ព័ត៌មានចុងក្រោយបំផុត៖
លីប៊ី៖ ពួកមេដឹកនាំឧទ្ទាមក្នុងប្រទេសលីប៊ីបានទាមទារឲ្យអាជ្ញាធរក្នុងប្រទេសអាល់ហ្សេរីបញ្ជូនប្រពន្ធនិងកូនបីនាក់របស់មេដឹកនាំលីប៊ី ម៉ូអាម៉ារ ហ្កាដាហ្វី (Moammar Gadhafi) មកផ្តន្ទាទោសក្នុងប្រទេសលីប៊ី បន្ទាប់ពីក្រុមនោះបានចូលក្នុងប្រទេសអាល់ហ្សេរីកាលពីព្រឹកថ្ងៃច័ន្ទ។
ស៊ីរី៖ ក្រុមសកម្មជនសិទ្ធិមនុស្សស៊ីរីនិយាយថាកងកម្លាំងសន្តិសុខរបស់រដ្ឋាភិបាលបានសម្លាប់មនុស្ស៧នាក់ បន្ទាប់ពីបានបើកការបាញ់ប្រហារលើក្រុមអ្នកតវ៉ានៅថ្ងៃឈប់សម្រាកទីមួយរបស់សាសនាអ៊ីស្លាមដែលបានបញ្ចប់បុណ្យរ៉ាម៉ាដាន់ (Ramadan)។
ជប៉ុន៖ អតីតរដ្ឋមន្រ្តីក្រសួងហិរញ្ញវត្ថុលោក យ៉ូស៊ីហ៊ីកុ ណូដា (Yoshihiko Noda) បានទទួលការតែងតាំងជានាយករដ្ឋមន្រ្តីជប៉ុននៅថ្ងៃអង្គារនេះ ហើយភ្លាមៗនោះបានធ្វើការជ្រើសរើសគណៈរដ្ឋមន្រ្តីរបស់លោក។
សហរដ្ឋអាមេរិក៖ អ្នករស់នៅតាមឆ្នេរសមុទ្រខាងកើតសហរដ្ឋអាមេរិកបានបន្តដោះស្រាយបញ្ហាគ្រោះទឹកជំនន់ជាប្រវត្តិសាស្រ្ត ហើយនិងការដាច់ចរន្តអគ្គីសនីជាទូទៅដែលបណ្តាលមកពីខ្យល់ព្យុះសង្ឃរាផ្តាច់ជីវិតឈ្មោះអាយរីន (Hurricane Irene)។
អាស៊ី/ចិន៖ អាជ្ញាធរនៅភាគអគ្នេយ៍នៃប្រទេសចិនបានប្រុងប្រៀបខ្លួន មុនពេលខ្យល់ព្យុះទីហ្វុងណាន់មីឌុល (Nanmidol) បក់មកដល់នៅយប់ថ្ងៃអង្គារនេះ បន្ទាប់ពីខ្យល់ព្យុះត្រូពិកនេះបានបន្សល់ទុកការខូចខាតនៅក្នុងកោះតៃវ៉ាន់ និងប្រទេសហ្វីលីពីន។
អាហ្វិកខាងត្បូង៖ កងនគរបាលប្រទេសអាហ្វ្រិកខាងត្បូងបានប្រើគ្រាប់បែកផ្សែង និងបំពង់បាញ់ទឹក ដើម្បីបំបែកក្រុមអ្នកគាំទ្រប្រធានសមាគមយុវជនរបស់គណបក្សកាន់អំណាច ដែលមានភាពចម្រូងចម្រាស់។
អាស៊ី៖ អង្គការសហប្រជាជាតិកំពុងប្រកាសឲ្យដឹងពីការកើតមានឡើងវិញនូវមេរោគគ្រុនផ្តាសាយបក្សីដ៏សាហាវ រួមទាំងប្រភេទនៃវីរុសមួយដែលបំបែកខ្លួនពីវីរុសមួយទៀត ដែលកំពុងតែរីករាលដាលក្នុងទ្វីបអាស៊ី និងតំបន់ផ្សេងៗទៀត។
ស៊ូដង់៖ អង្គការសិទ្ធិមនុស្សពីរប្រាប់ឲ្យដឹងថា កងទ័ពស៊ូដង់ប្រហែលជាបានប្រព្រឹត្តឧក្រិដ្ឋកម្មសង្គ្រាមក្នុងរដ្ឋករដូហ្វាន់ (Kordofan) ឋិតនៅភាគខាងត្បូងនៃប្រទេសស៊ូដង់។ អង្គការសិទ្ធិមនុស្ស Amnesty International ដែលមានទីតាំងក្នុងទីក្រុងឡុងនិងអង្គការសិទ្ធិមនុស្ស Human Rights Watch ដែលមានទីតាំងក្នុងទីក្រុងញូយ៉កប្រាប់ឲ្យដឹងនៅថ្ងៃអង្គារនេះថាពួកគេមានភ័ស្តុតាងបញ្ជាក់ថាកងទ័ពស៊ូដង់បានអនុវត្តនូវ«យុទ្ធនាការវាយប្រហារដោយគ្រាប់បែកដោយមិនរើសមុខ» តាំងពីខែមិថុនាមក។
ប៉ាគីស្ថាន៖ ប៉ូលីសប៉ាគីស្ថាននិយាយថា ជនសង្ស័យដែលជាអ្នកដាក់គ្រាប់បែកអត្តឃាតពីររូបត្រូវបានសម្លាប់បន្ទាប់ពីគ្រឿងផ្ទុះរបស់ពួកគេត្រូវបានចុចបំផ្ទុះមុនពេលកំណត់ ក្នុងខណៈពេលដែលពួកគេកំពុងជិះម៉ូតូក្នុងទីក្រុងកំពង់ផែការ៉ាជីដែលពោរពេញដោយអំពើហិង្សានោះ។
ព័ត៌មាននៅមុននេះ៖
តៃវ៉ាន់៖ ខ្យល់ព្យុះត្រូពិក Nanmadol បានធ្វើឱ្យមានភ្លៀងកន្លះម៉ែត្រលើកោះតៃវ៉ាន់នៅថ្ងៃច័ន្ទ ដោយបង្ខំឱ្យមានការជម្លៀសមនុស្សជាច្រើននាក់និងមានទឹកជំនន់លិចផ្ទះផ្លូវនិងដីស្រែចម្ការ នៅមុនវាបោកបក់ទៅកាន់តំបន់អគ្នេយ៍ប្រទេសចិន។
ស៊ីរី៖ ពួកសកម្មជនសិទ្ធិមនុស្សស៊ីរីនិយាយថា កងកម្លាំងសន្តិសុខរដ្ឋាភិបាលបានសម្លាប់មនុស្ស៦នាក់នៅពេលឆ្មក់ចូលក្នុងតំបន់នានាក្នុងប្រទេស ក្នុងការបង្ក្រាបជាថ្មីលើពួកអ្នកប្រឆាំងខាងនយោបាយ។
អាល់ហ្សេរី៖ បណ្តាញផ្សាយព័ត៌មានប្រទេសអាល់ហ្សេរី រាយការណ៍ថា ពួកសមាជិកគ្រួសាររបស់ Moammar Gadhafi បានចូលទៅក្នុងប្រទេសអាល់ហ្សេរី កាលពីថ្ងៃច័ន្ទ ពេលដែលក្រុមឧទ្ទាមលីប៊ីបានបន្តស្វែងរកអតីតមេដឹកនាំរូបនេះដែលត្រូវគេរិះគន់ជានិច្ច។
សហរដ្ឋអាមេរិក៖ អាជ្ញាធរសហរដ្ឋអាមេរិកនិយាយថា ទឹកជំនន់យ៉ាងខ្លាំងមានផលប៉ះពាល់ដល់ផ្នែកនានាក្នុងតំបន់ឦសានប្រទេស មួយថ្ងៃក្រោយពីខ្យល់ព្យុះ Hurricane Irene ថមថយកម្លាំងបានបោកបក់លើតំបន់នោះ។
សហរដ្ឋអាមេរិក៖ ពួកអ្នកធានារ៉ាប់រងនិងពួកអ្នកជំនាញការឯទៀតៗបានបូកសរុបការខូចខាតខាងសេដ្ឋកិច្ចបណ្តាលមកពីខ្យល់ព្យុះ Hurricane Irene ដែលបានបណ្តាលឱ្យមនុស្ស៣៣នាក់ស្លាប់ក្នុងសហរដ្ឋអាមេរិកកាលពី២ថ្ងៃមុននេះ។
ប៉ាគីស្ថាន៖ ពួកមន្ត្រីសហរដ្ឋអាមេរិកនិយាយថា ពួកគេមានការទុកចិត្តខ្លាំងថាអនុប្រធាននៃអង្គការអាល់កៃដាត្រូវបានសម្លាប់ក្នុងប្រទេសប៉ាគីស្ថាន។