ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ជន​រងគ្រោះ​ខ្មែរក្រហម​ក្នុង​ខេត្ត​សៀមរាប​ទន្ទឹង​យុត្តិធម៌


រូបថត​នៃ​ស្រ្តី​ដែល​ជនរងគ្រោះ​ក្នុង​សម័យ​ខ្មែរ​ក្រហម​ ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ក្នុង​សារៈមន្ទីរជាតិ​ប្រល័យ​ពូជសាសន៍​ ទួលស្លែង​។
រូបថត​នៃ​ស្រ្តី​ដែល​ជនរងគ្រោះ​ក្នុង​សម័យ​ខ្មែរ​ក្រហម​ ត្រូវ​បាន​ដាក់​បង្ហាញ​នៅ​ក្នុង​សារៈមន្ទីរជាតិ​ប្រល័យ​ពូជសាសន៍​ ទួលស្លែង​។

ជន​រងគ្រោះក្នុង​របបខ្មែរក្រហមនៅខេត្ត​សៀមរាប​រំពឹង​រង់ចាំ​យុត្តិធម៌​ពិត​រយៈ​ពេល​ជាង​៣០ឆ្នាំ​ហើយ​ តែ​មិន​ទាន់​បាន​ដឹង​ការពិត​អំពី​ការ​កាប់សម្លាប់​ដ៏​រង្គាល​នា​សម័យ​នោះ​នៅ​ឡើយ​ទេ។

យុត្តិធម៌​ក៏​នៅ​មិនទាន់​ត្រូវ​បាន​គេ​ផ្តល់​ឱ្យ​នៅ​ឡើយ​ សម្រាប់អ្នកដែល​បាន​បាត់បង់​សមាជិក​គ្រួសារ​ និង​ការ​ឈឺ​ចាប់​ផ្ទាល់​ខ្លួន។ ​ប៉ុន្តែ​ឥឡូវ​នេះ​អ្វី​ដែល​ជា​ការ​រង់ចាំ ​និង​ចង់​ឃើញ​គឺ​កំពុង​តែ​លេចចេញ​ជា​រូបរាង​បន្តិច​ម្តងៗ​ ហើយ​សម្រាប់​ពួក​គេ។

សាលាក្តី​កាត់ទោស​មេដឹកនាំ​ខ្មែរក្រហម​បាន​ចាប់​ផ្តើម​ដំណើរ​ការ​សវនាការ​លើ​សំណុំរឿង​០០២​ កាល​ពី​ថ្ងៃ​ច័ន្ទ​ ទី​២១​ ខែ​វិច្ឆិកា​នេះ។​ មាន​មេដឹកនាំ​ជាន់​ខ្ពស់​បី​រូប​ត្រូវ​បាន​តុលាការ​យក​មក​កាត់ទោស ​គឺ ​នួន​ ជា ​អតីត​បង​ធំ​ទី​ពីរ​ ខៀវ ​សំផន​ អតីត​ប្រមុខរដ្ឋ ​និង​អៀង ​សារី ​អតីត​រដ្ឋមន្ត្រី​ការ​បរទេស ​ដែល​អ្នក​ទាំង​នេះ​កំពុង​ជាប់​ចោទ​ពី​បទ​ឧក្រិដ្ឋ​ជា​ច្រើន​ ដែល​បាន​កើត​ឡើង​ក្នុង​របប​របស់​ពួក​គេ ​ដូច​ជា​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជសាសន៍​ និង​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​ជា​ដើម ​ដែល​ធ្វើ​ឱ្យ​ពលរដ្ឋ​ជិត​២​លាន​នាក់​ស្លាប់។

ជន​រងគ្រោះ​ជា​ច្រើន​កំពុង​តែ​តាម​ដាន​យ៉ាង​យក​ចិត្ត​ទុក​ដាក់​អំពី​ការ​ជំនុំ​ជម្រះ​នេះ​ដើម្បី​បាន​ដឹង​អំពី​ការពិត ​និង​ជោគ​វាសនា​របស់​មេដឹកនាំ​ ដែល​គេ​គិត​ថា​ ជា​អ្នក​ទទួល​ខុស​ត្រូវ​ខ្ពស់​បំផុត​នៅ​ក្នុង​របប​នោះ។ ​ពួក​គេ​បាន​ឱ្យ​ដឹង​ថា ​អ្វី​ដែល​ពួក​គេ​ចង់​បាន​គឺ​យុត្តិធម៌​ពិត​ ប្រាកដ​ និង​សន្តិភាព​ផ្លូវ​ចិត្ត​ ផ្លូវ​អារម្មណ៍។

អ្នកស្រី​គីប៉ាវ​ អាយុ​៤២​ឆ្នាំ ​កំពុង​រស់នៅ​ក្នុង​ខេត្ត​សៀមរាប​គឺ​ជា​ជន​រងគ្រោះ​ម្នាក់។ អ្នកស្រី​បាន​និយាយ​ថា ​អ្នកស្រី​ពិត​ជា​ចង់​ដឹង​ថា​ ហេតុអ្វី​បាន​ជា​របប​នោះ​សម្លាប់​មនុស្ស។

អ្នកស្រី​គី ​ប៉ាវ​មាន​ដើម​កំណើត​នៅ​ឃុំ​ស្យា​ ស្រុក​កណ្តៀង ​ខេត្ត​ពោធិសាត់​ ជា​ទី​ដែល​ឪពុក​ម្តាយ​របស់​អ្នកស្រី​ត្រូវ​ពួក​ខ្មែរ​ក្រហម​សម្លាប់​ បន្សល់​ទុក​ឱ្យ​អ្នកស្រី​ក្លាយ​ទៅ​ជា​ក្មេង​កំព្រា​នៅ​អាយុ​ត្រឹម​តែ​៧​ឆ្នាំ​ប៉ុណ្ណោះ។ ​អ្នកស្រី​គី ​ប៉ាវ ​បាន​ស្រក់​ទឹក​ភ្នែក​ ពេល​រំឭក​ដល់​មរណភាព​របស់​ឪពុក​ម្តាយ​គាត់​ ដោយ​គាត់​បាន​ថ្លែង​ថា៖​«នឹក​ឃើញ​អត់​ភ្លេច​ទេ​ ចងចាំ​តែ​រហូត​ហ្នឹង។ ​ពេល​នឹក​ឃើញ​ដល់​ម៉ែ​ ដល់​ប៉ា​ខ្ញុំ​ គឺ​ខ្ញុំ​ក្តៅណាស់ ​អត់​ត្រជាក់​ទេ​ ព្រោះអី​ ខ្ញុំ​ មួយ​ជីវិត​នេះ​ ​ខ្ញុំ​កំសត់។ ​ខ្ញុំ​មិន​ដែល​មាន​ម៉ែ​ឪ​ហៅ​ទេ។ ​ចង់​ឱ្យ​គេ​រក​យុត្តិធម៌​ឱ្យ​គាត់​ថា​ ហេតុម៉េច​បាន​គេ​យក​មនុស្ស​ស្លូត​ត្រង់​ទៅ​សម្លាប់​ធ្វើ​បាប​ គ្មាន​ត្រា​ប្រណី​ដូច​សត្វ​ធាតុ»។

អ្នកស្រី​គី​ ប៉ាវ​បាន​រំឭក​ថា ​កាល​នោះ​ឪពុក​ម្តាយ​របស់​អ្នកស្រី​ត្រូវ​បាន​ពួក​ខ្មែរក្រហម​ចោទប្រកាន់​ថា ​ជា​ពួក​នាយទុន ​សក្តិភូមិ​ មុន​ពេល​ត្រូវ​គេ​សម្លាប់។ ​អ្នកស្រី​បាន​បញ្ជាក់​ថា​ អ្នកស្រី​បាន​ជួប​មុខ​ឪពុក​ម្តាយ​តែ​ពីរ​ដង​ប៉ុណ្ណោះ​ ចាប់​តាំង​ពី​ការ​ចាប់​ខ្លួន​គាត់​ទៅ។

«ម៉ាក់​ខ្ញុំ​យក​ខ្ញុំ​ទៅ​លេង​គាត់។​ គេ​ដាក់​ច្រវ៉ាក់​ដៃ​ជើង​ ច្រវ៉ាក់​ធំ​ ដូច​ដាក់​ដំរី។ ​ខ្ញុំ​យំ​ នៅ​ពេល​ឃើញ​គាត់។ ​ជួប​គាត់​ពីរ​ដង​គត់។ ​រួច​គេ​ប្រាប់​ថា​ ពួក​គាត់​គេ​យក​ទៅ​សម្លាប់​ហើយ»។

អ្នកស្រី​គី ​ប៉ាវ ​ដែល​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី​មួយ​រូប​ផង​នោះ​ កំពុង​តែ​តាមដាន​ដំណើរការ​សវនាការ​នេះ​ ដោយមាន​ក្តី​សង្ឃឹម​ថា ​អ្នកស្រី​អាច​ទទួល​បាន​យុត្តិធម៌​ ដែល​អ្នកស្រី​ទន្ទឹង​រង់ចាំ​អស់​ពេល​ជា​យូរ​មក​ហើយ​នោះ។

លោក​សំ​ សែន​ជា​ជន​រងគ្រោះ​ម្នាក់​ទៀត​ រស់នៅ​ក្នុង​ខេត្ត​សៀមរាប​ ហើយ​ក៏​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី​មួយ​រូប​ដែរ។ ​លោក​បាន​បាត់បង់​ឪពុកម្តាយ​និង​សាច់ញាតិ​សរុប​ប្រមាណ​២០​នាក់ ​ដោយសារ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ។ ​លោក​បាន​ថ្លែង​ថា ​អ្វី​ដែល​លោក​ចង់​បាន​គឺ​ចង់​ឱ្យ​សាលាក្តី​ហ្នឹង​ផ្តល់​នូវ​យុត្តិធម៌​ពិត​ប្រាកដ​ជូន​អ្នក​ស្លាប់​ និង​ជន​រងគ្រោះ​ដែល​នៅរស់។

«តាមពិតទៅ​គឺ​យើង​គ្រាន់​តែ​ចង់​ឱ្យ​សាលាក្តី​ហ្នឹង​ផ្តល់​យុត្តិធម៌​ពិតប្រាកដ​ ជូន​អ្នក​ដែល​ស្លាប់​ទៅ​ និង​ជន​រងគ្រោះ​ ដែល​រស់នៅ។​ ប៉ុន្តែ​អ្វី​ដែល​ខ្ញុំ​មើល​ឃើញ​គឺ​ដំណើរការ​ ដូច​ជា​មាន​សង្ឃឹម​តិច​ណាស់​ថា ​នឹង​បាន​យុត្តិធម៌​ព្រោះអី​តុលាការ​មាន​ការ​ជ្រៀតជ្រែក។​ អញ្ចឹង​ពាក្យ​ថា​ ស្វែង​រក​យុត្តិធម៌​ជូន​ជន​រងគ្រោះ ​គ្រាន់​តែ​ជា​ពាក្យ​លួងលោម​បោក​បញ្ឆោត​ហ្នឹង។

«បើ​គិត​ឱ្យ​ដល់​ទៅ​ពាក្យ​ថា ​ស្វែង​រក​យុត្តិធម៌​ មិនមែន​យុត្តិធម៌​មាន​កម្រិត​ទេ ​ហើយ​អ្វី​ដែល​ខ្ញុំ​ចាប់​អារម្មណ៍​ជាង​គេ​គឺ​អ្នក​ដែល​ពាក់ព័ន្ធ​របប​៣​ឆ្នាំ​៨​ខែ​២០​ថ្ងៃ ​គឺ​មិនមែន​តែ​ខ្មែរ​ទេ​ គឺ​មាន​ទាំង​បរទេស។​ បើ​យើង​ចង់​ស្វែង​រក​យុត្តិធម៌​ទាល់​តែ​យើង​កាត់ទោស​អ្នក​ពាក់ព័ន្ធ​ដែរ»។

ទាក់ទង​ទៅ​នឹង​បណ្តឹង​រដ្ឋប្បវេណី​ លោក​បាន​បញ្ជាក់​ថា ​សំណង​នោះ​វា​មិន​សំខាន់​មែនទែន​ទេ​សម្រាប់​លោក ​តែ​ជា​យុត្តិធម៌​ពិតប្រាកដ ​និង​សន្តិភាព​ផ្លូវ​ចិត្ត ​យុត្តិធម៌​ ដែល​អាច​ទទួល​យក​បាន​ក្នុង​អារម្មណ៍​ និង​ក្នុង​ចិត្ត។

ចំណែក​លោក​កែវ​ សម្បត្តិ ​ជា​អ្នក​រស់​នៅ​ក្នុង​ខេត្ត​សៀមរាប​មួយ​រូប​ទៀត​ បានថ្លែង​ថា ជានិច្ចកាល​លោក​បាន​តាម​ដាន​ដំណើរការ​កាត់ទោស​នេះ​ ព្រោះ​លោក​ចង់​ដឹង​អំពី​ជោគវាសនា​របស់​មេដឹកនាំ​ទាំង​អស់​នោះ​ដែរ។

លោក​បាន​បន្ថែម​យ៉ាង​ដូច្នេះ​ថា៖«ខ្ញុំ​មើល​ព្រោះ​ចង់​ដឹង​ថា ​តើ​ទោស​កំហុស​របស់​គាត់​ ដែល​មាន​ពី​មុន​មក​ហ្នឹង​ ​មានលើ​ប្រជាជន​ទូទាំង​ប្រទេស​យើង​ហ្នឹង​ តើ​វា​សមល្មម​កំហុស​របស់​គាត់​ដែរ​ឬ​ទេ?»

លោក​កែវ ​សម្បត្តិ​បាន​បាត់បង់​បង​ថ្លៃ​ម្នាក់​កាល​សម័យ​នោះ។

គួរ​បញ្ជាក់​ថា​ ការជំនុំជម្រះ​លើ​សំណុំរឿង​០០២​ ដែល​បាន​ដំណើរការ​ប៉ុន្មាន​ ថ្ងៃ​ នៅ​ដើម​សប្តាហ៍​នេះ​គឺ​ត្រូវ​បាន​ផ្អាក​រហូត​ដល់​ថ្ងៃ​ទី​៥​ ខែ​ធ្នូ​ ទើប​តុលាការ​នេះ​បន្ត​ដំណើរ​ការ​កាត់ទោស​របស់​ខ្លួន​ទៀត៕

XS
SM
MD
LG