នៅថ្ងៃសុក្រនេះ រដ្ឋាភិបាលស៊ីរីបានជំរុញឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចាត់វិធានការដើម្បីប្រយុទ្ធប្រឆាំងនឹងភេរវកម្មមួយថ្ងៃ បន្ទាប់ពីការផ្ទុះគ្រាប់បែក២គ្រាប់ដែលបានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏៥៥នាក់ដែរនៅក្នុងរដ្ឋធានីដាម៉ាស។
បណ្តាញផ្សាយព័ត៌មានរដ្ឋរាយការណ៍ថារដ្ឋាភិបាលបានធ្វើការអំពាវនាវនៅក្នុងលិខិតមួយផ្ញើរជូនក្រុមប្រឹក្សាសន្តិសុខនិងប្រមុខអង្គការសហប្រជាជាតិ លោក បាន គីមូន (Ban Ki-moon)។ បណ្តាញផ្សាយព័ត៌មាននោះប្រាប់ឲ្យដឹងថាឧក្រិដ្ឋកម្មរីកកាន់តែធំឡើងជាភស្តុតាងថាប្រទេសស៊ីរីកំពុងប្រឈមមុខនឹងការវាយប្រហារភេរវកម្មដែលដឹកនាំដោយក្រុមដែលបានទទួលការឧបត្ថម្ភពីបរទេស។
ការបំផ្ទុះគ្រាប់បែកក្នុងរថយន្តកាលពីថ្ងៃព្រហស្បតិ៍នៅក្នុងរដ្ឋធានីជាការវាយប្រហារដ៏ប្រល័យបំផុតនៅក្នុងប្រទេសស៊ីរីចាប់តាំងពីការងើបបះបោរប្រឆាំងរដ្ឋាភិបាលដែលបានចាប់ផ្តើមកាលពី១៤ខែមុន។
ទោះបីមានអំពើហិង្សាក៏ដោយ ពួកអ្នកសង្កេតការណ៍អង្គការសហប្រជាជាតិលើបទឈប់បាញ់គ្នាដ៏ប្រេះស្រួយរវាងរដ្ឋាភិបាលនិងពួកឧទ្ទាមដែលបានធ្វើដំណើរទៅកាន់រដ្ឋធានីដាម៉ាសនៅថ្ងៃសុក្រនេះ។
ព័ត៌មានអន្តរជាតិសំខាន់ៗផ្សេងទៀត៖
ហ្វីលីពីន/ចិន៖ ហ្វូងបាតុកររាប់រយនាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថាតទូតចិនក្នុងរដ្ឋធានីម៉ានីលនៅថ្ងៃសុក្រនេះដើម្បីបង្ហាញការគាំទ្រដល់ប្រទេសហ្វីលីពីននៅក្នុងភាពមិនចាញ់មិនឈ្នះជាមួយចិនលើបញ្ហាប្រជុំកោះក្នុងសមុទ្រចិនខាងត្បូង។អេហ្ស៊ីប៖ បេក្ខជននាំមុខ២នាក់នៅក្នុងការបោះឆ្នោតប្រធានាធិបតីនៅខែនេះក្នុងប្រទេសអេហ្ស៊ីបបានចូលរួមនៅក្នុងការជជែកដេញដោលជ្រើសរើសប្រធានាធិបតីលើកដំបូង។
ស.រ.អា៖ សហរដ្ឋអាមេរិក បានចេញផ្សាយអតិរេកថវិការបស់ខ្លួនលើកដំបូងនៅក្នុងរយៈពេលជិត៤ឆ្នាំ។ក្រសួងរតនាគារបានប្រាប់ឲ្យដឹងកាលពីថ្ងៃព្រហស្បតិ៍ថាប្រទេសអាមេរិកបានទទួលប្រាក់ចំណូលកាលពីខែមុនច្រើនជាងខ្លួនចំណាយជាលើកទីមួយចាប់តាំងពីខែកញ្ញាឆ្នាំ២០០៨មក ពោលគឺមុនពេលដំណើរធ្លាក់ចុះនៃសេដ្ឋកិច្ចសកលលោក។
ស.រ.អា៖ គណៈកម្មាធិការនៃអ្នកឯកទេសសហរដ្ឋអាមេរិក បានផ្តល់អនុសាសន៍ដល់ការអនុម័តរបស់រដ្ឋាភិបាលសហព័ន្ធលើឱសថជាលើកដំបូងដែលបានបង្ហាញពីការរារាំងមេរោគហ៊ីវ (HIV) ដែលបណ្តាលឲ្យកើតជំងឺអេដស៍ (AIDS)។
ឥណ្ឌូនេស៊ី/រុស្ស៊ី៖ មន្រ្តីឥណ្ឌូនេស៊ីនិងរុស្ស៊ី បានសន្យាធ្វើកិច្ចសហប្រតិបត្តិការគ្នានៅក្នុងការស៊ើបអង្កេតពីបុព្វហេតុ ដែលនាំឲ្យយន្តហោះដឹកអ្នកដំណើររុស្ស៊ីធ្លាក់នៅក្នុងតំបន់ភ្នំភ្លើងដែលមានសភាពធម្មតានាភាគខាងត្បូងនៃរដ្ឋធានីហ្សាកាតា (Jakarta) នៅសប្តាហ៍នេះ។
ក្រិក៖ ពួកមេដឹកនាំនៃគណបក្សសង្គមនិយមនិងគណបក្សអភិរក្សនិយមនៃប្រទេសក្រិក បានជួបគ្នាក្នុងរដ្ឋធានីអាតែន (Athen) នៅថ្ងៃសុក្រនេះដើម្បីធ្វើកិច្ចខិតខំប្រឹងប្រែងចុងក្រោយដើម្បីឈានទៅដល់កិច្ចព្រមព្រៀងមួយដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ ប៉ុន្តែមិនទាន់មានសេចក្តីអត្ថាធិប្បាយភា្លមៗអំពីការចរចានោះទេ។