លោក ហ្វ្រង់ស្វ័រ អូឡង់ដ៍ (Franco Hollande) បានចូលធ្វើការនៅថ្ងៃអង្គារនេះ បន្ទាប់ពីបានស្បថចូលកាន់តំណែងជាប្រធានាធិបតីថ្មីរបស់ប្រទេសបារាំងនៅក្នុងពិធីមួយនៅវិមានអេលីហ្សេ (Elysee) នៅក្រុងប៉ារីស។
មុនពេលលោកស្បថចូលកាន់តំណែង ប្រធានាធិបតីថ្មីនេះបានទទួលការស្វាគមន៍នៅវិមាន Elysee ជាច្រើនម៉ោងដោយលោកអតីតប្រធានាធិបតី នីកូឡា សាកូហ្ស៊ី (Nicolas Sarkozy) ដែលលោក Hollande ឈ្នះក្នុងការបោះឆ្នោតកាលពីដើមខែមុន។ លោក Hollande គឺជាប្រធានាធិបតីទីមួយមកពីគណបក្សសង្គមនិយម តាំងពីលោកFrancois Mitterrand ចប់អាណត្តិកាលពីឆ្នាំ១៩៩៥។
ក្នុងអំឡុងពេលនៃការធ្វើសន្ទរកថាផ្សាយតាមទូរទស្សន៍ទៅកាន់ប្រទេសជាតិរបស់លោក លោកប្រធានាធិបតីថ្មីបានមានប្រសាសន៍ថា លោកត្រៀមខ្លួនជាស្រេចហើយដើម្បីបើកមាគ៌ាថ្មីមួយសម្រាប់ប្រទេសជាតិលោកនិងអឺរ៉ុប ដោយបញ្ជាក់ពីការរីកចម្រើន យុត្តិធម៌ និងអ្វីដែលលោកពណ៌នាថាជាសង្គមប្រជាធិបតេយ្យ។
លោក Hollande ត្រូវចាកចេញទៅកាន់ប្រទេសអាល្លឺម៉ង់នៅយប់ថ្ងៃអង្គារនេះដែលជាជំនួបលើកទីមួយជាមួយអធិការបតីអាល្លឺម៉ង់ Angela Merkel ដើម្បីពិភាក្សាពីវិបត្តិបំណុលអឺរ៉ុប។
ព័ត៌មានអន្តរជាតិសំខាន់ដទៃទៀត៖
អ៊ីរ៉ង់៖ ភ្នាក់ងារនុយក្លេអ៊ែរអ៊ីរ៉ង់និងអ.ស.ប.បានចាប់ផ្តើមធ្វើកិច្ចពិភាក្សាថ្ងៃទី២របស់ខ្លួននៅទីក្រុងវីយែន (Vienna) ដោយអ្នកតំណាងរបស់ប្រទេសអ៊ីរ៉ង់និយាយថា កិច្ចពិភាក្សាកន្លងមកនេះមានលទ្ធផលល្អ។
សូម៉ាលី៖ កងនាវាប្រឆាំងចោរសមុទ្ររបស់សហភាពអឺរ៉ុបបានធ្វើការវាយប្រហារតាមអាកាសលើកដំបូងប្រឆាំងទីតាំងចោរសមុទ្រនៅឆ្នេរសមុទ្រនៃប្រទេសសូម៉ាលី។
កូរ៉េខាងត្បូង៖ ពួកមន្រ្តីកូរ៉េខាងត្បូងនិយាយថា ភូមាបានយល់ព្រមអនុវត្តសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិដែលមានគោលបំណងបញ្ចប់កម្មវិធីនុយក្លែអ៊ែរនិងមីស៊ីលរបស់កូរ៉េខាងជើង។
ចិន-អូស្ត្រាលី៖ លោករដ្ឋមន្រ្តីក្រសួងការបរទេសអូស្រ្តាលី Bob Carr កំពុងការពារសម្ព័ន្ធភាពដ៏ជ្រាលជ្រៅខាងយោធារបស់ប្រទេសលោកជាមួយសហរដ្ឋអាមេរិកនៅពេលដែលលោកបំពេញទស្សនកិច្ចជាផ្លូវការលើកទី១ទៅកាន់ប្រទេសចិន។ក្រិក៖ មេដឹកនាំនយោបាយក្រិកកំពុងធ្វើការចរចាមួយលើកទៀតនៅថ្ងៃអង្គារនេះដែលមានគោលបំណងដោះស្រាយវិបត្តិនយោបាយដែលអាចបង្ខំឲ្យប្រទេសជាតិដែលពោរពេញទៅដោយបំណុលនេះចេញពីតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូ។
ឥណ្ឌា៖ ឥណ្ឌាប្រាប់ឲ្យដឹងថា ខ្លួនបានសម្រេចកាត់បន្ថយការនាំប្រេងឆៅចូលរបស់អ៊ីរ៉ង់ចំនួន១១ភាគរយ។
ចិន៖ នៅថ្ងៃអង្គារនេះ អាជ្ញាធរអន្តោប្រវេសន៍ក្នុងទីក្រុងប៉េកាំងបានចាប់ផ្តើមបង្ក្រាបដែលមានរយៈពេល១០០ថ្ងៃលើជនជាតិបរទេសដែលធ្វើការងារ និងរស់នៅខុសច្បាប់នៅក្នុងរដ្ឋធានីចិន។