ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សាលាក្ដី​ខ្មែរក្រហម​បដិសេធ​ការទាមទារ​ឲ្យ​ដោះលែង​អតីត​មេដឹកនាំ​ខ្មែរក្រហម


ទិដ្ឋភាព​​ទូទៅ​​នៃ​សាលាក្ដី​​កាត់ទោស​អតីត​មេដឹក​​ខ្មែរ​ក្រហម។​​
ទិដ្ឋភាព​​ទូទៅ​​នៃ​សាលាក្ដី​​កាត់ទោស​អតីត​មេដឹក​​ខ្មែរ​ក្រហម។​​

ភ្នំពេញ៖ អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​របស់​សាលាក្ដី​ខ្មែរក្រហម​ ​នៅថ្ងៃ​ព្រហស្បតិ៍​នេះ​ ​បាន​បដិសេធ​ ការ​ទាមទារ​ឲ្យ​ដោះលែង​អតីត​មេ​ដឹកនាំ​កំពូល​ខ្មែរក្រហម​បីនាក់​ឲ្យ​នៅ​ក្រៅ​ការ​ឃុំឃាំង​ជា​បណ្ដោះ​អាសន្ន។ ​មេធាវី​របស់​ជន​ជាប់ចោទ​ទាំងបីចាត់​ទុក​ថា​ ​សាលាក្ដី​ខ្មែរក្រហម​បន្ដ​ឃុំ​ខ្លួន​កូនក្ដី​របស់​ពួក​គេ​លើស​នីតិ​វិធី​នៃ​ច្បាប់​ដែល​កំណត់។

នៅ​ក្នុង​សេចក្ដី​សម្រេច​កាល​ពី​ថ្ងៃពុធ​ ​ដែល​ត្រូវ​ផ្សព្វផ្សាយ​ជា​សាធារណៈ​នៅ​ថ្ងៃនេះ​ ​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​របស់​សាលាក្ដី​ខ្មែរក្រហមបាន​បដិសេធ​សំណើ​សុំ​ដោះលែង​ជនជាប់​ចោទ​ដែល​ជា​អតីត​មេ​ដឹកនាំ​កំពូល​ខ្មែរក្រហម​សំ​ខាន់ៗ​ចំនួន​បី​នាក់គឺនួន ជា​ ​ខៀវ​ ​សំផន ​និង​អៀង ធីរិទ្ធ ឲ្យ​នៅ​ក្រៅ​ការ​ឃុំ​ខ្លួន​ជា​បណ្ដោះ​អាសន្ន​ ​ដោយ​ភ័យ​ខ្លាច​ពី​ការ​រត់គេច​ខ្លួន​របស់​ពួក​គេ។

សេចក្ដី​សម្រេច​បាន​ធ្វើ​ឡើង​១៧​ថ្ងៃ​ ​បន្ទាប់​ពី​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូងបាន​បើក​សវនាការ​ផ្ទាល់​មាត់​លើការ​ស្នើសុំ​របស់​ក្រុម​មេធាវី​នៃ​ជន​ជាប់​ចោទ​ទាំង​បី។

ក្នុង​សេចក្ដី​សម្រេច​នោះ​ ​លោក​ចៅក្រម​និល ណុន​ ​ប្រធាន​អង្គ​ជំនុំ​ជម្រះ​របស់​សាលា​ដំបូង​បាន​លើក​ឡើង​ថា​ ​ការ​បន្ដ​ឃុំ​ខ្លួន​ជន​ជាប់ចោទ​ទាំង​បី​នេះ​មាន​សារៈ​សំខាន់​ក្នុង​ការ​ធានា​វត្តមាន​របស់​ជន​ជាប់​ចោទ​ក្នុង​ពេល​បើក​សវនាការ​កាត់ទោស​ពួក​គេ។​ លោក​ចៅក្រម​និល ណុន​ ​ក៏​បាន​សំអាង​លើ​ ឧក្រិដ្ឋ​កម្ម​ធ្ងន់ធ្ងរ​ដែល​ជន​ជាប់​សង្ស័យ​ទាំងបី​នាក់​ជាប់​ពាក់ព័ន្ធ​ ​ហើយ​ដែល​អាច​ធ្វើ​ឲ្យ​ជន​សង្ស័យ​រត់​គេច​ខ្លួន​ ​ឬ​គំរាម​កំហែង​ដល់​សាក្សី​ ​ឬ​សណ្ដាប់ធ្នាប់​សាធារណៈ​ ​ប្រសិន​បើ​ពួក​គេ​ស្ថិត​នៅ​ក្រៅ​មន្ទីរ​ ឃុំឃាំង​នោះ។

ក្រុម​មេធាវី​ការពារ​ជន​ជាប់ចោទ​បាន​ចាត់​ទុក​ថា​ ​ការ​បន្ដ​ឃុំ​ខ្លួន​កូនក្ដី​របស់​ពួក​គេ​លើស​រយៈ​ពេល​កំណត់​ដោយ​ច្បាប់​ ​គឺជា​ការ​ខុស​ច្បាប់។​ ច្បាប់​របស់​សាលាក្ដី​ខ្មែរ​ក្រហម​ចែង​ថា​ ​ជន​ជាប់​សង្ស័យ​នឹង​ត្រូវ​ឃុំខ្លួន​រយៈ​ពេល​មួយ​ឆ្នាំ​ជា​បណ្ដោះ​អាសន្ន​ ​ហើយ​ការ​ឃុំ​ខ្លួន​នឹង​អាច​បន្ដ​រហូត​រយៈ​ពេល​បី​ឆ្នាំ​មុន​នឹង​ត្រូវ​កាត់ទោស។ ​ក៏​ប៉ុន្ដែ​ជន​ជាប់​សង្ស័យ​ទាំងនេះ​ត្រូវ​បាន​ឃុំ​ខ្លួន​ហួស​រយៈ​ពេល​កំណត់​ជាង​បួន​ខែ​ទៅ​ហើយ​ ​ដោយ​រាប់ចាប់​ពី​ពេល​ចាប់​ខ្លួន​ពួកគេ​កាល​ពី​ឆ្នាំ​២០០៧​មក។

លោក​ស សាវ៉ាន​ ​មេធាវី​ការពារក្ដី​ឲ្យ​ខៀវ សំផន​ ​អតីត​ប្រមុខ​រដ្ឋ​សម័យ​កម្ពុជា​ប្រជា​ធិបតេយ្យ​របស់​ពួក​ខ្មែរក្រហម​ ​បាន​ព្រមាន​ពីការ​ធ្វើ​សន្និសីទ​កាសែត​ប្រឆាំង​នឹង​ការ​សម្រេច​របស់​អង្គ​ជំនុំ​ជម្រះ​សាលា​ដំបូង​នេះ​ ​ដោយ​លោក​ចាត់ទុក​ថា​ ​ជា​រឿង​មិន​ត្រឹមត្រូវ។

«បើ​ថា​ ​គាត់​មិនលែង​ទេ​ ​ខ្ញុំ​ធ្វើ​សន្និសីទ​កាសែត​ ​ព្រោះ​តុលាការ​ អត់​គោរព​ច្បាប់»។

នួន ជា​ ​អតីត​បងធំ​ទី២​នៃ​របប​កម្ពុជា​ប្រជា​ធិបតេយ្យ​ ​អៀង ធារិទ្ធ​ ​អតីត​រដ្ឋមន្ដ្រី​ក្រសួង​សង្គមកិច្ច​ ​និង​ខៀវ សំផនត្រូវ​ចោទ​ប្រកាន់​ពីបទ​ឧក្រិដ្ឋ​កម្ម​សង្រ្គាម​ ​ឧក្រិដ្ឋ​កម្ម​ប្រល័យ​ពូជ​សាសន៍​ ​និង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ​ ​ទាក់​ទង​ទៅ​នឹង​ការ​សម្លាប់​រង្គាល​ប្រជា​ពលរដ្ឋ​កម្ពុជា​ច្រើន​ជាង​១,៧​លាន​នាក់​ ក្នុង​អំឡុង​ពេល​ដែល​ពួក​គេ​កាន់កាប់​អំណាច​ចន្លោះ​ពី​ឆ្នាំ​១៩៧៥​ដល់​ឆ្នាំ​១៩៧៩។ ​សាលាក្ដី​ខ្មែរ​ក្រហម​គ្រោងនឹង​បើក​សវនាការ​កាត់ក្ដី​ជន​ជាប់ចោទ​ទាំងនេះ​ ​បូករួម​ទាំង​អៀង​ សារី​ផង​ដែរ​ ​នៅ​ក្នុង​អំឡុង​ខែ​មិថុនា​ ​ឆ្នាំ​២០១១​នេះ៕

XS
SM
MD
LG