nថ្លែងនៅក្នុងព្រឹត្តិការណ៍មួយក្នុងរដ្ឋធានីវ៉ាស៊ីនតោន កាលពីថ្ងៃច័ន្ទ លោក ចនប្រេណាន់ មន្ត្រីសេតវិមានបានសរសើរអ្វីដែលលោកបានហៅថាការវាយប្រហារដោយយន្តហោះគ្មានអ្នកបើកដែលមានលក្ខណៈដូចជា «ការវះកាត់ចំគោលដៅដោយកាំរស្មី laser» ដើម្បីកាត់យកចេញ «ដុំពកមហារីក» នៃភេរវកម្មដោយមិនបំផ្លាញ «ជាលិកាស៊ីវិល» នៅជុំវិញវា។
លោកប្រេណាន់ បានមានប្រសាសន៍ថាទោះបីជានៅពេលខ្លះមានជនស៊ីវិលស្លាប់ក៏ដោយក៏កាលពីមុនមិនដែលមានអាវុធណាមួយដែលអនុញ្ញាតឱ្យអាមេរិកបញ្ជាក់អត្តសញ្ញាណមេដឹកនាំ អាល់កៃដា ម្នាក់ដោយប្រុងប្រយ័ត្ន ហើយយកជននេះជាគោលដៅនៃការវាយប្រហារខណៈដែលធ្វើឱ្យការខូចខាតដែលក្នុងពេលនោះមានតិចបំផុត។
អ៊ុយក្រែន៖ បានហៅថាជា«កលល្បិចសង្គ្រាមត្រជាក់នូវវិធានការមួយដោយពួកមន្ត្រីជាន់ខ្ពស់សហភាពអឺរ៉ុបដែលធ្វើពហិការមិនចូលរួមក្នុងព្រឹត្តិការណ៍នានាក្នុងប្រទេសអ៊ុយក្រែន ដើម្បីតវ៉ាដល់ការដាក់គុកនិងការប្រព្រឹត្តទៅលើលោកស្រីអតីតនាយករដ្ឋមន្ត្រី យូលា ទីម៉ូសេនកូ។
លោក អីឡេ វ៉ូឡូស៊ីន អ្នកនាំពាក្យក្រសួងការអ៊ុយក្រែន បាននិយាយថាលោកសង្ឃឹមថារបាយការណ៍ដែលថាលោកស្រី Angela Merkel អធិការបតីអាល្លឺម៉ង់នឹងមិនទៅមើលការប្រកួតកីទ្បាបាល់ទាត់ទ្វីបអឺរ៉ុបឆ្នាំ២០១២ដែលត្រូវចាត់ចែងដោយអ៊ុយក្រែន គ្មានអ្វីក្រៅពីការនិយាយប៉ាន់ស្មានដោយកាសែតទេ។ លោកបានសុំឱ្យអាល្លឺម៉ង់កុំប្រើវិធីក្នុងសម័យសង្គ្រាមត្រជាក់ដែលយកកីទ្បាជាចំណាប់ខ្មាំងខាងនយោបាយ។
លោក ចូសេ មានូអ៊ែល បារ៉ូសូJose Manuel Barroso ប្រធានគណៈកម្មការសហភាពអឺរ៉ុបបាននិយាយថាលោកនឹងធ្វើតាមលោកស្រី វីវាន រ៉េឌីងViviane Reding ស្នងការយុត្តិធម៌នៃសហភាពអឺរ៉ុបដែលបានថ្លែងថាលោកស្រីនឹងមិនចូលរួមក្នុងពិធីបើកការប្រកួតកីទ្បានេះទេ។
ស៊ីរី៖ ក្រុមសកម្មជនស៊ីរីមួយបាននិយាយថាការវាយប្រហារ២លើកដោយគ្រាប់បែកនៅជិតអគារសន្តិសុខក្នុងក្រុងអ៊ីតលីប នាប៉ែកពាយ័ព្យប្រទេសបានបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់២០នាក់ស្លាប់ នៅពេលដែលយុទ្ធនាការបំផ្ទុះគ្រាប់បែកប្រឆាំងនឹងទីដៅរបស់រដ្ឋាភិបាលស៊ីរីបានកើនខ្លាំងទ្បើងៗ។
នីហ្សេរីយ៉ា៖ អាជ្ញាធរនៅផ្នែកខាងកើតនៃប្រទេសនីហ្សេរីយ៉ា បាននិយាយថាការបំផ្ទុះគ្រាប់បែកអត្តឃាតមួយដែលបានយកមន្ត្រីប៉ូលីសម្នាក់ជាគោលដៅនៃការវាយប្រហារបានបណ្តាលឱ្យមនុស្ស១១នាក់ស្លាប់។
សហរដ្ឋអាមេរិក៖ លោកប្រធានាធិបតីបារ៉ាក់ អូបាម៉ា និងលោកនាយករដ្ឋមន្ត្រីជប៉ុនយូស៊ីហ៊ីកូ ណូដា បានប្រកាសអំពីទស្សនវិស័យរួមគ្នាថ្មីមួយដែលបានត្រូវរចនាទ្បើងដើម្បីពង្រឹងសម្ព័ន្ធភាពរបស់ប្រទេសពួកគេទាំងពីរដែលបានចុះខ្សោយកាលពីប៉ុន្មានឆ្នាំមុននេះនិងជួយធ្វើឱ្យតំបន់អាស៊ីប៉ាស៊ីហ្វិកមានភាពល្អប្រសើរជាងមុន។
តៃវ៉ាន់៖ សមាជិកសភាកោះតៃវ៉ាន់មួយក្រុមបានទៅទស្សនាប្រជុំកោះមានជម្លោះមួយក្នុងសមុទ្រចិនខាងត្បូងដើម្បីបង្ហាញជាថ្មីការទាមទាររបស់តៃវ៉ាន់ក្នុងតំបន់នោះ។
ឥណ្ឌា៖ អាជ្ញាធរបាននិយាយថាមានមនុស្សយ៉ាងតិចណាស់៦៨នាក់បានស្លាប់ហើយ១៣០នាក់់ទៀតបានបាត់ខ្លួន ក្រោយពីនាវាចម្លងមួយគ្រឿងបានក្រទ្បាប់លិចក្នុងប៉ែកឦសាននៃប្រទេស។
ចិន៖ លោកប្រធានាធិបតីសហរដ្ឋអាមេរិកបានប្រកែកមិនព្រមបញ្ជាក់ថាតើអ្នកប្រឆាំងចិនពិការភ្នែកម្នាក់ដែលបានរត់គេចខ្លួនកាលពីពេលថ្មីៗនេះចេញពីការឃុំឃាំងក្នុងផ្ទះក្នុងក្រុងប៉េកាំងឋិតនៅក្រោមកិច្ចការពាររបស់អាមេរិកយ៉ាងណាឬបែបណា។
បង់ក្លាដេស៖ ពួកប៉ូលីសបានចោទប្រកាន់ពួកសកម្មជនប្រឆាំងយ៉ាងតិចណាស់២៨នាក់បង់ក្លាដេស ក្រោយពីមានការបំផ្ទុះគ្រាប់បែកមួយចំនួនក្នុងរដ្ឋធានី។