ព័ត៌មានចុងក្រោយបំផុត៖
កម្ពុជា៖ អតីតមេដឹកនាំរបបខ្មែរក្រហមលេខពីរដ៏ឃោរឃៅនៃប្រទេសកម្ពុជានិយាយថា គាត់និងពួកសមមិត្តរបស់គាត់មិនមែនជា«មនុស្សអាក្រក់»ទេ។ នៅថ្ងៃច័ន្ទនេះ នួនជា បាននិយាយប្រាប់តុលាការឧក្រិដ្ឋកម្មសង្គ្រាមគាំទ្រដោយអ.ស.ប.ថា គាត់មិនចង់ឱ្យ«មនុស្សជំនាន់ក្រោយ» «យល់ច្រទ្បំអំពីប្រវត្តិសាស្ត្រ» ហើយមានជំនឿថាពួកខ្មែរក្រហមជា«ឧក្រិដ្ឋជន»។
រុស្ស៊ី៖ គណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រីរុស្ស៊ី Vladimir Putin បានខាតបង់យ៉ាងច្រើននៅក្នុងការបោះឆ្នោតសភា ហើយការណ៍នេះបានធ្វើឱ្យបុរសដែលធ្លាប់មានឥទ្ធិពលខ្លាំងក្នុងវិស័យនយោបាយប្រទេសរុស្ស៊ីជាងមួយទសវត្សរ៍កន្លងមកទទួលបានការថយចុះនៃសំឡេងភាគច្រើន។
អាហ្វហ្គានីស្ថាន៖ សន្និសីទសាកលមួយស្តីពីអនាគតនៃប្រទេសអាហ្វហ្គានីស្ថានបានចាប់បើកការប្រជុំនៅក្នុងក្រុង Bonn នៃប្រទេសអាល្លឺម៉ង់ហើយ។ នៅថ្ងៃច័ន្ទនេះពួកប្រតិភូមកពីប្រទេសជាង៨០ បានផ្តោតការយកចិត្តទុកដាក់លើការរៀបចំមាគ៌ាមួយសម្រាប់ប្រទេសដែលខ្ទិចខ្ទាំដោយសារសង្គ្រាមនេះ នៅក្រោយពេលដែលក្រុមទាហានប្រយុទ្ធអន្តរជាតិចាកចេញពីប្រទេសនេះក្នុងឆ្នាំ២០១៤។ ក៏ប៉ុន្តែប្រទេសប៉ាគីស្ថានដែលត្រូវបានចាត់ទុកថាមានសារៈសំខាន់ដល់ស្ថិរភាពនៃប្រទេសអាហ្វហ្គានីស្ថាន បែរជាធ្វើពហិការមិនចូលរួមក្នុងការប្រជុំនេះទេ ហើយទង្វើនេះជាការឆ្លើយតបនឹងការវាយប្រហារឆ្លងកាត់ព្រំដែនរបស់អង្គការអូតង់កាលពីចុងខែមុនដែលបានបណ្តាលឱ្យទាហានប៉ាគីស្ថាន២៤នាក់ស្លាប់។
កូតឌីវ័រ៖ អតីតប្រធានាធិបតី កូតឌីវ័រLaurent Gbagbo នឹងចេញបង្ហាញខ្លួននៅចំពោះមុខតុលាការឧក្រិដ្ឋកម្មអន្តរជាតិនៅថ្ងៃច័ន្ទនេះ ដើម្បីប្រឈមនឹងការចោទប្រកាន់៤ទាក់ទងនឹងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិដែលកើតចេញពីមុខនាទីរបស់លោកនៅក្រោយការបោះឆ្នោតកាលពីឆ្នាំទៅមិញ។
ព័ត៌មាននៅពេលមុននេះ៖
បង់ក្លាដែស៖ ប៉ូលីសបង់ក្លាដែសបានប្រើដំបងនិងគ្រាប់បែកផ្សែងកាលពីថ្ងៃអាទិត្យដើម្បីបំបែកហ្វូងបាតុករដែលបានចូលរួមក្នុងកូដកម្មមួយថ្ងៃរបស់ក្រុមប្រឆាំងនៅក្នុងរដ្ឋធានីដាក្កា។
មន្ត្រីសន្តិសុខរាប់ពាន់នាក់បានត្រូវដាក់ពង្រាយនៅទូទាំងទីក្រុងនេះ នៅក្នុងការប៉ុនប៉ងមួយដើម្បីថែរក្សារបៀបរៀបរយ នៅពេលដែលសាលារៀននិងហាងលក់ទំនិញបានបិទទ្វារនៅក្នុងការធ្វើកូដកម្មនេះ។ របាយការណ៍ពីរដ្ឋធានីនិយាយថាពួកអ្នកគាំទ្រក្រុមប្រឆាំងនិងពួកអ្នកទ្រទ្រង់រដ្ឋាភិបាលមានរបួសនៅក្នុងការរុញច្រានជាមួយក្រុមប៉ូលីស។
គណបក្សជាតិនិយមបង់ក្លេដេស ជាគណបក្សប្រឆាំងបានចាត់ចែងឱ្យមានកូដកម្មនេះ ជាការតវ៉ាប្រឆាំងនឹងសេចក្តីសម្រេចចិត្តរបស់រដ្ឋាភិបាលក្នុងការបែងចែករដ្ឋធានីដាក្កាជាតំបន់រដ្ឋបាលពីរ។
អ៊ីរ៉ង់៖ បណ្តាញផ្សាយព័ត៌មានអ៊ីរ៉ង់បានរាយការណ៍ថាកងទ័ពអ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះចារកម្មសហរដ្ឋអាមេរិកគ្មានមនុស្សបើកបរមួយគ្រឿងក្រោយពីវាត្រូវគេចោទថាបានរំលោភចូលដែនអាកាសនៃប្រទេសអ៊ីរ៉ង់។
រុស្ស៊ី៖ ពលរដ្ឋរុស្ស៊ីបានចូលរួមបោះឆ្នោតនៅថ្ងៃអាទិត្យនៅទូទាំងតំបន់នៅម៉ោង៩ ក្នុងការបោះឆ្នោតសភា ដែលគេបានរំពឹងថានឹងធ្វើឱ្យខ្សោយដល់ការក្តាប់អំណាចរបស់គណបក្សគ្រប់គ្រងប្រទេសរបស់លោកពូទីន ក្នុងរដ្ឋឌុយម៉ា ដែលជាសភាជាន់ទាប។
ស៊ីរី៖ សម្ព័ន្ធអារ៉ាប់បានទុកពេលវេលាឱ្យស៊ីរីត្រឹមថ្ងៃអាទិត្យដើម្បីឆ្លើយតបនឹងសំណើបញ្ជូនក្រុមអ្នកសង្កេតការណ៍ចូលទៅក្នុងប្រទេសដែលមានអំពើហិង្សាមួយនេះនិងវាជាផ្នែកមួយនៃផែនការដើម្បីបញ្ឈប់ការបង្ក្រាបក្រុមបាតុកររបស់យោធានៅទីនោះ។
តួកគី៖ នៅពេលជាមួយគ្នានេះ ទីភ្នាក់ងារព័ត៌មាន Reuters បានផ្សាយកាលពីថ្ងៃអាទិត្យថាមានពួកប៉ូលីសសម្ងាត់យ៉ាងតិចណាស់១២នាក់បានរត់ចោលជួរចេញពីសំណង់អាគារសំរាប់ក្រុមស៊ើបការសម្ងាត់នៅក្នុងក្រុង Idlib នៅជិតព្រំដែនតួកគី។