល់​ខែ​មីនា​នៅ​ឆ្នាំ​នេះ។ នៅ​ប្រទេស​សិង្ហបូរី ផលិតផល​សរុបបាន​ថយ​ចុះដោយ​សារ​រដ្ឋាភិបាល​បាន​ព្រមាន​អំពី​វិបត្តិ​ប្រាក់​បំណុល​របស់​ប្រទេស​នៅ​អឺរ៉ុប។ រីឯ​នៅ​ស.រ.អា សេដ្ឋកិច្ច​មាន​ការ​រីក​ចម្រើន​តិច​តួច ស្រប​ពេល​ដែល​នៅ​បណ្តា​ប្រទេស​ក្នុង​ទ្វីប​អឺរ៉ុប​កំពុង​មាន​ការ​រំជើប​រំជួល។

ស៊ីរី៖ ក្រុម​អ្នក​សង្កេត​ការណ៍​ការ​ដាក់​ទណ្ឌកម្ម​របស់​អ.ស.ប​លើ​ប្រទេស​អ៊ីរ៉ង់​និយាយ​ថា​ ប្រទេស​ស៊ីរី​បន្ដ​ធ្វើ​ជា​ប្រទេស​ទិសដៅ​ ដែល​គេ​បញ្ជូន​អាវុធ​របស់​អ៊ីរ៉ង់​ទៅ​កាន់​ទីនោះ។ ការ​បញ្ជូន​នេះ​ល្មើស​នឹង​បំរាម​របស់​ក្រុម​ប្រឹក្សា​សន្ដិសុខ​អ.ស.ប​ទៅ​លើ​ការ​ទិញ​ចូល​អាវុធ​របស់​រដ្ឋាភិបាល​អ៊ីរ៉ង់។

អាហ្វហ្គានីស្ថាន៖ ក្រុម​មន្ដ្រី​អាហ្វហ្គានីស្ថាន​និយាយ​ថា​ ការ​វាយ​ប្រហារ​ដោយ​គ្រាប់​បែក​អត្ដឃាត​ទៅ​លើ​អគារ​របស់​រដ្ឋាភិបាល​នៅ​ក្នុង​ខេត្ដ​ហ្វារ៉ាហ៍ (Farah) ស្ថិត​នៅ​ភាគ​ខាង​លិច បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ប្រាំ​ពីរ​នាក់​ហើយ​របួស​១២​នាក់​ផ្សេង​ទៀត។

តួកគី៖ ពួក​មន្ដ្រី​តួកគី​និយាយ​ថា ​ពួក​បះបោរ​ខឺរដ៍ (Kurd) បាន​សម្លាប់​យុទ្ធជន​តួកគី​បី​នាក់​នៅ​ថ្ងៃ​ព្រហស្បតិ៍​ពេល​មាន​ការ​ប្រយុទ្ធ​គ្នា​នៅ​តំបន់​ភ្នំ​នា​ភាគ​ខាង​ត្បូង​ប្រទេស។

XS
SM
MD
LG