ឥណ្ឌូនេស៊ីបានបញ្ជូនក្រុមរុករកនិងជួយសង្គ្រោះទៅកាន់តំបន់ភ្នំមួយនៅជិតក្រុងចាកាតា ដើម្បីរកយន្តហោះប្រតិកម្មរុស្សីមួយគ្រឿងដែលបានបាត់ពីរ៉ាដាកាលពីថ្ងៃពុធជាមួយមនុស្សយ៉ាងតិចណាស់៤៤នាក់ជិះក្នុងនោះ។
កាសែត Jakarta Post បានដកស្រង់ពាក្យសំដីអាជ្ញាធរដែលបាននិយាយថាក្រុមប្រតិបត្តិការលើដីដោយមានកងយោធាផងបានចាកចេញពីរដ្ឋធានីទៅកាន់ភ្នំសាឡាក់ Salakបន្ទាប់ពីកងឧទ្ធម្ភាគចក្រស្វែងរកបានជួបប្រទះធាតុអាកាសមិនល្អហើយបានត្រូវបង្ខំឱ្យវិលមកកាន់មូលដ្ឋានវិញ។
អាជ្ញាធរនិយាយថាយន្តហោះធុនSukhoi Superjet 100 បានបាត់នៅពេលធ្វើការហោះហើរបង្ហាញនៅក្រោយម៉ោង២រសៀលតាមពេលវេលាក្នុងមូលដ្ឋាន។គេបានពណ៌នាអ្នកជិះទាំងអស់ថាជាពួកភ្ញៀវដែលបានទទួលសេចក្តីអញ្ជើញ។
ក្រសួងដឹកជញ្ជូននៃប្រទេសឥណ្ឌូនេស៊ី Indonesie បាននិយាយថាយន្តហោះប្រតិកម្មនេះដែលមានកៅអី១០០និងមានវង់ប្រតិបត្តិការមធ្យមបានធ្វើការហោះបង្ហាញលើកទីពីរក្នុងការហោះបង្ហាញពីរលើករួចក៏បាត់នៅក្នុងតំបន់បូហ្កូ Bogor។
ស៊ីរី៖ គ្រាប់បែកនៅតាមដងផ្លូវមួយបានផ្ទុះក្នុងប្រទេសស៊ីរីនៅជិតក្បួនកុងវ័រមួយដែលមានរួមបញ្ចូលពួកអ្នកសង្កេតការរបស់អ.ស.ប.។ការផ្ទុះនេះបានធ្វើឱ្យទាហានស៊ីរីដែលស្ថិតក្នុងរថយន្តយ៉ាងតិចណាស់៦នាក់ត្រូវរបួស។
ការផ្ទុះគ្រាប់បែកកាលពីថ្ងៃពុធបានកើតមានទ្បើងនៅក្នុងក្រុងដារ៉ា Dara'a ដែលជាកន្លែងមានចលាចលក្នុងប៉ែកខាងត្បូងប្រទេសក្នុងរយៈពេលខ្លីក្រោយពីពួកអ្នកសង្កេតការអ.ស.ប.បានជិះរថយន្តកាត់ទីនោះ។
លោកឧត្តមសេនីយទោ រ៉ូបឹត មូតRobert Mood នៃប្រទេសណរវ៉េស Norvege ដែលជាប្រធានគណៈបេសកកម្មសង្កេតការនេះបានស្ថិតក្នុងក្បួនកុងវ័រនេះ ក៏ប៉ុន្តែលោកមូត Mood និងពួកអ្នកសង្កេតការមិនបានរងរបួសទេ។ការផ្ទុះគ្រាប់បែកនេះគូសបញ្ជាក់អំពីគ្រោះថ្នាក់ដល់បេសកកម្មនេះរបស់អ.ស.ប.ដែលព្យាយាមពង្រឹងកិច្ចឈប់បាញ់គ្នាដែលមិនមាំទាំរវាងកងកម្លាំងរដ្ឋាភិបាលនិងពួកឧទ្ទាម។
សូម៉ាលី៖ សមាជិកម្នាក់នៃសភាប្រទេសសូម៉ាលីបាននិយាយថាមានយុទ្ធជនយ៉ាងតិចណាស់១៧នាក់នៃក្រុមជនសកម្មប្រយុទ្ធអាល់សាបាប់ al-Shabab បានត្រូវសម្លាប់នៅក្នុងការប្រយុទ្ធគ្នាជាមួយពួកទាហាន អេត្យូពីEthiopie និងពួកទាហានរដ្ឋាភិបាលសូម៉ាលី។
អាហ្វហ្កានីស្ថាន៖ មន្ត្រីអ.ស.ប.ជាន់ខ្ពស់ម្នាក់បាននិយាយថាស្ថានភាពរបស់ប្រជារាស្ត្រអាហ្វហ្កានិស្ថានដែលខ្ចាត់ព្រាត់ពីផ្ទះសំបែងនៅក្នុងប្រទេសជាការ«គួរឱ្យរន្ធត់»។
ស៊ូដង់/ស៊ូដង់ខាងត្បូង៖ ប្រទេសស៊ូដង់ខាងត្បូងបាននិយាយថាប្រទេសស៊ូដង់បានធ្វើការវាយប្រហារតាមអាកាសឆ្លងកាត់ព្រំដែនដោយរំលោភលើកិច្ចឈប់បាញ់គ្នាដែលគាំទ្រអ.ស.ប.។
ក្រិច៖ ចលាចលខាងនយោបាយក្នុងប្រទេសក្រិកអំពីការបង្កើតរដ្ឋាភិបាលចម្រុះមួយបានបង្កើនកង្វល់ជាថ្មីទៀតអំពីការដែលថាប្រទេសនេះអាចក្លាយទៅជាប្រទេសទីមួយដែលនឹងចាកចេញពីក្រុមប្រទេសជាតិ១៧ដែលប្រើប្រាស់ប្រាក់អឺរ៉ូ។
បារាំង៖ លោក ហ្វ្រង់ស្វ័រ ហូឡង់Francois Hollande ប្រធានាធិបតីជាប់ឆ្នោតនៃប្រទេសបារាំងបានចាប់ផ្តើមធ្វើកិច្ចចរចាជាមួយពួកមេដឹកនាំអឺរ៉ុបអំពីផែនការរបស់លោកក្នុងការយកចិត្តទុកដាក់ជាថ្មីលើគោលនយោបាយអឺរ៉ុបអំពីការលូតលាស់។
រុស្ស៊ី៖ ពួកប៉ូលីសរុស្សីក្នុងក្រុងម៉ូស្គូបានឃាត់ខ្លួនពួកសកម្មជនប្រឆាំងរាប់សិបនាក់ដែលបានព្យាយាមធ្វើបាតុកម្មប្រឆាំងនឹងលោកប្រធានាធិបតីរុស្ស៊ីវ៉្លាដឹមៀរ ពូទីន Vladimir Putin ដែលទើបបានសម្ពោធតំណែងកាលពីពេលថ្មីៗនេះ។