យោងទៅតាមទីភ្នាក់ងារព័ត៌មានបារាំងអាអេហ្វប៉េ អ.ស.ប. និងសហភាពអឺរុបបានអំពាវនាវដល់រដ្ឋាភិបាលកម្ពុជា ឲ្យរៀបចំយ៉ាងឆាប់រហ័សនូវការស៊ើបអង្កេតឯករាជ្យ អំពីឃាតកម្មមកលើសកម្មជនល្បីឈ្មោះអ្នកការពារបរិស្ថាន។
លោក ឈុត វុទ្ធី អាយុ៤៣ឆ្នាំ បានត្រូវប៉ូលីសយោធាបាញ់សម្លាប់នៅថ្ងៃទី២៦ខែមេសា នៅពេលដែលលោកកំពុងប្រមូលយកឯកសារភស្ដុតាងនៃការកាប់ព្រៃឈើខុសច្បាប់ក្នុងព្រៃដាច់ស្រយាល ដែលជាករណីមួយធ្វើឲ្យមានការភ្ញាក់ផ្អើលទូទាំងប្រទេស។
មន្ដ្រីយោធានិយាយថា ឃាតករបានប្រើកាំភ្លើង AK-47បាញ់ខ្លួនឯងពីរដងនៅលើដើមទ្រូង ដែលជាការអះអាងនេះមនុស្សជាច្រើនមានការសង្ស័យថាមិនពិត។
អ្នកនាំពាក្សរបស់អគ្គស្នងការអ.ស.ប.ខាងកិច្ចការការពារសិទ្ធិមនុស្សថ្លែងនៅក្នុងទីក្រុងហ្សឺណែវថា៖ «ថ្វីបើគ្មានតម្លាភាពនៅពេលនេះអំពីអ្វីដែលកើតមានឡើងយើងមានការព្រួយបារម្ភថា ការបាញ់សម្លាប់លោក វុទ្ធី កត់សម្គាល់ការវាយប្រហារដោយអាវុធជាច្រើនគ្រាមកលើអ្នកការពារសិទ្ធិមនុស្សនៅក្នុងប្រទេសកម្ពុជា»។
លោកថ្លែងទៀតថា៖ «យើងអំពាវនាវដល់រដ្ឋាភិបាលខ្មែរឲ្យធានាថា វិធានការស៊ើបអង្កេតស៊ីវិលពេញលេញ សមធ្វើឡើងយ៉ាងឆាប់រហ័សដោយយុត្ដិធម៌និងឯករាជ្យ»។ នេះបើតាមពាក្យលោក Rupert Colville ថ្លែងប្រាប់ទីភ្នាក់ងារព័ត៌មានអាអេហ្វប៉េកាលពីល្ងាចថ្ងៃអង្គារ។
ព័ត៌មានអន្តរជាតិសំខាន់ៗដទៃទៀត៖
ចិន-អាមេរិក៖ មន្ដ្រីអាមេរិកាំងនិយាយថា សកម្មជនចិនខ្វាក់ភ្នែកដែលគេចចេញពីការឃុំឃាំងក្នុងផ្ទះ ហើយចូលទៅជ្រកកោននៅក្នុងស្ថានទូតស.រ.អ ក្នុងក្រុងប៉េកាំងបានចាកចេញទៅរកទីកន្លែងថ្មី ដើម្បីព្យាបាលជំងឺ ហើយនិងជួបជុំជាមួយគ្រួសារ។
កូរ៉េខាងជើង៖ យោងទៅតាមអ្នកជំនាញនុយក្លេអ៊ែរកូរ៉េខាងត្បូងម្នាក់ដែលនិយាយថា វាហាក់ដូចជាកូរ៉េខាងជើងរៀបចំស្រេចដើម្បីធ្វើតេស្តអាវុធនុយក្លេអ៊ែរ ជាលើកទីបី ហើយរង់ចាំ ការសម្រេចនយោបាយដើម្បីអនុវត្ដ។
ឥណ្ឌា-ចិន៖ យោងតាមពាក្យសម្តីរបស់រដ្ឋមន្ដ្រីឥណ្ឌាម្នាក់ ដែលនិយាយកាលពីថ្ងៃពុធនេះថា ប្រទេសចិនបានបំពានមកលើដែនអាកាសរបស់ប្រទេសឥណ្ឌាចំនួនពីរដងកាលពីខែមិនា។ ឧទ្ធម្ភាគចក្រចិនបានហោះចូលទៅក្នុងដែនអាកាសឥណ្ឌានៅថ្ងៃទី១៦ និង ១៩ខែមិនា។ លោករដ្ឋមន្ដ្រីការពារប្រទេសឥណ្ឌា A K Antony ថ្លែងប្រាប់រដ្ឋសភា ដោយបញ្ជាក់ថា ឧប្បត្តិហេតុនោះកើតឡើងនៅពេលឧទ្ធម្ភាគចក្រពីរគ្រឿងរបស់ចិន បានចូលទៅក្នុងដែនអាកាសឥណ្ឌា។
ជប៉ុន៖ រដ្ឋាភិបាលតូក្យូបានរៃអង្គាសប្រាក់បាន១លានដុល្លារជាអំណោយដើម្បីទិញយកតំបន់កោះដែលមានជម្លោះ។ នេះបើតាមពាក្យរបស់អាជ្ញាធរក្រុងកាលពីថ្ងៃពុធក្រោយពីអភិបាលក្រុង បានប្រកាសអំពីគម្រោងទិញយកកោះនោះមក។
អាមេរិក៖ ប្រធានាធិបតីបារ៉ាក់ អូបាម៉ា កត់សម្គាល់ខួបឆ្នាំទីមួយនៃមរណភាពរបស់មេដឹកនាំអាល់កៃដា អូសាម៉ា ប៊ិនឡាឌិន ដោយលោកធ្វើដំណើររយៈពេលខ្លីទៅកាន់ប្រទេសអាហ្វហ្គានីស្ថាន ហើយលោកបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងយុទ្ធសាស្ដ្រជាមួយរដ្ឋាភិបាលកាប៊ូល ហើយនិងថ្លែងជាសារសម្រាប់យុទ្ធនាការបោះឆ្នោតនៅឆ្នាំនេះប្រាប់ពលរដ្ឋអាមេរិកាំងថា សង្រ្គាមបានចុះថយកម្រិត។
អាមេរិក៖ អតីតប្រធានរដ្ឋសភា លោក Newt Gingrich ត្រូវរំពឹងថានឹងបញ្ឈប់យុទ្ធនាការរកការតែងតាំងជាបេក្ខជនប្រធានាធិបតីស.រ.អ. ពីគណបក្សសាធារណរដ្ឋ ក្រោយពីលោកបានយកជ័យជម្នះក្នុងការបោះឆ្នោតបឋមតែពីរ ហើយជំពាក់ប្រាក់បំណុលពីការចំណាយឃោសនាដល់ទៅ៤លានដុល្លារ។
ភូមា៖ មេដឹកនាំលទ្ធិប្រជាធិបតេយ្យភូមា លោកស្រី អ៊ុងសាន ស៊ូជី បានធ្វើសម្បថចូលកាន់តំណែងតាមផ្លូវការ ជាសមាជិកានៅក្នុងរដ្ឋសភាជាលើកទីមួយ ក្រោយពីបានស្ថិតនៅក្នុងការឃុំឃាំងក្នុងផ្ទះជាងពីរទសវត្សរ៍។