រដ្ឋមន្រ្តីក្រសួងរតនាគារអាមេរិក លោក ធីមូធី ហ្គេណឺ (Timothy Geithner) បានអំពាវនាវកាលពីថ្ងៃព្រហស្បត៍ឲ្យចិនបើករូបីយប័ណ្ណរបស់ខ្លួនឲ្យឡើងថ្លៃ នៅពេលដែលអ្នកការទូតកំពូលៗពីប្រទេសទាំងពីរ ជួបជុំគ្នានៅក្រុងប៉េកាំង ដើម្បីធ្វើកិច្ចចរចាប្រចាំឆ្នាំ អំពីបញ្ហាសេដ្ឋកិច្ចនិងសន្តិសុខ។ លោករដ្ឋមន្រ្តីក្រសួងរតនាគារអាមេរិកបានសំដែងការគាំទ្រចំពោះផែនការចិនដែលចង់កែប្រែប្រព័ន្ធហិរញ្ញវត្ថុរបស់ខ្លួនទាំងស្រុង តែលោកថ្លែងថាចិនគួរពន្លឿនកំណែទម្រង់សេដ្ឋកិច្ចរបស់ខ្លួន។
ប៉ាគីស្ថាន៖ ការសិក្សាមួយអំពីឯកសារដែលបានប្រមូលយកពីផ្ទះរបស់ អូសាម៉ា ប៊ីឡាដិន នៅប៉ាគីស្ថានកាលពីឆ្នាំទៅ ហើយទើបនឹងបានបញ្ចេញឲ្យដឹងជាសាធារណៈថ្មីៗនេះ បង្ហាញថា មេដឹកនាំភេរវកររូបនេះមានការលំបាកចិត្តជាមួយ ក្រុមជីហាដ (Jihad) អ្នកធ្វើសង្គ្រាមសាសនាក្នុងតំបន់ និងសមត្ថភាពរបស់គាត់ក្នុងការត្រួតត្រាលើក្រុមទាំងនេះ។ ឯកសារនេះ និយាយថា ផ្ទុយពីការគិតរបស់មនុស្សជាច្រើននាក់ ដែលថាប៊ីនឡាដិនមិនមែនជាមេអាយ៉ងអ្នកទាញខ្សែឲ្យអាយ៉ងកម្រើកធ្វើចលនាលើក្រុមជីហាដនៅជុំវិញពិភពលោកនោះទេ។
ចិន៖ លោក ឆិន កុងឆិន (Chen Guangcheng) សកម្មជនសិទ្ធិមនុស្សងងឹតភ្នែកជាតិចិន ដែលបានបណ្តាលឲ្យមានការប្រឈមមុខគ្នាខាងផ្លូវទូតរវាងក្រុង ប៉េកាំង និងក្រុង វ៉ាស៊ីនតោន បាននិយាយកាលពីថ្ងៃព្រហស្បត៍ថា លោកជឿថា អាជ្ញាធរចិនកំពុងតែរារាំងមន្រ្តីអាមេរិកមិនឲ្យទាក់ទងជាមួយលោកនៅក្នុងមន្ទីរពេទ្យមួយនៅក្រុងប៉េកាំង។ ការចោទប្រកាន់នេះ ក្នុងពេលប៉ុន្មានម៉ោងក្រោយពីបានចេញពីការការពាររបស់ស្ថានទូតអាមេរិក ដើម្បីទៅទទួលការព្យាបាលជើងរបួសម្ខាង នៅពេលលោកបានគេចខ្លួនពីការឃុំឃាំងក្នុងផ្ទះ កាលពីថ្ងៃទី ២២ ខែមេសា។ មន្រ្តីអាមេរិកាំងនិងចិនមិនបានអធិប្បាយអំពីការចោទប្រកាន់នេះទេ កាលពីព្រឹកថ្ងៃព្រហស្បត៍។
អាហ្វហ្គានីស្ថាន៖ ទីភ្នាក់ងារសម្ងាត់របស់អាហ្វហ្គានីស្ថាន បានបំបែកផែនការវាយប្រហារភេរវកម្មដ៏ធំមួយនៅក្នុងរដ្ឋធានី ហើយបានចាប់ខ្លួនជនជាតិប៉ាគីស្ថានម្នាក់ដែលជាប់ទាក់ទងនឹងការប៉ុនប៉ងវាយប្រហារនេះ នៅពេលគេរកឃើញឡានទំនិញមួយគ្រឿងដែលមានផ្ទុកគ្រាប់ផ្ទុះពេញ នៅពេលគាត់ត្រូវចាប់ខ្លួន កាលពីថ្ងៃព្រហស្បត៍នៅតាមផ្លូវមួយនៅខាងកើតក្រុង។
ភូមា៖ សម្ព័ន្ធភាពជាតិដើម្បីលទ្ធិប្រជាធិបតេយ្យភូមា បានចូលកាន់តំណែងដែលបានឈ្នះថ្មីៗនេះនៅក្នុងរដ្ឋសភាមួយ ដែលមួយភាគបីនៃអសនៈត្រូវរក្សាទុកសម្រាប់កងយោធា និងអសនៈដទៃទៀតភាគច្រើនលើសលប់ ត្រូវស្ថិតក្នុងកណ្តាប់ដៃគណបក្សគ្រប់គ្រងអំណាចរបស់ភូមាដែលកងយោធាគាំទ្រ។
ស៊ីរី៖ សកម្មជនស៊ីរីនិយាយថា កងកម្លាំងរដ្ឋាភិបាល បានវាយប្រហារទៅលើសយនដ្ឋាន នៅក្នុងសាកលវិទ្យាល័យ ហើយបានសម្លាប់មនុស្សយ៉ាងតិច ៤ នាក់ និស្សិត ២០០ នាក់ត្រូវចាប់ខ្លួន នៅក្រុង អាឡេផូ (Aleppo) នៅពេលដែលក្រុមអ្នកសង្កេតការណ៍ អ.ស.ប. បានបន្តសង្កត់ឲ្យមានការបញ្ចប់អំពើហិង្សា ដែលបានកើនច្រើនឡើង ពីការរលាយបទឈប់បាញ៉គ្នាជាលំដាប់។
ស៊ូដង់៖ ស៊ូដង់ខាងត្បូង បានចោទស៊ូដង់ ថាបានទម្លាក់គ្រាប់បែកទៅលើតំបន់ព្រំដែន កាលពីថ្ងៃព្រហស្បត៍ ទោះជាក្រុមប្រឹក្សាសន្តិសុខអសបបានព្រមានឲ្យប្រទេសទាំងពីរបញ្ចប់ការវាយប្រយុទ្ធគ្នា បើមិនដូច្នោះទេ នឹងទទួលទណ្ឌកម្មថ្មីៗទៀតយ៉ាងណាក៏ដោយ។
រុស្ស៊ី៖ ឧត្តមសេនីយជាន់ខ្ពស់របស់ប្រទេស រុស្ស៊ី បាននិយាយកាលពីថ្ងៃព្រហស្បត៍ថា ក្រុង មូស្គូប្រហែលត្រូវបង្ខំឲ្យ កំទេចប្រព័ន្ធការពារកាំជ្រួចផ្លោងដែលអង្គការ អូតង់ មានគម្រោងស្ថាបនា នៅក្នុងទ្វីប អឺរ៉ុប។ ឧត្តមសេនីយកងយោធា នីកូឡា ម៉ាការូ (Nikolay Makarov) បានប្រាប់សន្និសិតអន្តរជាតិមួយស្តីពីប្រព័ន្ធកាំជ្រួចផ្លោងរបស់ក្រុងម៉ូស្គូ ថា ការវាយប្រហារជាមុនមួយ អាចយកទៅប្រើ ដើម្បីបំផ្លាញប្រព័ន្ធការពារកាំជ្រួចទាំងនេះ។