ប្រទេសចិនប្រាប់ឲ្យដឹងថា ខ្លួនត្រៀមខ្លួនជាស្រេចដើម្បីធ្វើការឆ្លើយតបនឹងការធ្វើឲ្យជម្លោះរីកកាន់តែធំឡើងដោយប្រទេសហ្វីលីពីន នៅពេលដែលភាពតានតឹងនៃភាពមិនចាញ់មិនឈ្នះដែលមានរយៈពេលមួយខែ បានបន្តកើតមានឡើងលើប្រជុំកោះមានជម្លោះក្នុងសមុទ្រចិនខាងត្បូង។
ទីភ្នាក់ងារព័ត៌មាន Xinhua ផ្លូវការនៃប្រទេសចិនបានដកស្រង់សម្តីអនុរដ្ឋមន្រ្តីការបរទេសចិន Fu Ying នៅថ្ងៃអង្គារនេះមកចុះផ្សាយថា រដ្ឋាភិបាលទីក្រុងប៉េកាំងមិនមានសុទិដ្ឋិនិយមអំពីជម្លោះលើតំបន់ Scarborough Shaol ដែលស្ថិតនៅប្រហែល២៣០គីឡូម៉ែត្រនៃផ្ទៃទឹកហ្វីលីពីនភាពពាយ័ព្យ។
កាលពីថ្ងៃច័ន្ទ លោក Fu បានកោះហៅអ្នកការទូតកំពូលហ្វីលីពីនម្នាក់នៅក្នុងទីក្រុងប៉េកាំងឲ្យធ្វើបទបង្ហាញពីស្ថានភាពនេះ។ លោក Fu បានជម្រាមភារៈធារី Alex Chua ថា រដ្ឋាភិបាលទីក្រុងម៉ានីលបានពង្រីកការតានតឹងហើយនឹងធ្វើឲ្យមានការលំបាកកាន់តែខ្លាំងឡើងដើម្បីឈានដល់ដំណោះស្រាយដោយការចរចា។
ភាពមិនចាញ់មិនឈ្នះបានចាប់ផ្តើមនៅថ្ងៃទី១០ខែមេសា នៅពេលដែលនាវាស៊ើបការណ៍របស់ចិនបានរារាំងនាវាចម្បាំងហ្វីលីពីនមិនឲ្យចាប់ពួកអ្នកនេសាទចិននៅជិតប្រជុំកោះថ្មដែលប្រទេសទាំងពីរបានទាមទារថាជាទឹកដីរបស់ខ្លួន។
ព័ត៌មានអន្តរជាតិសំខាន់ៗដទៃទៀត៖
អាមេរិក៖ ពួកមន្រ្តីសហរដ្ឋអាមេរិកនិយាយថា ពួកគេបានបញ្ឈប់ផែនការដាក់គ្រាប់បែករបស់ al-Qaida ដែលមានគោលបំណងកម្ទេចយន្តហោះដឹកអ្នកដំណើរដែលធ្វើដំណើរឆ្ពោះមកកាន់សហរដ្ឋអាមេរិក។អ៊ីស្រាអែល៖ ពួកមន្រ្តីអ៊ីស្រាអែលនិយាយថា នាយករដ្ឋមន្រ្តី Benjamin Netanyahu បានធ្វើកិច្ចព្រមព្រៀងដ៏គួរឲ្យភ្ញាក់ផ្អើលមួយជាមួយគណបក្ស Kadima ដែលជាគណបក្សប្រឆាំង ដើម្បីបង្កើតរដ្ឋាភិបាលឯកភាពជាតិមួយ ដោយលុបចោលការបោះឆ្នោតមុនពេលកំណត់ដែលលោកបានអំពាវនាវឲ្យមាន។
ឥណ្ឌា-អាមេរិក៖ លោកស្រីរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក Hillary Clinton បានមានប្រសាសន៍ថា ប៉ាគីស្ថានគួរតែធ្វើឲ្យកាន់តែច្រើនឡើងថែមទៀតដើម្បីប្រយុទ្ធប្រឆាំងភេរវកម្ម ហើយថា សហរដ្ឋអាមេរិកបានតាំងចិត្តដេញតាមក្រុមភេរវកម្មដែលមានទីតាំងក្នុងប្រទេសប៉ាគីស្ថាន ដែលបានគំរាមកំហែងសហរដ្ឋអាមេរិកអាហ្វហ្គានីស្ថាននិងសម្ព័ន្ធមិត្តផ្សេងៗទៀត។
ចិន៖ បណ្តាញទូរទស្សន៍ Al-Jazeera ប្រាប់ឲ្យដឹងថា ស្ថានីយ៍នេះបានត្រូវបង្ខំឲ្យបិទកិច្ចប្រតិបត្តិការព័ត៌មានផ្សាយជាភាសាអង់គ្លេសរបស់ខ្លួននៅក្នុងប្រទេសចិន បន្ទាប់ពីអាជ្ញាធរបានបដិសេធពុំព្រមបន្តលិខិតអនុញ្ញាតិនិងទិដ្ឋាការសម្រាប់អ្នកយកព័ត៌មានរបស់ខ្លួននៅក្នុងទីក្រុងប៉េកាំង។
ថៃ៖ ជីតាជនជាតិថៃម្នាក់ដែលត្រូវតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារ២០ឆ្នាំចំពោះការបញ្ជូនសារដែលត្រូវបានគេចាត់ទុកជាការប្រមាថមើលងាយដល់ក្រុមគ្រួសាររាជវង្សានុវង្ស បានស្លាប់នៅខណៈពេលស្ថិតនៅក្នុងគុក។
ក្រិក៖ គណបក្ស Syriza ដែលជាគណបក្សឆ្វេងជ្រុលនិយមរបស់ក្រិក នឹងព្យាយាមបង្កើតរដ្ឋាភិបាលឯកភាពជាតិមួយ បន្ទាប់ពីពួកអភិរក្សនិយមបានបរាជ័យប្រមូលផ្តុំគណបក្សផ្សេងទៀតដើម្បីបង្កើតរដ្ឋាភិបាលចម្រុះ។
ចិន-អាមេរិក៖ មន្រ្តីជាន់ខ្ពស់ក្រសួងការពារប្រទេសចិននិងសហរដ្ឋអាមេរិកបានព្រមព្រៀងគ្នាធ្វើកិច្ចសហប្រតិបត្តិការលើបញ្ហាការគំរាមកំហែងសន្តិសុខតាមប្រព័ន្ធ អ៊ីនធឺណិត បើទោះបីមានការចោទប្រកាន់កាលពីពេលថ្មីៗនេះថា ចិនបានស្ថិតនៅពីខាងក្រោយនៃការវាយប្រហារតាមប្រព័ន្ធអ៊ីនធឺណិតជាច្រើនប្រឆាំងបណ្តាញអ៊ីនធឺណិតសហរដ្ឋអាមេរិក។
ស៊ីរី៖ ស្ថានបេសកម្មរបស់អង្គការសហប្រជាជាតិនៅក្នុងរដ្ឋធានីនៃប្រទេសស៊ីរី បានប្តូរទីតាំងទៅកាន់ទីក្រុងហូមស៍ដ៏ខ្ទេចខ្ទាំវិញ នៅពេលដែលអ្នកសង្កេតការណ៍បន្តឃ្លាំមើលកិច្ចព្រមព្រៀងឈប់បាញ់គ្នាដ៏ប្រេះស្រួយរវាងរដ្ឋាភិបាលនិងពួកឧទ្ទាម។
សូម៉ាលី៖ ពួកអ្នកឃើញហេតុការណ៍ផ្ទាល់នឹងភ្នែកនិយាយថា ការវាយប្រហារដោយគ្រាប់កាំភ្លើងធំនៅក្នុងរដ្ឋធានី Mogadishu នៃប្រទេសសូម៉ាលីបានសម្លាប់មនុស្ស៧នាក់។