ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អោង សាន ស៊ូជី ធ្វើ​សច្ចា​ប្រណិធានជា​សមាជិក​រដ្ឋសភា​


លោក​ស្រី​ អោង សាន ស៊ូជីស្ថិត​ក្នុងពិធី​ចូល​កាន់​តំណែង​រដ្ឋាភិបាល​ (AP Photo/Khin Maung Win)
លោក​ស្រី​ អោង សាន ស៊ូជីស្ថិត​ក្នុងពិធី​ចូល​កាន់​តំណែង​រដ្ឋាភិបាល​ (AP Photo/Khin Maung Win)

មេ​ដឹកនាំ​ប្រជាធិបតេយ្យ​ដ៏​យូរ​មកហើយ​របស់ភូមា​ លោក​ស្រី​ អោង សាន ស៊ូជី ​Aung San Suu Kyi​ បាន​ទទួល​ការ​សច្ចា​ប្រណិធាន​តាម​ផ្លូវ​ការ​ជា​សមាជិក​រដ្ឋសភា​ចូល​កាន់​តំណែង​រដ្ឋាភិបាល​ជា​លើក​ដំបូង​ ចាប់​តាំង​ពី​បាន​ចំណាយ​ពេល​ភាគ​ច្រើន​ក្នុង​ពីរ​ទសវត្សរ៍​កន្លង​ទៅ​នេះ​ នៅ​ក្នុង​ការ​ឃុំឃាំង​ក្នុង​ផ្ទះ។​ ជ័យលាភី​រង្វាន់​ណូប៊ែល​រូបនេះបាន​ចូល​ធ្វើ​សច្ចា​ប្រណិធាន​ កាល​ពី​ថ្ងៃ​ពុធ​ ចូល​កាន់​តំណែង​ក្នុង​សភា​ជាន់​ទាប​របស់​ប្រទេសនេះ ដោយ​បាន​បញ្ចប់​ពហិការ​មិន​ចូល​រួម​ក្នុង​រដ្ឋសភា​ ដែល​អាច​បង្អាក់​ដល់​ដំណើរ​នៃ​កំណែ​ទម្រង់​នយោបាយ​នៅ​ក្នុង​ប្រទេស​នេះ។​

លោក​ស្រី​បាន​ថ្លែង​ជា​អាទិ៍​ថា​ «យើង​ចង់​ឲ្យ​រដ្ឋសភា​របស់​យើង​មាន​គុណសម្បត្តិ​តាម​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ៗ។​ យើង​មិន​ចង់​ដក​អ្នក​ណា​ចេញ​ទេ។​ យើង​គ្រាន់​តែ​ចង់​ឲ្យ​មាន​ការ​ជឿន​លឿន​ ដែល​ធ្វើ​ឲ្យ​រដ្ឋសភា​របស់​យើង​មាន​លទ្ធិ​ប្រជាធិបតេយ្យ​ពិត​ប្រាកដ»។​

សមាជិក​សភា​នៃ​គណបក្ស​ សហភាព​ សាមគ្គីភាព​និង​អភិវឌ្ឍន៍​ ដែល​កង​យោធា​គាំទ្រ​ លោក​ វិន អ៊ូ​ Win Oo​ បាន​សរសើរ​សេចក្តី​សម្រេច​ចិត្ត​របស់​លោក​ស្រី​ អោន​ សាន​ ស៊ូជ ដែលឈប់​ធ្វើ​ពហិការ​ទៅ​វិញ​នោះ។

ចិន៖ សកម្មជន​ពិការ​ភ្នែក​ចិន​ម្នាក់​ ដែល​បាន​ជ្រក​កោន​នៅ​ក្នុង​ស្ថានទូត​អាមេរិក​នៅ​ក្រុងប៉េកាំងជិត​មួយ​សប្តាហ៍​បាន​បង្ហាញ​មុខ​ ហើយ​មន្រ្តី​អាមេរិកាំង​និយាយ​ថា ចិន​បាន​យល់​ព្រម​នាំ​លោក​ទៅ​ដាក់​នៅ​កន្លែង​«សុខ​សាន្ត​មួយ»។​

តែលោក​ ចិន គួងឆេង ​Chen​ Guangcheng​ បាន​ប្រាប់​ទី​ភ្នាក់ងារ​ព័ត៌មាន​ Associated​ Press​ បន្ទាប់​ពី​បាន​ចេញ​ពី​ស្ថានទូត​ថា​ លោក​ចង់​ចេញ​ពី​ប្រទេស​ចិន​ជា​មួយ​គ្រួសារ​លោក​ ពីព្រោះ​លោក​ខ្លាច​បាត់​បង់​ជីវិត។​ លោក​ក៏​បាន​និយាយ​ដែរ​ថា​ មន្រ្តី​ស្ថានទូត​អាមេរិក​បាន​ប្រាប់​លោក​ថា​ អាជ្ញាធរ​ចិន​នឹង​វាយ​ភរិយា​លោក​ទាល់​ស្លាប់​ បើ​លោក​មិន​ចេញ​ពី​ស្ថានទូត​នៅ​ក្រុង​ប៉េកាំង​ ទៅ​វិញ​ទេ។​

អេហ្ស៊ីប៖ អំពើ​ហិង្សា​បាន​ផ្ទុះ​ឡើង​នៅ​មុន​ការ​បោះ​ឆ្នោត​ក្នុង​រដ្ឋធានី​ឡឹគែរ បណ្តាល​ឲ្យ​ស្លាប់​មនុស្ស​ ១១​ នាក់​ និង​របួស​មនុស្ស​ជាង​ ១០០​ នាក់​ទៀត​ បង្ខំ​ឲ្យ​បេក្ខជន​ប្រធានាធិបតី​ជា​ច្រើន​នាក់​បញ្ឈប់​យុទ្ធនាការ​របស់​ខ្លួន។​

អាហ្វហ្គានីស្ថាន៖ ពួក​បះបោរ​បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​ ៧​ នាក់​ និង​ធ្វើ​ឲ្យ​របួស​ ១៧​ នាក់​ទៀត​ ភាគ​ច្រើន​ជា​កុមារ​ នៅ​ក្រុង​កាប៊ុល​កាល​ពី​ថ្ងៃ​ពុធ​ ក្នុង​ពេល​ពីរ​ម៉ោង​ប៉ុណ្ណោះ​បន្ទាប់​ពី​លោក​ប្រធានាធិបតី​ស.រ.អ​ បារ៉ាក់ អូបាម៉ា បាន​ចាក​ចេញ​ពី​ប្រទេសនេះ នៅ​ក្រោយ​ទស្សនកិច្ច​ដ៏​ខ្លី​មួយ​ដែល​គេ​មិន​បាន​ប្រកាស​ឲ្យ​ដឹង​មុន។​

ម៉ាលី៖ ស្នូរ​កាំភ្លើង​បាន​ផ្ទុះ​ឡើង​ជា​ថ្មី​ កាល​ពី​ថ្ងៃ​ពុធ​ នៅ​ក្នុង​រដ្ឋធានី​បាណាកូ​ នៃ​ប្រទេស​ម៉ាលី​ នៅ​ពេល​ដែល​កងទ័ព​អ្នក​ទម្លាក់​ប្រធានាធិបតី​នៃ​ប្រទេស​នេះ​ កំពុង​ស្វែង​រក​មនុស្ស​អ្នក​ទទួល​ខុស​ត្រូវ​នៅ​ក្នុង​ការ​ប៉ុន​ប៉ង​ធ្វើ​រដ្ឋ​ប្រហារ​ប្រឆាំង​មក​វិញ​នៅ​ដើម​សប្តាហ៍​នេះ។​

ស៊ីរី៖ អង្គការ​សិទ្ធិ​មនុស្ស​អន្តរជាតិ​មួយ​កាល​ពី​ថ្ងៃ​ពុធ​ បាន​ចោទ​រដ្ឋាភិបាលស៊ីរី​ អំពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម​ នៅ​ពេល​ដែល​ក្រុម​ប្រឆាំង​និយាយ​ថា​ ពួក​ឧទ្ទាម​បាន​សម្លាប់​សមាជិក​កម្លាំង​សន្តិសុខ​១៥នាក់​ ក្នុង​ខណៈ​ដែល​បទ​ឈប់​បាញ់​គ្នា​ដែល​អ.ស.ប​ជួយ​គាំទ្រ​កំពុង​តែ​រលាយ​ទៅ​វិញ។​

ស៊ូដង់​ខាង​ត្បូង៖ ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ បាន​អនុម័ត​សេចក្តី​សម្រេចមួយ​ អំពាវនាវ​ឲ្យ​ប្រទេសស៊ូដង់ និង​ស៊ូដង់​ខាង​ត្បូង​ឈប់​វាយ​ប្រយុទ្ធ​គ្នា​និង​ដោះស្រាយ​បញ្ហា​របស់​ខ្លួន​ បើ​មិន​ដូច្នោះ​ទេ​នឹង​ប្រឈម​មុខ​ការ​ដាក់​ទណ្ឌកម្ម​បន្ថែម។​

XS
SM
MD
LG