ជារឿយៗ គេឃើញដំណឹងមិនល្អពីសាលាក្តីខ្មែរក្រហមរបស់ប្រទេសកម្ពុជានៅក្នុងព័ត៌មាន ដូចជាបញ្ហាថវិកា ការពន្យាពេល និងការចោទអំពីការជ្រៀតជ្រែកពីរដ្ឋាភិបាលជាដើម។ ប៉ុន្តែ ទោះបីជាដំណើរការតុលាការមានភាពយឺតយ៉ាវក៏ដោយ ក៏តុលាការដែលមានទីតាំងក្នុងទីក្រុងភ្នំពេញបន្តផ្សព្វផ្សាយសាររបស់ខ្លួនពាសពេញប្រទេស ដោយនាពេលថ្មីៗនេះ តុលាការបានផ្សព្វផ្សាយសាររបស់ខ្លួនដល់អតីតទីតាំងរបស់ពួកខ្មែរក្រហមក្នុងស្រុកសំឡូតនាភាគខាងលិចប្រទេសកម្ពុជា។
ស្រុកសំឡូតមានប្រវត្តិទាក់ទងយ៉ាងយូរជាមួយនឹងពួកខ្មែរក្រហម។ កាលពីឆ្នាំ ១៩៦៧ នៅស្រុកសំឡូតនេះហើយ ដែលការបះបោរដំបូងបង្អស់បានកើតមានឡើង ដោយលទ្ធផលនៅទីបំផុតដែលទទួលបានពីការបះបោរនេះ គឺការដឹកនាំរបស់រដ្ឋាភិបាលប៉ុលពតរវាងឆ្នាំ ១៩៧៥ និង ឆ្នាំ ១៩៧៩ និងប្រជាពលរដ្ឋប្រហែល ២ លាននាក់បាត់បង់ជីវិត។
ប៉ុន្តែ ការបញ្ចប់ការដឹកនាំរបស់ពួកខ្មែរក្រហមក្នុងឆ្នាំ ១៩៧៩ មិនមែនជាការបញ្ចប់របស់ចលនារបស់ពួកខ្មែរក្រហមនោះទេ។ ដោយមានការជួយជ្រោមជ្រែងពីសំណាក់ប្រទេសថៃ ប្រទេសចិន និងបណ្តាបស្ចិមប្រទេសផ្សេងៗទៀត ដូចជាសហរដ្ឋអាមេរិកជាដើម ពួកខ្មែរក្រហមបានបង្កសង្រ្គាមស៊ីវិលពីស្រុកមួយចំនួននៅភាគខាងលិចប្រទេសកម្ពុជា។
ស្រុកសំឡូតជាស្រុកមួយក្នុងចំណោមស្រុកទាំងនោះ។ ស្រុកនេះនៅស្ថិតក្រោមការគ្រប់គ្រងរបស់ពួកខ្មែរក្រហមរហូតដល់ចុងទសវត្ស ១៩៩០ ពេលដែលនៅទីបំផុត ចលនានេះបានដួលរលំបន្ទាប់ពីការដួលរលំរបស់សហភាពសូវៀត។
តុលាការឧក្រិដ្ឋកម្មសង្រ្គាមដែលគាំទ្រដោយអង្គការសហប្រជាជាតិបានបង្កើតឡើង ដើម្បីពាំនាំនូវយុត្តិធម៌ខ្លះមកជូនជនរងគ្រោះក្រោមរបបខ្មែរក្រហម។ ប៉ុន្តែការបង្កើតតុលាការនេះបានស៊ីពេលអស់រាប់ឆ្នាំក្នុងការចរចាជាមួយនឹងអាជ្ញាធរកម្ពុជា ដែលមានបំណងចង់ត្រួតត្រានូវដំណើរការរបស់តុលាការនេះ។ តុលាការនេះយកគំរូតាមប្រព័ន្ធច្បាប់បារាំង និងរួមមានទាំងចៅក្រមខ្មែរ និងបរទេស ដែលយល់ព្រមទទួលស្គាល់ដោយទាំងអង្គការសហប្រជាជាតិ និងប្រទេសកម្ពុជា។
សាលាក្តីខ្មែរក្រហមដែលមានមុខងារកាត់ទោសអតីតមេដឹកនាំខ្មែរក្រហម និងអ្នកដែលមាន ទំនួលខុសត្រូវខ្ពស់បំផុត មិនត្រូវបានគេស្គាល់ច្រើននៅតាមកន្លែងខ្លះដូចនៅក្នុងប្រទេសកម្ពុជានេះទេ ដែលអ្នកខ្លះគិតថាវាតំណាងឲ្យយុត្តិធម៌របស់អ្នកឈ្នះ។
លោកឡាស៍ អ៊ុលសេន (Lars Olsen) អ្នកនាំពាក្យសាលាក្តី ដែលបានធ្វើដំណើរទៅស្រុកសំឡូតជាមួយនឹងក្រុមផ្សព្វផ្សាយដល់សហគមន៍របស់សាលាក្តី កាលពីសប្តាហ៍មុន មានប្រសាសន៍ថាស្រុកសំឡូតនេះបានផ្តល់មូលហេតុល្អមួយសម្រាប់អ្នកតំណាងរបស់សាលាក្តីឲ្យមកទស្សនាស្រុក សំឡូតនេះ។
«ខ្ញុំសប្បាយចិត្តណាស់ដែលមនុស្សជាច្រើនបានមកទស្សនានៅកន្លែងនេះ ហើយបន្ទាប់ពីមានការស្ទាក់ស្ទើរមួយចំនួនមក យ៉ាងហោចណាស់ពួកគេបានសម្រេចផ្សព្វផ្សាយគំនិតខ្លះរបស់ពួកគេទាក់ទងនឹងដំណើរការតុលាការ។ ហើយដូចដែលគេអាចគិតទុកជាមុនថា តំបន់នេះជាជម្រករស់នៅរបស់ពួកខ្មែរក្រហមជាច្រើននោះ ពួកគេមានចម្ងល់អំពីដំណើរការតុលាការ ហើយពួកគេបានបញ្ជាក់ទស្សនៈបែបហ្នឹងយ៉ាងច្បាស់ផងដែរ»។
គេឃើញមានមនុស្សប្រហែលជា ២០០ នាក់បានចូលរួមដោយអង្គុយលើកៅអីជ័រនៅក្រោមតង់កៅស៊ូព័ណ៍ចំរុះ។
អ្វីដែលពួកគេឮ គឺវាគ្រប់គ្រាន់ណាស់ទៅហើយ។ ពួកគេស្តាប់ការពន្យល់អំពីថាតើតុលាការធ្វើការយ៉ាងដូចម្តេច និងការពិភាក្សាអំពីសំណុំរឿងនីមួយៗ រួមទាំងការកាត់ទោសដំបូងបង្អស់របស់តុលាការប្រឆាំងនឹងមេគុកខ្មែរក្រហមមិត្ត ឌុច ដែលគាត់ធ្លាប់រស់នៅស្រុកសំឡូត។
មន្ត្រីរបស់តុលាការ ៦ រូប រួមទាំងព្រះរាជអាជ្ញាររង វីនស៊ិន ដឺ វ៉ាលដ៍ ឌីអេសម៉ាល (Vincent De Wilde d’Estmael) បានធ្វើដំណើរចម្ងាយ ៣៥០ គីឡូម៉ែត្រទៅកាន់ស្រុកសំឡូត។ការធ្វើដំណើរនេះបានធ្វើឲ្យគាត់មានចំណាប់អារម្មណ៍ពន្យល់ពីតួនាទីរបស់អយ្យការ។
«គោលបំណងរបស់យើងគឺដើម្បីបញ្ចប់និទណ្ឌភាពទាក់ទងនឹងបទឧក្រិដ្ឋដែលបានប្រព្រឹត្តឡើងនៅក្នុងសម័យកម្ពុជាប្រជាធិបតេយ្យ។ និទណ្ឌភាពនៅមានយូរពេកហើយ។ ហើយទីពីរ យើងចង់បានថា ការពិតត្រូវបានរកឃើញពាក់ព័ន្ធនឹងបទឧក្រិដ្ឋទាំងនោះ ហើយថាយុត្តិធម៌ត្រូវផ្តល់ជូនដល់ប្រជាពលរដ្ឋកម្ពុជាជាច្រើនដែលជាជនរងគ្រោះក្រោមបទឧក្រិដ្ឋដែលបាន ប្រព្រឹត្តឡើងទាំងនោះ»។
វាជាសារដែលគេស្រួលយល់នៅតាមតំបន់មួយចំនួនក្នុងប្រទេសកម្ពុជា ដែលមិនធ្លាប់គ្រប់គ្រងដោយពួកខ្មែរក្រហម។
ក្នុងស្រុកសំឡូត អ្នកស្រុកបាននិយាយថាតុលាការមានសិទ្ធិក្នុងការកាត់ទោសតែមេដឹកនាំជាន់ខ្ពស់ប៉ុណ្ណោះ គ្មាននរណាក្រៅពីនេះទេ។ បុរសម្នាក់នេះបាននិយាយថា ការនាំយកអ្នកផ្សេងៗទៀតទៅកាត់ទោសអាចធ្វើឲ្យប៉ះពាល់ដល់សន្តិភាព និងស្ថេរភាព។
គំនិតនេះគឺជាការថាតាមគំនិតរបស់រដ្ឋាភិបាល។ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានមាន ប្រសាសន៍យូរមកហើយថា លោកនឹងមិនអនុញ្ញាតិឲ្យមានការកាត់ទោសកម្មាភិបាលខ្មែរក្រហមជាន់កណ្តាលចំនួន ៥ រូបទៀត ដែលតុលាការកំពុងស៊ើបអង្កេតទេ។
លោកឡាស៍ អ៊ុលសេន (Lars Olsen) មានប្រសាសន៍ថា នៅតាមតំបន់ផ្សេងៗទៀតនៃប្រទេសកម្ពុជា ប្រជាពលរដ្ឋមិនអាចយល់ថាហេតុអ្វីបានជាមេដឹកនាំខ្មែរក្រហមតែប៉ុន្មានរូបដែលត្រូវ កាត់ទោសសម្រាប់បទឧក្រិដ្ឋដ៏ធំធេងបែបនេះ?
«ចម្ងល់នេះពិតជាមិនមែនជាអ្វីដែលយើងត្រូវគិតនៅពេលនេះទេ។ ការផ្តោតខ្លាំងគឺទៅលើ ហេតុអ្វីបានជាធ្វើអញ្ចឹងនៅពេលនេះ? ហេតុអ្វីបានជាធ្វើឲ្យប៉ះពាល់ដល់ជោគជ័យដែលពួកគេទទួលបានចាប់តាំងពីមានសន្តិភាពមក? នេះជាការសងសឹកមែនទេ? ហើយជាការពិតណាស់ វាមានសារៈសំខាន់សម្រាប់ពួកយើងដើម្បីឮពីការព្រួយបារម្ភទាំងអស់នេះ និងអាចមានលទ្ធភាពដោះស្រាយបញ្ហាទាំងអស់នេះផងដែរ»។
មកទល់នឹងពេលបច្ចុប្បន្ននេះ សាលាក្តីខ្មែរក្រហមបានធ្វើវេទិកាសាធារណៈប្រហែលជា ១២ ដង រួចមកហើយនៅពាសពេញប្រទេស។ ភាគច្រើនមានទិសដៅទៅលើជនរងគ្រោះសម័យខ្មែរក្រហម។
ការចុះផ្សព្វផ្សាយដល់សហគមន៍នៅក្នុងស្រុកសំឡូតនេះ ជាការចុះផ្សព្វផ្សាយលើកទីពីរផ្តោត ទៅលើអតីតទីតាំងរបស់ពួកខ្មែរក្រហម។
ស្របពេលដែលតុលាការវិវត្តទៅរកការកាត់ទោសសំណុំរឿង ០០២ ដែលជាការកាត់ទោស មេដឹកនាំជាន់ខ្ពស់ នៅដើមឆ្នាំក្រោយនេះ គេនឹងឃើញមានការធ្វើទស្សនកិច្ចជាច្រើនទៀត ដូចគ្នានេះដែរ ដើម្បីធ្វើឲ្យច្បាស់ថា ប្រជាពលរដ្ឋកម្ពុជាទាំងពីរខាងទទួលបានព័ត៌មានគ្រប់ៗគ្នា៕
ប្រែសម្រួលដោយ ភី សុភាដា