ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ​សង្ខេប៖ ៧ កញ្ញា


បុរស​ម្នាក់​ដើរកាត់​ផ្ទាំង​អេឡិចត្រូនិច​បង្ហាញ​រូបភាព​ផ្សារហ៊ុននៅទីក្រុង​តូក្យូ ថ្ងៃទី៥ កញ្ញា ២០១១
បុរស​ម្នាក់​ដើរកាត់​ផ្ទាំង​អេឡិចត្រូនិច​បង្ហាញ​រូបភាព​ផ្សារហ៊ុននៅទីក្រុង​តូក្យូ ថ្ងៃទី៥ កញ្ញា ២០១១

អាស៊ី៖ ទីផ្សារ​ហ៊ុន​ក្នុង​ទ្វីប​អាស៊ី​បាន​បិទ​ដោយសារ​មាន​ការ​លក់ហ៊ុន​កើនឡើង​ជាងមុន​នៅ​ថ្ងៃ​ពុធ​នេះ។​ ទីផ្សារហ៊ុននីកេ​ ក្នុង​ទីក្រុង​តូក្យូ​របស់​ជប៉ុន​បាន​កើន​ឡើង​ជាង​ពីរ​ភាគរយ​ដោយ​បញ្ចប់​ក្នុង​ពិន្ទុ​៨.៧៦៣ ទីផ្សារហ៊ុន​ហាងសេង ក្នុង​ទីក្រុង​ហុងកុង​បាន​ឡើង​ជិត​មួយ​ភាគរយ​ដោយ​បញ្ចប់​ក្នុង​ពិន្ទុ​២០.០៤៨។​ តម្លៃ​ភាគហ៊ុន​ក៏​កើនឡើង​ដែរ​ក្នុង​ទីក្រុង​បាងកក​ ហ្សាការតា​ កូឡាឡំពួរ​ ម៉ានីល​ ម៉ុមបៃ​ សេអ៊ូល​ សៀងហៃ​ សិង្ហបូរី​ ស៊ីដនី​ តៃប៉ិ​ និង​វេលលីងតុន។

ភូមា៖ អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​និយាយ​ថា​ការ​ផ្លាស់ប្តូរ​រដ្ឋាភិបាល​ក្នុង​ប្រទេស​ភូមា​ក្នុង​ឆ្នាំ​នេះ​បាន​បង្កើត​ឲ្យ​មាន​ឱកាស​ដើម្បី​ពិភាក្សា​ថ្នាក់​ជាតិ​បន្ថែម​ទៀត​ដោយ​រួម​បញ្ចូល​ភាគី​ច្រើន ប៉ុន្តែ​បាន​បន្ថែម​ថា​នៅ​មិនទាន់​ដល់​ពេល​និយាយ​ថា​តើ​ការផ្លាស់​ប្តូរ​ពិតប្រាកដ​កំពុង​កើត​ឡើង​ឬ​យ៉ាងណា​នោះ​ទេ។

ចិន៖ អាជ្ញាធរ​ចិន​និយាយ​ថា​ពួកគេ​បាន​ជួយ​សង្គ្រោះ​កុមារ​ដែល​មាន​បញ្ហា​ខាង​ខួរក្បាល​ចំនួន​៣០​នាក់​ដែល​ត្រូវ​បាន​គេ​ប្រើ​ជា​ទាសករ​ពលកម្ម​នៅឯ​រោងចក្រ​ឥដ្ឋ​ខុសច្បាប់​មួយ។​

ប៉ាគីស្ថាន៖ ក្រុម​តាលីបាន​នៅ​ប្រទេស​ប៉ាគីស្ថាន​អះអាង​ទទួល​ខុសត្រូវ​ចំពោះ​ការ​វាយប្រហារ​ដោយ​គ្រាប់​បែក​អត្តឃាត​ចំនួន​ពីរ​ដែល​វាយប្រហារ​លើ​គេហដ្ឋាន​របស់​មន្ត្រី​សនិ្តសុខ​ជាន់​ខ្ពស់​របស់​ប៉ាគីស្ថាន​ នា​ថ្ងៃ​ពុធ​នេះ​។ ការ​វាយប្រហារ​នោះ បាន​សម្លាប់​មនុស្ស​យ៉ាងហោច​ណាស់​២២​នាក់​ដោយ​រួម​ទាំង​ភរិយា​របស់​មន្ត្រី​រូប​នោះ​ផងដែរ។​

ឥណ្ឌា៖ អាជ្ញាធរ​ឥណ្ឌា​បាន​ហៅ​ការ​វាយប្រហារ​ដោយ​គ្រាប់បែក​នៅ​ខាងក្រៅ​អាគារ​តុលាការ​កំពូល​ក្នុង​ទីក្រុង​ញ៉ូវដេល្លី ថា​ជាការ​វាយប្រហារ​ភេរវកម្ម​ដោយ​ចេតនា ក្រោយពី​បាន​សម្លាប់​មនុស្ស​យ៉ាងហោច​ណាស់​១០​នាក់​និង​ធ្វើឲ្យ​មនុស្ស​៦២​នាក់​ផ្សេង​ទៀត​របួស។​

ស៊ីរី៖ សកម្មជន​សិទ្ធិ​មនុស្ស​ស៊ីរី​និយាយ​ថា​កងកម្លាំង​សន្តិសុខ​របស់​រដ្ឋាភិបាលដែល​មាន​ការ​គាំទ្រ​ដោយ​កងរថក្រោះ​ផង​បាន​សម្លាប់​មនុស្ស​យ៉ាងហោច​ណាស់​១​នាក់​ក្នុង​ការ​វាយប្រហារ​មួយ​ក្នុង​ទីក្រុង​ហូម​ដែល​ឋិត​នៅ​ភាគ​កណ្តាល​ប្រទេស។​

លីប៊ី៖ មាន​របាយការណ៍​ប្រទាំងប្រទើស​គ្នា​ទាក់ទង​នឹង​បញ្ហា​ថា​តើ​មាន​ក្បួន​រថយន្ត​ដ៏​ធំ​ដឹក​កងកម្លាំង​ដែល​ស្មោះ​ត្រង់​នឹង​មេដឹកនាំ​មូអាម៉ា​ ហ្កាដាហ្វី​ ដែល​ត្រូវ​គេ​ទម្លាក់​ចេញ​ពី​តំណែង​បាន​ឆ្លង​ចូល​ប្រទេស​នីហ្សេ​ឬ​យ៉ាងណា។​

អេហ្សីប៖ តុលាការ​មួយ​របស់​ប្រទេស​អេហ្សីប​បាន​ចាប់​ដំណើរការ​អង្គសវនាការ​អតីត​ប្រធានាធិបតី​ហូស្នី​ មូបារ៉ាក់​ ដោយ​មាន​ដាក់​ពង្រាយ​កងកម្លាំង​សន្តិសុខ​ដ៏​ច្រើន​នៅ​ខាងក្រៅ​អាគារ​តុលាការ​ដើម្បី​ការពារ​មិនឲ្យ​មាន​ការ​ប៉ះទង្គិច​គ្នា​រវាង​ក្រុម​អ្នក​ប្រឆាំង​ជាមួយ​នឹង​ក្រុម​អ្នក​គាំទ្រ​មេដឹកនាំ​ដែល​ត្រូវ​គេ​បណ្តេញ​ចេញ​ពី​តំណែង​នេះ។

អ៊ីរ៉ាក់៖ លោក​ឡេអូ​ ប៉ាណេតា​ រដ្ឋមន្ត្រី​ក្រសួង​ការពារ​ជាតិ​សហរដ្ឋ​អាមេរិក​និយាយ​ថា​មិនទាន់​មាន​ការ​សម្រេចចិត្ត​ណាមួយ​នៅឡើយ​ទេ​ទាក់ទង​នឹង​ការ​រក្សា​កងកម្លាំង​សហរដ្ឋ​អាមេរិក​ក្នុង​ប្រទេសអ៊ីរ៉ាក់​បន្ទាប់ពី​ពេល​កំណត់​ចុងក្រោយ​ដែល​ត្រូវ​ដក​កង​កម្លាំង​ចេញ​ក្នុង​ឆ្នាំ​នេះ។​

អាល្លឺម៉ង់/សហគមន៍អឺរ៉ុប៖ តុលាការ​ធម្មនុញ្ញ​របស់​ប្រទេស​អាល្លឺម៉ង់​បាន​រក្សាទុក​ការ​ចូលរួម​របស់​ប្រទេស​នេះ​ក្នុង​មូលនិធិ​សង្គ្រោះ​សហភាព​អឺរ៉ុប ប៉ុន្តែ​និយាយ​ថា​សភា​អាល្លឺម៉ង់​គួរ​តែ​មាន​សំឡេង​ធំ​ជាងមុន​ក្នុង​ការរៀប​ចំ​កញ្ចប់​សង្គ្រោះ​សេដ្ឋកិច្ច។​

ប៉ាស៊ីហ្វិក៖ មេដឹកនាំ​ដែន​កោះ​ក្នុង​ស​មុទ្រ​ប៉ាស៊ីហ្វិក​កំពុង​អំពាវនាវ​រក​ជំនួយ​អន្តរជាតិ​ដើម្បី​ដោះស្រាយ​បញ្ហា​កើនឡើង​កម្ពស់​ទឹក​សមុទ្រ​ដែល​បង្ក​ឡើង​ដោយ​ការប្រែប្រួល​អាកាសធាតុ​សាកល​លោក។​

សហរដ្ឋ​អាមេរិក៖ បេក្ខជន​ប្រធានាធិបតី​មកពី​គណបក្ស​សាធារណរដ្ឋ​របស់​សហរដ្ឋ​អាមេរិក​គ្រោង​នឹង​ជួប​ពិភាក្សាដេញដោល​គ្នា​នៅយប់ថ្ងៃ​ពុធ​នេះនៅឯ​បណ្ណាល័យ​លោក​ប្រធានាធិបតី​រ៉ូណាល់​ រីហ្កេន ក្នុង​រដ្ឋ​កាលីហ្វ័រញ៉ា ។​ នេះ​ជាការ​ជួប​ពិភាក្សា​ដេញដោល​គ្នា​លើក​ដំបូង​បង្អស់​ក្នុង​ចំណោម​ការ​ ពិភាក្សា​ដេញដោល​គ្នា​ដែល​មាន​ជា​បន្ត​ទៀត។​

អាហ្វ្រិក​ខាង​កើត៖ ទី​ភ្នាក់ងារ​អាកាសធាតុ​របស់​អង្គការ​សហប្រជាជាតិ​ព្យាករណ៍​ថា​នឹង​មាន​ទឹកភ្លៀង​ធ្លាក់​ធម្មតា​ឡើង​វិញ ឬ​អាចលើស​ពីកម្រិត​ធម្មតា​ក្នុង​ភាគ​ខាងត្បូង​ប្រទេស​សូម៉ាលី​ដែល​កំពុង​ទទួល​រងគ្រោះ​ដោយសារ​គ្រោះទុរ្ភិក្ស។​

អាល់ហ្សេរី៖ ក្រុម​គណៈ​ប្រតិភូ​មកពី​ប្រទេស​ជិត​៤០​បាន​មក​ជួប​ជុំ​គ្នា​ក្នុង​ប្រទេស​អាល់ហ្សេរី​ដើម្បី​ចូលរួម​ក្នុង​កិច្ចប្រជុំ​រយៈពេល​ពីរ​ថ្ងៃ​ដើម្បី​ពិភាក្សា​អំពី​ការ​គំរាមកំហែង​នៃ​ក្រុម​មាន​ទំនាក់ទំនង​នឹង​ក្រុម​អាល់​កៃ​ដា​នៅ​តំបន់​អាហ្វ្រិក​ខាង​ជើង។​

ព័ត៌មាន​នៅ​ពេល​មុន​នេះ៖

តួកគី​៖ ប្រទេស​តួកគី​និយាយ​ថា​ខ្លួន​ផ្អាក​ពាណិជកម្ម​យោធានិង​សហប្រតិបត្តិការ​យោធា​ជា​មួយ​ប្រទេស​អ៊ីស្រាអែល ​ហើយ​បង្កើន​ការ​ឃ្លាំ​មើល​ដោយ​កង​នាវា​ចម្បាំង​នៅ​ក្នុង​ផ្ទៃទឹក​នៃ​សមុទ្រ​មេឌីទែររ៉ាណេ ​ជាការ​ឆ្លើយ​តប​នឹង​ការ​ប្រកែក​ដោយ​អ៊ីស្រាអែល​ដែល​មិនព្រម​សុំ​អភ័យទោស​ដល់​ការ​ឆ្មក់​វាយ​ប្រហារ​ដ៏​ប្រល័​យ​មួយ​ទៅ​លើ​នាវា​ដឹក​ជំនួយ​តួកគី​មួយ​គ្រឿង​កាល​ពីឆ្នាំ​ទៅ​មិញ។

ស៊ីរី៖ សហភាព​អឺរ៉ុប​កំពុង​ចាត់​វិធានការ​ដើម្បីដាក់​កំហិត​ទ័ណ្ឌកម្ម​បន្ថែមទៅ​លើ​ប្រទេស​ស៊ីរី​ចំពោះ​ការ​បង្ក្រាប​ដ៏​ឃោរឃៅ​របស់​រដ្ឋាភិបាល​ទៅ​លើ​ក្រុម​ប្រឆាំង។​ក្រសួង​ការបរទេស​បារាំង​និយាយ​កាល​ពី​ថ្ងៃ​អង្គារ​ថា ​ពួក​អ្នក​ការទូត​កំពុង​ពិចារណា​អំពី​វិធានការ​ដែល​យក​ជា​ទីដៅ​ក្រុមហ៊ុន​ទាំង​ទ្បាយ​ណា​ដែលមាន​ការ​ទាក់ទិន​ជាមួយ​ការ​បង្ក្រាប​ក្រុម​ជន​ស៊ីវិលនៅ​ស៊ីរី។

លីប៊ី​៖ ក្បួនរថយន្ត​យ៉ាង​តិច​ណាស់​២​រយ​គ្រឿង​ដែល​ដឹក​កងកម្លាំង​ស្មោះត្រង់​ជា​មួយ​ Moammar Gadhafi​ ប្រទេស​លី​ប៊ី​បាន​ឆ្លង​ព្រំដែន​ចូល​ទៅ​ក្នុង​ប្រទេស​ជិត​ខាងនីហ្សេ​ ​ពេល​ដែល​ក្រុម​យុទ្ធ​ជន​ប្រឆាំង​នឹង ​Gadhafi បាន​បន្ត​ប្រមូលផ្តុំ​គ្នា​នៅ​ខាងក្រៅ​ទីតាំង​ចុង​ក្រោយ​បង្អស់​របស់​មេដឹកនាំដែល​បាន​ត្រូវ​បណ្តេញ​ពី​តំណែង។

ប៉ាគីស្ថាន​៖ គណៈកម្មការ​ប៉ាគីស្ថាន​បាន​ដាក់​កំហិត​មិន​ឱ្យ​វេជ្ជបណ្ឌិត​ប៉ាគីស្ថាន​ម្នាក់ធ្វើ​ដំណើរ​ទៅ​ប្រទេស​ក្រៅ​ទេ។ ​វេជ្ជបណ្ឌិត​រូប​នេះ​បាន​ជួយសហរដ្ឋ​អាមេរិក​ក្នុង​ការ​ឆ្មក់​វាយ​ប្រហារនៅ​ថ្ងៃ​ទី​២ ឧសភា ​ដែល​បាន​សម្លាប់អូសាម៉ា ប៊ីនឡាដេន មេ​របស់​អង្គការអាល់កៃដា។

លីប៊ី​៖ ក្រុម​ជំនួយ​អន្តរជាតិ​មួយ​និយាយ​ថា​ពួក​អ្នក​ផ្លាស់​ប្តូរ​លំនៅដ្ឋាន​នៅ​អាហ្វ្រិក១​ពាន់២​រយ​នាក់​បាន​ជាប់គាំង​នៅក្រុង​មួយ​នា​ផ្នែក​ខាង​ត្បូងប្រទេស​លីប៊ី ​ជា​មួយ​ម្ហូប​អាហារ​និង​ទឹក​ដែល​រលោះ​បន្តិច​ម្តងៗ។

អាហ្វហ្គានីស្ថាន / អ៊ីរ៉ាក់៖ អតីត​ឧត្តមសេនីយ​សហរដ្ឋ​អាមេរិក ដែល​បាន​បញ្ជា​ក្រុម​ទាហាន​ដែល​បាន​ត្រូវ​បន្ថែម​នៅ​ក្នុងប្រទេស​អ៊ីរ៉ាក់​និង​ប្រទេស​អាហ្វហ្គានីស្ថាន ​នៅ​ពេល​នេះ​ជា​អ្នក​ឱ្យ​បញ្ជា​នៅ​ក្នុង​ទីភ្នាក់ងារ​ស៊ើបការ​សម្ងាត់ CIA។

នីហ្សេរីយ៉ា៖ ពួក​ប៉ូលីស​សម្ងាត់​នៃ​ប្រទេស​នីហ្សេរីយ៉ា ​និយាយ​ថា​ពួក​គេ​បាន​ចាប់ខ្លួន​មនុស្ស​៦​នាក់​ដែល​មាន​ការ​ទាក់ទង​ជា​មួយ​និកាយ​សាសនា​អ៊ីស្លាម​និយម​ជ្រុល​មួយដែល​ជាប់​សង្ស័យ​ថា​បាន​ដាក់​គ្រាប់បែក​ឱ្យ​ផ្ទុះ​នៅ​ក្នុង​ការិយាល័យ​បោះឆ្នោត​មួយ​និង​ក្នុង​ព្រះ​វិហារ​គ្រឹស្តសាសនា​មួយកាល​ពី​ពេល​មុន​នេះ​ក្នុង​ឆ្នាំ​នេះ។

XS
SM
MD
LG