លីប៊ី៖ អ្នកនាំពាក្យម្នាក់របស់ក្រុមយុទ្ធជនប្រឆាំងនឹង Ghadafi និយាយថាកិច្ចចរចាគ្នាដែលមានគោលដៅបញ្ចប់ដោយសន្តិវិធីនៅឯទីតាំងមួយក្នុងបណ្តាទីតាំងនៅសេសសល់របស់អតីតមេដឹកនាំលីប៊ី Moammar Gadhafi មិនបានទទួលជោគជ័យទេ។
ស៊ីរី៖ អគ្គលេខាធិការសម្ព័ន្ធអារ៉ាប់និយាយថាស៊ីរីយល់ព្រមទទួលលោកសម្រាប់ទស្សនកិច្ចមួយក្នុងសប្តាហ៍នេះ ពេលដែលអាជ្ញាធរស៊ីរីនៅតែបន្តបង្ក្រាបលើក្រុមអ្នកប្រឆាំងខាងនយោបាយនៅទូទាំងប្រទេស។
ប៉ាគីស្ថាន៖ ប៉ាគីស្ថានអំពាវនាវដល់លោកប្រធានាធិបតី Hamid Karzai ប្រទេសអាហ្វហ្គានីស្ថានជួយឲ្យមានការដោះលែងយុវជនប៉ាគីស្ថានប្រមាណ៣០នាក់ដែលត្រូវចាប់ពង្រត់ដោយពួកជនសកម្មប្រយុទ្ធតាលីបាន់នៅតាមព្រំដែនប្រទេសទាំងពីរកាលពីសប្តាហ៍មុន។
អាហ្វហ្គានីស្ថាន៖ ចលនាតាលីបាន់របស់ប្រទេសអាហ្វហ្គានីស្ថានបានដោះលែងវិស្វករតួកគីបួននាក់ដែលបានត្រូវចាប់ពង្រត់កាលពីខែធ្នូមុននៅខេត្ត Paktia នាប៉ែកខាងកើតប្រទេស។
សូម៉ាលី៖ ពួកមេដឹកនាំសូម៉ាលីបានបើកប្រជុំសន្និសីទមួយដើម្បីពិភាក្សាគ្នាអំពីទម្រង់រដ្ឋាភិបាលថ្មីរបស់ប្រទេសដែលមានវិបត្តិនេះ។
នីហ្សេរីយ៉ា៖ ពួកប៉ូលីសនៅក្នុងតំបន់កណ្តាលនៃប្រទេសនីហ្សេរីយ៉ានិយាយថាសមាជិក៨នាក់នៃគ្រួសារមួយបានត្រូវសម្លាប់នៅជិតក្រុង Jos ជាកន្លែងមានអំពើហិង្សាខាងពូជសាសន៍និងខាងសាសនាយ៉ាងញឹកញយ។
ស្វីស៖ របាយការណ៍ព័ត៌មានប្រទេសស្វីសនិយាយថាសហរដ្ឋអាមេរិកបានដាក់ឱសានវាទមួយដល់ស្វីស ដោយទាមទារឱ្យប្រទេសនេះផ្តល់ព័ត៌មានលម្អិតអំពីពលរដ្ឋរាប់ពាន់នាក់ដែលជាប់សង្ស័យថាបានប្រើប្រាស់ធនាគារស្វីសដើម្បីបន្លំពន្ធដារ។