ស៊ីរី៖ លោក បាន គី មូន អគ្គលេខាធិការអង្គការសហប្រជាជាតិ ថ្លែងថា អំពើហិង្សាប្រឆាំងនឹងប្រជាពលរដ្ឋស៊ីរី នៅមានធ្វើជាបន្ត ទោះបីជាលោកបានធ្វើសេចក្តីអំពាវនាវឥតឈប់ឈរឲ្យលោកប្រធានាធិបតី Bashar al-Assad បញ្ចប់សកម្មភាព «សាហាវហួសហេតុ» របស់កងកម្លាំងសន្តិសុខរដ្ឋាភិបាលនោះក៏ដោយ។
កម្ពុជា៖ តុលាការមួយរបស់ប្រទេសកម្ពុជាបានកាត់ទោសបុរសជាតិអង់គ្លេសម្នាក់ឲ្យជាប់គុក ១២ ឆ្នាំ អំពីបទរំលោភភេទលើកុមារីបីនាក់។ បុរសឈ្មោះ Michael Julian Leach ត្រូវអាជ្ញាធរចាប់ខ្លួនកាលពីខែកញ្ញា បន្ទាប់ពីបានដឹងថាគាត់រស់នៅជាមួយក្មេងស្រីបីនាក់អាយុពី ១០ ទៅ ១៥ ឆ្នាំនៅក្នុងផ្ទះសំណាក់មួយនៅជាយក្រុងភ្នំពេញ។
លីប៊ី៖ ស្ថានីយទូរទស្សន៍មួយនៃប្រទេសស៊ីរី បានផ្សាយសារសម្លេងដែលគេប្រកាសថាជាសំដីរបស់មេដឹកនាំធ្លាក់ពីអំណាច លោក ម៉ូអាម៉ា ហ្កាដាហ្វី ដោយលោកបានបដិសេធដាច់អហង្កានូវសេចក្តីរាយការណ៍ដែលថាលោកបានគេចចេញពីប្រទេសលីប៊ីតាមក្បួនរថយន្តមួយទៅកាន់ប្រទេស នីហ្សេ (Niger)។
ប៉ាគីស្ថាន៖ អាជ្ញាធរប៉ាគីស្ថាន បានឲ្យដឹងថាចំនួនមនុស្សស្លាប់ដោយសារការបំផ្ទុះគ្រាប់បែកអត្តឃាតកាលពីថ្ងៃពុធនៅទីក្រុង Quetta បានកើនឡើងយ៉ាងហោចណាស់ក៏ ២៦ នាក់ទៀតដែរ។ ពួកតាលីបាននៅក្នុងប្រទេសប៉ាគីស្ថានបាននិយាយថា ខ្លួនជាអ្នកធ្វើការវាយប្រហារនេះ ដើម្បីសងសឹកទៅនឹងការចាប់ខ្លួនមេដឹកនាំអាល់កៃដាម្នាក់កាលពីពេលថ្មីៗនេះ។
ឥណ្ឌា៖ នគរបាលប្រទេសឥណ្ឌាបានឃុំខ្លួនមនុស្សបីនាក់ដើម្បីសួរចម្លើយ ហើយបានបញ្ចេញរូបគំនូររបស់ជនជាប់សង្ស័យពីរនាក់ទៀត នៅក្នុងការវាយប្រហារដោយគ្រាប់បែកដែលបណ្តាលឲ្យមានមនុស្សស្លាប់នៅខាងក្រៅអគាររបស់តុលាការជាន់ខ្ពស់នៅក្នុងទីក្រុងញ៉ូដេលី។
រុស្ស៊ី៖ ប្រធានាធិបតីប្រទេស រុស្ស៊ី លោក Dmitry Medvedev នៅថ្ងៃព្រហស្បតិ៍នេះបានអំពាវនាវឲ្យមានកំណែទម្រង់យ៉ាងតឹងរឹងនៅក្នុងវិស័យឧស្សហកម្មអាកាសចរណ៍ នៅពេលលោកអញ្ជើញទៅមើលកន្លែងធ្លាក់យន្តហោះមួយគ្រឿង ដែលបានសម្លាប់អ្នកលេងកីឡារំអិលលើទឹកកកហៅជាភាសាអង់គ្លេសថា Ice Hockey ដ៏ឆ្នើមម្នាក់របស់ប្រទេសរុស្ស៊ី។
ព័ត៌មាននៅពេលមុននេះ៖
ឥណ្ឌា៖ គ្រាប់បែកដ៏ខ្លាំងមួយបានផ្ទុះនៅក្រៅអាគារតុលាការថ្នាក់ខ្ពស់ ប្រទេសឥណ្ឌា ក្នុងរដ្ឋធានី នៅថ្ងៃពុធ បណ្ដាលឲ្យមនុស្សយ៉ាងតិច១១ នាក់ស្លាប់ ហើយ៧៦នាក់ទៀតរបួស។
វៀតណាម៖ អង្គការការពារសិទ្ធិមនុស្ស HRW និយាយថា អ្នកជំងឺនៅមណ្ឌលសម្បទាថ្នាំញៀនក្នុងប្រទេសវៀតណាមបានទទួលរងគ្រោះពីការរំលោភនិងការបង្ខំឲ្យធ្វើការធ្ងន់ធ្ងរ ដោយមិនបានទទួលការថែរក្សាត្រឹមត្រូវ ដើម្បីដោះស្រាយការញៀននៅក្នុងខ្លួនរបស់គេ។
សេដ្ឋកិច្ចសកលលោក៖ តម្លៃប្រេងឆៅឡើងថ្លៃ៣,៣២ ដុល្លារ ក្នុងមូយធុង លក់ចេញ ៨៩ដុល្លារ៣៤ សេន ក្នុងមួយធុងក្នុងទីផ្សារហ៊ុនស្ដុកញូយ៉ក។
ប៉ាគីស្ថាន៖ ក្រុមតាលីបង់នៅក្នុងប្រទេសប៉ាគីស្ថាននិយាយថាខ្លួនបានបើកការវាយប្រហារដោយប្រើអត្ដឃាតជនពីរនាក់ កាលពីថ្ងៃពុធ ដែលបានសម្លាប់មនុស្ស២៤នាក់ នៅតំបន់នីរតីទីក្រុងកេត្ដា ក្នុងការសងសឹកនឹងការចាប់ខ្លួនមេដឹកនាំអាលកៃដាថ្មីៗនេះ។
ប៉ាគីស្ថាន៖ មន្ដ្រីប៉ាគីស្ថានបានដាក់ទណ្ឌកម្មមកលើវេជ្ជបណ្ឌិតដែល ជួយសហរដ្ឋអាមេរិកក្នុងការវាយឆ្មក់មកលើមេដឹកនាំបណ្ដាញភេរវកម្ម អាលកៃដា អូសាម៉ា ប៊ីនឡាដេន។
រុស្ស៊ី៖ យន្ដហោះឯកជនរុស្ស៊ីមួយគ្រឿងដឹកជញ្ជូនកីឡាករហុក្គីទឹកកក្នុងតំបន់ បានធ្លាក់នៅទិសខាងលិចប្រទេស បណ្ដាលឲ្យមនុស្សយ៉ាងតិច៤៣នាក់ស្លាប់។
ស៊ីរី៖ សកម្មជននិយាយថា កងកម្លាំងការពារសន្ដិសុខស៊ីរី បានសម្លាប់មនុស្សយ៉ាងតិច១១នាក់ថែមទៀតក្នុងអំឡុងពេលបើកការវាយឆ្មក់ថ្មីមកលើក្រុមអ្នកប្រឆាំងរដ្ឋាភិបាល នៅពេលដែលរដ្ឋមន្ដ្រីការបរទេសបារាំងបានចោទរដ្ឋាភិបាលក្រុងដាមាស ថាបានប្រព្រឹត្តិឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។
អាហ្វហ្គានីស្ថាន៖ អង្គការអូតង់នៅអាហ្វហ្គានីស្ថានបានបញ្ឈប់ការប្រគល់អ្នកទោសទៅឲ្យគុកផ្សេងៗក្នុងប្រទេស អាហ្វហ្គានីស្ថាន ក្រោយពីមានសេចក្ដីរាយការណ៍ផ្សព្វផ្សាយដោយ អង្គការសហប្រជាជាតិចោទប្រកាន់អំពីការធ្វើទារុណកម្មនៅក្នុងគុក។
អេហ្ស៊ីប៖ តុលាការនៅក្នុងប្រទេសអេហ្ស៊ីប បានចាប់ផ្ដើមឡើងវិញនូវការកាត់ទោសអតីតប្រធានាធិបតីហុសនី មូប៉ារាក ដោយគេឃើញមានវត្ដមានច្រើនសន្ធឹកនៃកងកម្លាំងការពារសន្ដិសុខនៅក្រៅអាគារតុលាការ ដើម្បីចៀសវាងមិនឲ្យមានការប៉ះទង្គិចគ្នារវាងក្រុមប្រឆាំង និងក្រុមអ្នកគាំទ្រមេដឹកនាំអស់អំណាចនោះ។
សហរដ្ឋអាមេរិក៖ បានដំឡើងកម្ពស់នៃការព្រមានឲ្យប្រុងប្រៀបនៅក្នុងមូលដ្ឋានយោធាក្នុងប្រទេស ប៉ុន្មានថ្ងៃមុនការគម្រប់ខួបឆ្នាំទី១០ នៃការវាយប្រហារភេរវកម្មថ្ងៃទី១១ កញ្ញា ២០០១ មកលើ បូរីញូយ៉កនិងមន្ទីរបញ្ចកោណ។