ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

តុលាការ​ខ្មែរ​ក្រហម​ចេញ​សាល​ក្រម​កាត់​ទោស​ឌុច


ភ្នំពេញ៖ ​កាល​ពី​ថ្ងៃ​ច័ន្ទ​ ​សាលាក្តី​ដែល​គាំ​ទ្រ​ដោយ​អង្គការ​សហ​ប្រជា​ជាតិ​ ​បាន​ចេញ​សាល​ក្រម​ដាក់​ទោស ​កាំង ហ្កេកអ៊ាវ​ ហៅ​ឌុច​ ពី​បទ​ឧក្រិដ្ឋកម្ម​សង្គ្រាម និង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ។ ឌុច​គឺ​ជា​កម្មា​ភិបាល​ខ្មែរ​ក្រហម​ដ៏​សំខាន់​ទី​មួយ ​ត្រូវបាន​កាត់​ទោស​ចាប់​តាំង​ពី​របប​ខ្មែរ​ក្រហម​ត្រូវ​បាន​ផ្តួល​រំលំ។

ប្រាំបី​ខែ​ក្រោយ​ពី​សវនា​ការ​របស់​គាត់​ត្រូវ​បាន​បញ្ចប់​ ​សមមិត្ត​ឌុច​ត្រូវ​បាន​កាត់​ទោស​ឲ្យ​ជាប់​ពន្ធនា​គារ​ចំនួន​៣៥​ឆ្នាំ​ ​ដោយ​សាលាក្តីខ្មែរក្រហម​ដែល​គាំទ្រ​ដោយ​អង្គការ​សហ​ប្រជាជាតិ​នៅ​ភ្នំពេញ។

ឌុច​ដែលគ្រប់​គ្រង​មជ្ឈ​មណ្ឌល​ធ្វើ​ទារុណ​កម្ម​ ​និង​សម្លាប់​ដ៏​ធំ​ ​ដែល​ត្រូវបាន​ស្គាល់​ថា​ ស​២១​ ​ត្រូវ​បាន​រក​ឃើញ​ថា​ ​មាន​កំហុស​ពី​ឧក្រិដ្ឋ​កម្មសង្គ្រាម​ និង​ឧក្រិដ្ឋ​កម្ម​ប្រឆាំង​មនុស្ស​ជាតិ។

ប៉ុន្តែតុលាការបន្ថយ​ទោស​១១​ឆ្នាំ​ ​ដោយសារគាត់​បាន​ជាប់​ទោស​ចំនួន​១១​ឆ្នាំ​ ​រួច​មក​ហើយ​ ​ហើយ​បន្ថយ​៥ឆ្នាំ​ផ្សេង​ទៀត​ដោយ​សារ​គាត់​ត្រូវបាន​ឃុំ​ខ្លួន​ខុស​ច្បាប់​ក្នុង​រវាង​១១​ឆ្នាំនោះ។​ ទី​បំផុត​ឌុច​នឹង​ត្រូវ​បាន​ជាប់​ពន្ធនាគារ​ចំនួន​១៩​ឆ្នាំ។

ការ​កាត់​ទោស​របស់​គាត់​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​ភ្ញាក់​ផ្អើល ​និង​ខឹង​សម្បារ​ ដោយ​រួម​មាន​លោក​ប៊ូ មេង​ និង​លោកជុំ ម៉ី ​ដែលអ្នក​ទាំង​ពីរ​គឺ​ជា​ជនរង​គ្រោះ​ដែល​នៅ​សល់​ពី​ស្លាប់​ក្នុង​ពន្ធនាគារ​ស២១។​ លោក​ទាំង​ពីរ​មាន​អារម្មណ៍​ថា​ ​ ទោស​នោះ​ស្រាល​ណាស់​សម្រាប់​បុរស​ ដែល​មើល​ការ​ខុសត្រូវ​ការ​ធ្វើ​ទារុណ​កម្ម​ និង​ការ​សម្លាប់​មនុស្ស​ចំនួន​ជាង​១២.០០០​នាក់​នោះ។

និយាយ​នៅ​ខាង​ក្រៅ​តុលាការ​ ​កញ្ញា​សេង​ ធារី ​ដែល​ជា​មេធាវី​ខ្មែរ​អាមេរិកាំង​ និង​ដែល​បាត់​បង់​សមាជិក​គ្រួសារ​របស់​នាង​ក្នុង​សម័យ​ខ្មែរ​ក្រហម​ ​មាន​ប្រសាសន៍​ថា​ ​១៩​ឆ្នាំ​មិន​គ្រប់​គ្រាន់​សម្រាប់​អំពើ​ដ៏​ព្រៃផ្សៃ​ ដែល​បុរស​អាយុ​៦៧​ឆ្នាំ​រូប​នេះ​ ​មើល​ការ​ខុស​ត្រូវ​ ​ខណៈ​ដែល​គាត់​គ្រប់​គ្រងស២១​ នោះ​ទេ។

«សាលក្រម​នេះ​មិន​អាច​ទទួល​យក​បាន​ទេ។ ​សូម្បី​តែ​នឹក​គិត​ថា​ ​គាត់​ទទួល​បាន​សេរីភាពមួយ​នាទី​នៅ​ទី​សាធារណៈ​ក៏​មិន​អាច​ទទួល​យក​បានដែរ»។

ប៉ុន្តែ​មានប្រតិកម្ម​ចម្រុះ​ចំពោះ​បញ្ហា​នេះ។ ​ខណៈ​ដែល​អ្នក​ខ្លះ​ស្វាគមន៍សាលក្រម​ ដោយ​រួម​ទាំង​ វិចិត្រករ​ វ៉ាន់ ណាត ​ដែល​ជា​អ្នក​សល់​ពី​ស្លាប់​ក្នុង​មន្ទីរ​ឃុំឃាំង​ ស​២១​ និង​អ្នក​ផ្សេង​ទៀត​ ​មាន​អារម្មណ៍​ថា​ ​ឌុច​គួរ​ត្រូវ​កាត់​ទោស​ប្រហារ​ជីវិត។​ ប្រតិកម្ម​ពី​ប្រជាពល​រដ្ឋ​កម្ពុជា​រស់​នៅ​បរទេស​ក៏​ចម្រុះ​ដែរ។

សាស្ត្រា​ចារ្យ ​នូ លក្ខិណា ​សង្គម​វិទូ​ខ្មែរ​អាមេរិកាំង​ បាន​នៅ​ក្នុង​តុលាការ​កាល​ពី​ថ្ងៃ​ច័ន្ទ ​ជា​មួយ​នឹង​ខ្មែរ​អាមេរិកាំង​ចំនួន​៣នាក់​ផ្សេងទៀត​ ដែល​បាន​ដាក់​ពាក្យ​ធ្វើ​ជា​ដើម​បណ្តឹង​រដ្ឋប្បវេណី​នៅ​ក្នុង​រឿង​ក្តី​ទី​២ ​ដែល​នឹង​ត្រូវចាប់​ផ្តើម​នៅ​ឆ្នាំ​ក្រោយ។

«ដូច​ដែល​អ្នក​បាន​ឮ​ពី​ដើម​បណ្តឹង​រដ្ឋ​ប្បវេណី​ម្នាក់​មាន​ប្រសាសន៍​នៅ​ក្នុង​កិច្ច​ប្រជុំ​ថ្ងៃ​នេះ​ថា​ ​គាត់​មិន​សូវ​សប្បាយ​ចិត្ត​នឹង​សាលក្រម​នេះ​ទេ​ ​ដោយ​គាត់​បាន​បាត់​បង់​អ្នក​មាន​គុណ​របស់​គាត់​ម្នាក់​ និង​បង​ប្អូន។​ ប៉ុន្តែ​ពី​អ្នក​នៅ​សល់​ពី​ស្លាប់​វ័យ​ចំណាស់​ម្នាក់ ​ដែល​មាន​អាយុ​៧០​ឆ្នាំ​ប្លាយ​ ​គាត់​មាន​អារម្មណ៍​ថា​ ​រឿង​វិជ្ជមាន​មួយ​ដែល​ទទួល​បាន​គឺ​ដំណើរ​ការ​ប្រកប​ដោយ​តម្លាភាព​ចំពោះ​ការ​អនុវត្ត​ច្បាប់។​ ទោះបី​ជា​គាត់​មិន​សប្បាយ​ចិត្ត​នឹង​ចំនួន​ឆ្នាំ​ ​ក៏​គាត់​មាន​អារម្មណ៍​ថា​ ​តុលាការ​បានរួម​គ្នាខិត​ខំ​ប្រឹង​ប្រែង​ស្វែង​រក​យុត្តិធម៌»។

កញ្ញា​សេង​ ធារី​ បាន​ថ្លែងកាល​ពី​ថ្ងៃ​ពុធ​ថា​ ​អង្គការ​សង្គម​ស៊ីវិល​ ​ពេល​នេះ​ត្រូវតែ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​រឿងក្តី​ទី​ពីរ​ ​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​មេដឹក​នាំ​ជាន់​ខ្ពស់​ខែ្មរ​ក្រហម​៤​នាក់​ទៀត​ ដែល​នឹង​ត្រូវ​បាន​កាត់​ទោសអំពីតួនាទី​របស់​គេ​ក្នុង​ការ​ស្លាប់​ប្រជា​ពលរដ្ឋ​កម្ពុជា​ប្រហែល​១​លាន​៧​សែន​នាក់។

«ការ​ទទួល​ខុស​ត្រូវ​នេះ​ធ្លាក់​ទៅ​លើ​មេដឹកនាំ​ខ្មែរ​ក្រហម​ជាន់​ខ្ពស់​ ​ហើយ​នោះ​គឺ​រឿង​ក្តី​លេខ​០០២។​ ដូច្នេះ​យើង​ត្រូវ​តែឈប់​ខឹង​សម្បា​នៅ​ពេល​នេះ​ ​ហើយត្រូវ​ធ្វើ​ការខឹង​សម្បា​ឲ្យ​ទៅ​ជា​ថាមពល ​ប្រើ​ប្រាស់​ដើម្បី​ផ្តោត​ទៅ​លើ​ការ​សម្រប​សម្រួល​ ការ​គាំ​ទ្រ ​និង​ការ​ទាមទារ​ឲ្យ​រឿង​ក្តី​០០២ ​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​មេដឹកនាំ​ខ្មែរ​ក្រហម​ត្រូវ​តែ​ប្រព្រឹត្ត​ឡើង​ ​ហើយ​ត្រូវ​កើត​ឡើង​នាពេល​ឆាប់ៗ​មុន​មនុស្ស​វ័យ​ចំណាស់​ទាំង​នេះ​លា​ចាក​លោក​ទៅ​ដោយ​ជំងឺ ​និង​ជរាពាធ»។

លើស​ពី​រឿងក្តី​លេខ​០០២​ ​ចៅក្រម​ស៊ើប​អង្កេត​អន្តរ​ជាតិ​នៃ​តុលាការនេះ​មាន​ប្រសាសន៍​ថា​ ​គាត់​ចង់​ពិនិត្យ​មើល​ជន​សង្ស័យ​ចំនួន​៥​រូប​ផ្សេង​ទៀត។

Anne​ Heindel​ គឺ​ទី​ប្រឹក្សា​ផ្នែក​ច្បាប់​នៃ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា ​ដែល​ជា​បណ្ណសារ​ដ្ឋាន​នៃ​ឯកសារ​ស្តី​អំពី​ខ្មែរ​ក្រហម។

តុលាការ​បាន​ប្រឈម​នឹង​ឥទ្ធិ​ពល​នយោបាយ​ ​ក៏​ដូចជា​វិបត្តិ​ហិរញ្ញ​វត្ថុ​រាប់​ឆ្នាំ។​ គាត់​ថ្លែង​ថា​ ​មាន​ភាព​ប្រថុយ​ប្រថាន​ ដែល​ប្រទេស​ផ្តល់​ជំនួយ​មិន​បង់​លុយ​សម្រាប់​ការ​កាត់​ទោស​បន្ត។

«តាមពិត​ទៅ​ ជាច្រើន​ឆ្នាំ​មក​នេះ​ ​ខ្ញុំគិត​ថា​ ​រឿង​ថវិកា​គឺជា​បញ្ហា​ដ៏​ធំ​មួយ​ទេ។​ វា​អាច​ជា​បញ្ហា​ ​នៅ​ពេល​ត្រូវ​ធ្វើ​រឿង​ក្តី​ ​ប្រទេស​ម្ចាស់​ជំនួយ​អាចនឹង​គ្មាន​ឆន្ទៈ​នឹង​បង់​លុយ​សម្រាប់​រឿង​ក្តី​ទី​៣​ និង​ទី​៤​ ជាជាង​រដ្ឋា​ភិបាល​ថា​ ​យើង​មិន​ចង់​ឲ្យ​រឿងក្តី​នេះ​ដំណើរ​ការ​ ដែល​នោះ​ពិត​ជា​ការ​ព្រួយ​បារម្ភ​ធំ​បំផុត​របស់​ខ្ញុំ​ ​នាពេល​នេះ​ ​ពី​ព្រោះ​ប្រទេស​ជប៉ុន​មិន​សូវ​មាន​ការគាំទ្រ​ប៉ុន្មាន​ដូច​ដែល​គេ​មាន​កាល​ពី​អតីត​ ​ហើយ​រហូត​មក​ដល់​ពេល​នេះ​ មិន​មាន​ប្រទេស​ណា​មាន​ឆន្ទៈដូច​ប្រទេស​ជប៉ុន​ទេ»។

សង្គមវិទូ​ នូ លក្ខណា​ កត់​សម្គាល់​ថា​ ​ដំណើរ​ការ​សាលាក្តី​ប្រកប​ដោយ​ជោគជ័យ​មួយ​នឹង​មាន​ផល​ប្រយោជន៍​យ៉ាង​ច្រើនសម្រាប់​សង្គម​កម្ពុជា​ និង​សម្រាប់​ជន​កម្ពុជា​ដែល​រស់​នៅ​បរទេស។

វា​មិន​ត្រឹម​តែ​ជួយ​អ្នក​សល់​ពី​ស្លាប់​ទទួល​បាន​ការ​ទទួល​ស្គាល់​អំពី​ការ​ឈឺ​ចាប់​របស់​គេ​ និង​ការ​បញ្ចប់​ទំព័រ​ប្រវត្តិ​ដ៏​ជូរ​ចត់​ប៉ុណ្ណោះ​ទេ ​ប៉ុន្តែ​លោក​ស្រី​មាន​ប្រសាសន៍ថា​ ​វាក៏​បាន​បន្សល់​នូវកេរ្តិ៍​ដំណែល​ដ៏​មានប្រយោជន៍​សម្រាប់​បច្ចុប្បន្ន​ និង​សម្រាប់​ក្មេង​ជំនាន់​ក្រោយ​ផង​ដែរ។

ពីរ​ថ្ងៃ​ក្រោយ​ពី​សាលក្រម​របស់​គាត់​ត្រូវបាន​ចេញ ​ ​មនុស្ស​ជា​ច្រើន​ទន្ទឹង​រង់​ចាំ​ទទួល​បាន​អនាគត​ភ្លឺស្វាង​ ដែល​ក្នុង​នោះ​ភាព​មហន្តរាយ ​ដែល​ឌុច​ និង​អ្នក​ផ្សេង​ទៀត​បាន​បង្កើត​ឡើង​នៅ​កម្ពុជា​ ក្នុង​មធ្យោបាយ​មួយ​ ​ដែល​ត្រូវបាន​ជួសជុល​កែ​លំអ​ឡើង​វិញ៕

ប្រែសម្រួលដោយលោក​ អ៊ឹម សុធារិទ្ធ

XS
SM
MD
LG