នាយករដ្ឋមន្ត្រីខ្មែរហ៊ុនសែនបានបញ្ជាឱ្យមានការស៊ើបអង្កេតមួយរបស់រដ្ឋាភិបាលអំពីការបាញ់សម្លាប់អ្នកការពារបរិស្ថានល្បីឈ្មោះម្នាក់កាលពីសប្តាហ៍មុនក្នុងការប្រឈមមុខមួយជាមួយពួកប៉ូលីសយោធាក្នុងភាគខាងលិចនៃប្រទេសកម្ពុជា។
ពួកអ្នកកាសែតបស្ចឹមប្រទេសបានឃើញបទបញ្ជារបស់នាយករដ្ឋមន្ត្រីខ្មែរកាលពីថ្ងៃអង្គារ។បទបញ្ជានេះទាមទារឱ្យមានសេចក្តីរាយការណ៍ពេញលេញមួយអំពីមរណភាពរបស់លោកឈុត វុឌ្ឍី សកម្មជនប្រឆាំងនឹងការកាប់ព្រៃឈើដែលបានត្រូវសម្លាប់កាលពីថ្ងៃទី២៦ខែមេសានៅពេលលោកថតភ័ស្តុតាងការកាប់ឈើដោយខុសច្បាប់នៅជិតព្រៃមានបញ្ហាខាងបរិស្ថានដែលលោកបានចំណាយពេលវេលាភាគច្រើននៃជីវិតរបស់លោកព្យាយាមការពារ។កាលពីប៉ុន្មានឆ្នាំថ្មីៗនេះលោកក៏បានជួយក្រុមបរិស្ថានអន្តរជាតិក្នុងការប្រមួលឯកសារអំពីការកាប់ឈើហ៊ុបសម្រាប់លក់ដោយខុសច្បាប់ក្នុងតំបន់នោះដែរ។
អ្នកកាសែត២នាក់ដែលបានអមដំណើរសកម្មជនរូបនេះបាននៅរស់ពីការប្រឈមមុខគ្នានេះ។ពួកគេបាននិយាយប្រាប់កាសែត Cambodia Daily ថាការប្រឈមមុខដាក់គ្នានេះមានភាពឃោរឃៅនៅពេលលោក វុឌ្ឍីប្រកែកមិនព្រមប្រគល់ម៉ាស៊ីនថតដែលលោកបានប្រើដើម្បីថតការរំលោភលើបរិស្ថានក្នុងខេត្តកោះកុង។
អឺរ៉ុប៖ កម្មកររាប់សែននាក់បានដើរក្បួននៅតាមផ្លូវក្នុងទីក្រុងនានានៅទូទាំងពិភពលោកដើម្បីប្រារព្ធទិវាពលកម្មអន្តរជាតិហើយអំពាវនាវឱ្យមានប្រាក់បៀវត្សច្រើនជាងមុននិងឱ្យមានស្ថានភាពការងារល្អប្រសើរជាងមុនផងដែរ។
នៅក្នុងទ្វីបអឺរ៉ុប ក្រុមកម្មករបានដើរពេញវិថីក្នុងក្រុងអាតែន Athens, ប៉ារីសParis, ម៉ាឌ្រីដMadrid និងកន្លែងឯទៀតៗដែលនៅទីនោះការតវ៉ាបានត្រូវបង្កើនទ្បើងដោយកំហឹងដែលកើនខ្លាំងទ្បើងៗទៅលើវិធានការត្បិតត្បៀតដែលរដ្ឋាភិបាលបានដាក់កំហិតដើម្បីកាត់បន្ថយឱនភាពថវិការបស់ពួកគេ។នៅទីក្រុងម៉ាឌ្រីដ Madrid មនុស្សរាប់ពាន់នាក់បានធ្វើបាតុកម្មប្រឆាំងនឹងអត្រាគ្មានការងារធ្វើខ្ពស់បំផុតក្នុងសហភាពមានប្រទេសជាតិ១៧ដែលប្រើប្រាស់ប្រាក់អឺរ៉ូនិងជំទាស់កំណែទម្រង់ខាងការងារដែលធ្វើឱ្យមានការងាយស្រួលជាងមុនក្នុងការបណ្តេញកម្មករពីការងារ។
ស៊ីរី៖ ពួកសកម្មជនស៊ីរីបាននិយាយថាអំពើឃោរឃៅបានបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់២៣នាក់ស្លាប់ នៅពេលដែលពួកអ្នកសង្កេតការអន្តរជាតិច្រើនជាងមុនបានចាប់ផ្តើមត្រូវដាក់ពង្រាយដើម្បីគាំទ្រផែនការឈប់បាញ់គ្នាមួយដែលគ្មានជោគជ័យក្នុងការបញ្ចប់ចលាចលជាងមួយឆ្នាំមកនេះ។
ម៉ាលី៖ ពួកទាហានរបស់ក្រុមប្រឹក្សាយោធាគ្រប់គ្រងប្រទេសម៉ាលីបានត្រួតត្រាមូលដ្ឋានធំជាងគេនៃពួកទាហានដែលស្មោះត្រង់នឹងប្រធានាធិបតី ទូម៉ានី ទួរToumani Toure ដែលបានត្រូវបណ្តេញចេញពីតំណែងនៅក្រោយការប្រយុទ្ធគ្នាយ៉ាងខ្លាំងក្នុងថ្ងៃទីពីរ។
ស.រ.អ៖ លោកប្រធានាធិបតីស.រ.អ.បារ៉ាក់អូបាម៉ាបានអញ្ជើញទៅដល់ប្រទេសអាហ្វហ្កានិស្ថានហើយក្នុងការធ្វើដំណើរសម្ងាត់មួយដើម្បីប្រារព្ធខួបឆ្នាំទីមួយនៃការសម្លាប់អូសាម៉ា ប៊ីនឡាដេនOsama bin-Laden មេដឹកនាំអង្គការអាល់ កៃដាal-Qaida។
អាហ្វហ្គានីស្ថាន៖ ពួកបាតុកររាប់រយនាក់បានរាំងផ្លូវhighway សំខាន់មួយកាលពីថ្ងៃអង្គារនៅក្នុងប៉ែកខាងកើតនៃប្រទេសអាហ្វហ្កានិស្ថានដោយចោទប្រកាន់ថាការវាយឆ្មក់មួយដោយក្រុមទាហានរដ្ឋាភិបាលអាហ្វហ្កានិស្ថាននិងពួកទាហានអូតង់បានបណ្តាលឱ្យជនស៊ីវិល២នាក់ស្លាប់។
អាហ្វាហ្គានីស្ថាន៖ បងប្អូនសាច់ថ្លៃបីនាក់របស់នារីអាហ្វហ្កានិស្ថានម្នាក់ដែលបានត្រូវឃុំឃាំងនិងត្រូវធ្វើទារុណកម្មយ៉ាងឃោរឃៅបានត្រូវកាត់ទោសម្នាក់ៗឱ្យជាប់គុក១០ឆ្នាំពីព្រោះបានរំលោភលើនាង។