ព័ត៌មានចុងក្រោយបំផុត៖
ក្រិក៖ ប៉ូលីសពើបប្រយុទ្ធគ្នានៅថ្ងៃព្រហស្បតិ៍នេះជាមួយក្រុមអ្នកតវ៉ានៅខាងក្រៅបរិវេណសភា មុនការបោះឆ្នោតដើម្បីអនុម័តនាពេលចុងក្រោយនូវសំណើច្បាប់អំពីវិធានការតឹងរឹង។
ចិន៖ អង្គការ Amnesty International ឲ្យដឹងថា ប្រទេសចិនបានធ្វើឲ្យមេធាវីការពារសិទ្ធិមនុស្សទទួលរងនូវការរំខាន ការឃុំឃាំងតាមអំពើចិត្ដ និងថែមទាំងការធ្វើបាបរាងកាយ ដើម្បីខំប្រឹងប្រែងរាំងខ្ទប់ការជំទាស់។
អាហ្វហ្កានីស្ថាន៖ អង្គការអូតង់ (NATO) ឲ្យដឹងថាខ្លួន បានសម្លាប់មេដឹកនាំថ្នាក់ខ្ពស់នៃបណ្ដាញ Haqqani នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ដែលជាប់សង្ស័យក្នុងបទជួយពួកសកម្មប្រយុទ្ធដែលវាយប្រហារទៅលើសណ្ឋាគារមួយនៅទីក្រុងកាប៊ុលនៅល្ងាចថ្ងៃអង្គារ។
អាហ្វហ្កានីស្ថាន៖ អ្នកកាសែតបារាំង៣នាក់ ដែលត្រូវបានពួកឧទ្ទាមតាលីបាន់ចាប់ពង្រត់នៅក្នុងប្រទេសអាហ្វហ្កានីស្ថាន ហើយជាប់ឃុំឃាំងក្នុងរយ:ពេលមួយឆ្នាំកន្លះបានវិលត្រឡប់ទៅប្រទេសបារាំងវិញហើយ ក្រោយពីពួកអ្នកចាប់ពង្រត់ដោះលែងពួកគេ។
វ៉ាស៊ីនតោន៖ ប្រទេសអង់គ្លេសឲ្យដឹងថា ខ្លួនកំពុងតែបញ្ជូនអាវស្រោបដែក ឯកសណ្ឋានប៉ូលីស និងគ្រឿងឧបករណ៍គមនាគមន៍ទៅឲ្យក្រុមបះបោរនៅប្រទេសលីប៊ីដែលកំពុងតែប្រយុទ្ធប្រឆាំងកងទ័ពស្មោះត្រង់ចំពោះមេដឹកនាំ Moammar Gadhafi ។
លីបង់៖ ទីភ្នាក់ងារព័ត៌មានរាយការណ៍ថាតុលាការដែលអ.ស.ប.គាំទ្រដែលកំពុងតែស៊ើបអង្កេតអំពីការធ្វើឃាតអតីតនាយករដ្ឋមន្ដ្រី Rafik Hariri នៃប្រទេសលីបង់នៅឆ្នាំ២០០៥ បានចេញដីកាចាប់ខ្លួនចំនួន៤ ហើយនឹងដីកាចោទប្រកាន់សម្ងាត់ជូនអគ្គរដ្ឋអាជ្ញានៃប្រទេសលីបង់។
អ៊ីរ៉ាក់៖ យោធាស.រ.អ.ឲ្យដឹងថា យុទ្ធជនអាមេរិកាំង៣នាក់ត្រូវបានសម្លាប់នៅក្នុងប្រទេសអ៊ីរ៉ាក់ភាគខាងត្បូងនៅថ្ងៃពុធ នៅក្នុងខែនេះដែលជាខែយ៉ាងប្រល័យជាងគេសម្រាប់យុទ្ធជនស.រ.អ.ក្នុងរយ:ពេល២ឆ្នាំ។
អ៊ីរ៉ង់៖ រដ្ឋមន្ដ្រីក្រសួងការបរទេសនៃប្រទេសអ៊ីរ៉ង់និយាយថា បស្ចឹមប្រទេសកំពុងតែទាញយកផលប្រយោជន៍នៅក្នុងការបះបោរនៅប្រទេសស៊ីរីដើម្បីការពារប្រទេសអ៊ីស្រាអែល។
ប៉ាគីស្ថាន៖ រដ្ឋមន្ដ្រីការពារប្រទេសនៃប្រទេសប៉ាគីស្ថានអំពាវនាវឲ្យស.រ.អ.ចេញពីមូលដ្ឋានកងទ័ពអាកាសដាច់ស្រយាលមួយនៅប្រទេសបាគីស្ថានភាគនីរតី ដែលលោកនិយាយថា ត្រូវបានប្រើដើម្បីបង្ហោះយន្ដហោះ drone គ្មានមនុស្សបើកបរប្រឆាំងពួកតាលីបាន់ ហើយនឹងពួកសកម្មប្រយុទ្ធអាល់កៃដា។
សហរដ្ឋអាមេរិក៖ លោក Robert Gates រដ្ឋមន្ដ្រីក្រសួងការពារប្រទេសស.រ.អ. កំពុងតែចូលនិវត្ដន៍ហើយ ក្រោយពីបានដឹកនាំក្រសួងការពារប្រទេសក្នុងរយ:ពេលជាង៤ឆ្នាំមក ក្នុងដំណាក់កាលសំខាន់ៗនៃសង្គ្រាមរបស់ស.រ.អ.នៅក្នុងប្រទេសអ៊ីរ៉ាក់និងអាហ្វហ្កានីស្ថាន។
យេម៉ែន៖ មេដឹកនាំស្ដីទីនៃប្រទេសយេម៉ែននិយាយថា លោកប្រធានាធិបតី Ali Abdullah Saleh ទទួលរងរបួសធ្ងន់ធ្ងរណាស់ ដោយសារការវាយប្រហារទៅលើអគារប្រធានាធិបតីរបស់លោកនៅដើមខែនេះ រហូតទាល់តែគេមិនដឹងប្រាកដទេថាតើលោកនឹងវិលត្រឡប់ទៅប្រទេសរបស់លោកវិញពីប្រទេសអារ៉ាប៊ីសាអូឌីតនៅពេលណា។
វ៉េណេស៊ុយអេឡា៖ ទូរទស្សន៍របស់រដ្ឋនៃប្រទេសវ៉េណេស៊ុយអេឡានៅថ្ងៃពុធ ផ្សាយរូបភាពថ្មីរបស់លោកប្រធានាធិបតី Hugo Chavez ដែលការស្ថិតនៅរបស់លោកក្នុងប្រទេសគុយបាយូរពេលវេលាពេក ក្រោយពីឲ្យគ្រូពេទ្យវះកាត់ នៅថ្ងៃទី១០មិថុនាបានបណ្ដាលឲ្យមានមន្ទិលសង្ស័យអំពីសុខភាពរបស់លោក។
អង់គ្លេស៖ គ្រូបង្រៀននិងអ្នករដ្ឋការអង់គ្លេសរាប់ពាន់នាក់នៅថ្ងៃព្រហស្បតិ៍កំពុងតែចូលរួមក្នុងកូដកម្ម២៤ម៉ោង ដោយប្រឆាំងតវ៉ានឹងសំណើឲ្យមានការផ្លាស់ប្ដូរផែនការប្រាក់ចូលនិវត្ដន៍ ដែលស្នើឲ្យអ្នកចូលនិវត្ដន៍ធ្វើវិភាគទានច្រើនថែមទៀត ហើយនឹងត្រូវឲ្យនៅធ្វើការយូរពេលវេលាជាង។
រុស្ស៊ី៖ បណ្ដាញផ្សាយព័ត៌មាននៃប្រទេសរុស្ស៊ីនិងអាស៊ីបូព៌ាផ្ដល់សេចក្ដីរាយការណ៍ផ្ទុយគ្នានៅថ្ងៃព្រហស្បតិ៍នេះ អំពីមូលហេតុនៃការលុបចោលសន្និសីទកំពូលសម្ងាត់រវាងលោកប្រធានាធិបតី Dmitry Medvedev នៃប្រទេស រុស្ស៊ីនិងលោកមេដឹកនាំប្រទេសកូរ៉េខាងជើង Kim Jong Il។
ចិន៖ យោធានៃប្រទេសចិននិយាយថា សមយុទ្ធរបស់កងទ័ពជើងទឹកកាលពីពេលថ្មីៗនេះមិនពាក់ព័ន្ធអ្វីទៅនឹងជម្លោះរបស់ខ្លួនជាមួយប្រទេសជិតខាងរបស់ខ្លួននៅក្នុងសមុទ្រចិនខាងត្បូងទេ។
វ៉ាស៊ីនតោន៖ ស.រ.អ.ឲ្យដឹងថាខ្លួននឹងគាំទ្រការលើកលែងឲ្យប្រទេសឥណ្ឌាចេញពីបទបញ្ជាអន្ដរជាតិស្ដីពីពាណិជ្ជកម្មនុយក្លេអ៊ែរ។
សហប្រជាជាតិ៖ អ.ស.ប.បានរិះគន់ចំពោះប្រទេសចិនដែលខកខានមិនបានចាប់ខ្លួនលោក Omar al-Bashir ប្រធានាធិបតីនៃប្រទេសស៊ូដង់ក្នុងរយ:ពេលទស្សនកិច្ចរបស់លោកទៅទីក្រុងប៉េកាំងនៅសប្តាហ៍នេះ។
ចិន៖ អង្គការមានទំនោរទៅរកសាសនានិងព្រះវិហារឲ្យដឹងថា បព្វជិកសាសនានិកាយកាតូលិកមួយអង្គនៅប្រទេសចិន ត្រូវបានចាប់ខ្លួន ក្រោយពីបព្វជិកនេះបានបំបួសបព្វជិកមួយអង្គ។
ព័ត៌មានពីពេលមុននេះ៖
សហរដ្ឋអាមេរិក៖ ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានវែកញែកអំពីសេដ្ឋកិច្ចប្រទេសលីប៊ីនិងប្រទេសអាហ្វហ្កានិស្ថាននៅក្នុងសន្និសីទទូលំទូលាយនៅឯសេតវិមានកាលពីថ្ងៃពុធ។
សហរដ្ឋអាមេរិក៖ ប្រធានាធិបតី បារ៉ាក់ អូបាម៉ា ថ្លែងថាស.រ.អ.នឹងបន្ដដាក់គំនាបមកលើក្រុមអាលកៃដា ទោះបីជាកងកម្លាំងអាមេរិកាំងបានត្រូវដកថយចេញពីប្រទេសអាហ្វហ្គានិស្ថានក៏ដោយ។
ក្រិក៖ សភារបស់ប្រទេសក្រិកបានយល់ព្រមមកលើវិធានការរឹតត្បៀតថវិកាដែលជាជំហានដំបូង ក្នុងគោលបំណងនឹងទទួលយកជំនួយថវិកាពីអន្ដរជាតិ ដើម្បីដោះស្រាយបញ្ហាបំណុលរបស់ប្រទេសនោះ។
អាហ្វហ្កានីស្ថាន៖ ប្រធានាធិបតីនៃប្រទេសអាហ្វហ្គានីស្ថាន ហាមិឌ កាសៃ ថ្លែងថាការវាយប្រហារមួយ ដូចធ្វើមកលើសណ្ឋាគារប្រណិតក្នុងទីក្រុង កាប៊ូលដែលបានសម្លាប់ជនស៊ីវិលនិងប៉ូលិស១១នាក់មិនធ្វើឲ្យរាថយដល់ការផ្ទេរសន្ដិសុខទៅឲ្យប្រទេសរបស់លោកទេ។
អេហ្ស៊ីប៖ ក្រសួងសុខាភិបាលរបស់ប្រទេសអេហ្ស៊ីបឲ្យដឹងថាការប្រឈមមុខដ៏ឃោរឃៅរវាងក្រុមប៉ូលីសនិងបាតុករ នៅចំកណ្ដាលទីក្រុងឡឺគែរបានធ្វើឲ្យរបួសដល់មនុស្សជាងមួយពាន់នាក់ដែលជាព្រឹត្ដិការណ៍ច្រើនសប្ដាហ៍នៃការបះបោរដ៏ធំនៅក្នុងរដ្ឋធានីរបស់ប្រទេសអេហ្ស៊ីប។
ស៊ីរី៖ សកម្មជនស៊ីរីថ្លែងថាទាហានរដ្ឋាភិបាលបានវាយប្រហារមកលើភូមិជាច្រើនកន្លែងនៅក្នុងតំបន់ឦសានប្រទេសដោយបានសម្លាប់ជនស៊ីវិលយ៉ាងតិច៤នាក់ ដែលជាផ្នែកមួយនៃការវាយបង្រ្កាបប្រើពេលមួយខែមកលើក្រុមបាតុករនិយមលទ្ធិប្រជាធិបតេយ្យ។
យេមែន៖ មន្ដ្រីយោធានៅក្នុងប្រទេសយេមែនថ្លែងថា យ៉ាងតិចមានទាហាន២៦នាក់បានស្លាប់ក្នុងការប្រយុទ្ធជាមួយជនសកម្មប្រយុទ្ធនៅតំបន់ភាគខាងត្បូងទីក្រុង Zanjibar។
បារ៉ែន៖ ព្រះមហាក្សត្ររបស់ប្រទេសបារ៉ែន បានប្រកាសកាលពីថ្ងៃពុធនេះថា នឹងបង្កើតគណកម្មការឯករាជ្យមួយដើម្បធ្វើការស៊ើបអង្កេតមកលើលទ្ធភាពនៃបទរំលោភលើសិទ្ធិមនុស្ស ក្នុងពេលមានបាតុកម្មប្រឆំាងរដ្ឋាភិបាល។
អ៊ីរ៉ង់៖ ប្រធានាធិបតីអ៊ីរ៉ង់ លោក Mahmoud Ahmadinejad ព្រមានអាជ្ញាធរអំពីការចាប់ខ្លួនសមាជិករបស់រដ្ឋាភិបាល តាមបទអំពើពុករលួយ។
កូរ៉េខាងត្បូង៖ យោធារបស់កូរ៉េខាងត្បូងនិយាយថាខ្លួនបានរៀបចំបង្កើតសាលាសង្រ្គាមកុំព្យូទ័រ ក្រោយពីមានការវាយប្រហារតាមបណ្ដាញអ៊ីនធឺណិត សង្ស័យមកពីប្រទេសកូរ៉េខាងជើង។
ស៊ីរី៖ ពួកសកម្មជនស៊ីរីនិយាយថារថក្រោះរបស់រដ្ឋាភិបាលបានបើកចូលខេត្ត Idlib ភាគខាងជើង ដែលជាចំណាត់ការថ្មីៗបំផុតនៅក្នុងការបង្ក្រាបអំពើហិង្សាដែលកំពុងធ្វើឡើងប្រឆាំងពួកបាតុករដែលកំពុងអំពាវនាវឲ្យបញ្ចប់ដល់ការគ្រប់គ្រងរយៈពេល១១ឆ្នាំរបស់ប្រធានាធិបតីស៊ីរី។
សហរដ្ឋអាមេរិក៖ ប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា មានកំណត់ពេលជួបជាមួយមេដឹកនាំព្រឹទ្ធសភាខាងគណបក្សប្រជាធិបតេយ្យនៅថ្ងៃពុធនេះដើម្បីពិភាក្សាការចរចាដែលជាប់គាំងថាតើបង្កើនការកម្រិតបំណុលរបស់ប្រទេសជាតិហើយនឹងបញ្ចៀសមហន្តរាយនៃការខកខានមិនបានសងបំណុលនោះយ៉ាងដូចម្តេច។
សហប្រជាជាតិ៖ ទីភ្នាក់ងាររបស់អង្គការសហប្រជាជាតិ ប្រាប់ឲ្យដឹងថាប្រទេសជាតិអាស៊ីនានា ត្រូវតែធ្វើការជាមួយគ្នាដើម្បីកាត់បន្ថយផលប៉ះពាល់នៃការកើនឡើងនៃអាកាសធាតុដែលបានគំរាមកំហែងការរើបឡើងវិញនូវសេដ្ឋកិច្ចក្នុងតំបន់។
អ៊ីរ៉ង់៖ លោក William Hague រដ្ឋមន្រ្តីក្រសួងការបរទេសអង់គ្លេស មានប្រសាសន៍ថាប្រទេសអ៊ីរ៉ង់ បានធ្វើតេស្តកាំជ្រួចផ្លោងមីស៊ីលដែលមានលទ្ធភាពផ្ទុកនុយគ្លេអ៊ែរនៅក្នុងការរំលោភសេចក្តីសម្រេចចិត្តរបស់អង្គការសហប្រជាជាតិ។
ហ្វ៊ីលីពីន៖ អាជ្ញាធរហ្វីលីពីននិយាយថាទឹកជំនន់ភ្លាមនៅលើកោះមីដាណាវខាងត្បូងបានសម្លាប់មនុស្សយ៉ាងហោចណាស់ក៏២៥នាក់ដែរភាគច្រើននៃអ្នកស្លាប់ទាំងនោះជាកូនក្មេង បានត្រូវទឹកនាំយកទៅជាមួយនៅពេលពួកគេស្ថិតនៅក្នុងផ្ទះនៅពេលយប់។
យេមែន៖ មន្រ្តីសុខាភិបាលនៅក្នុងប្រទេសយេមែន និយាយថាការវាយប្រហារតាមអាកាសរបស់យោធាលើរថយន្តមួយគ្រឿងនៅក្នុងខេត្ត Abyan ខាងត្បូងដែលមានការរំជើបរំជួលបានសម្លាប់ជនស៊ីវិល៤នាក់និង១២នាក់ទៀតបានរងរបួស។