ព័ត៌មានចុងក្រោយបំផុត៖
ប៉ាគីស្ថាន៖ ប្រទេសប៉ាគីស្ថានបានសម្រេចចិត្តធ្វើពហិការមិនចូលរួមក្នុងសន្និសីទអន្តរជាតិមួយស្តីពីអនាគតនៃប្រទេសអាហ្វហ្កានិស្ថាន ជាការតវ៉ាដល់ការវាយប្រហារតាមអាកាសដោយអង្គការអូតង់ (NATO) ដែលបានបណ្តាលឱ្យទាហានប៉ាគីស្ថាន២៤នាក់ស្លាប់នៅក្នុងតំបន់ព្រំដែនរវាងប្រទេសប៉ាគីស្ថាននិងប្រទេសអាហ្វហ្កានិស្ថានកាលពីសប្តាហ៍មុន។
ស៊ីរី៖ សហរដ្ឋអាមេរិកនិងប្រទេសអាល្លឺម៉ង់និយាយថា ក្រុមប្រឹក្សាសន្តិសុខអ.ស.ប.ត្រូវឆ្លើយតបនឹងការបង្ក្រាបដ៏ប្រល័យរបស់អាជ្ញាធរស៊ីរីលើក្រុមបាតុករក្រោយពីពួកអ្នកស៊ើបអង្កេតរបស់អ.ស.ប.បានរាយការណ៍យ៉ាងល្អិតល្អន់អំពីការរំលោភយ៉ាងធ្ងន់ធ្ងរលើសិទ្ធិមនុស្សដែលពួកគេនិយាយថាបានត្រូវបញ្ជាដោយ(អាជ្ញាធរ)«កម្រិតខ្ពស់បំផុត»របស់រដ្ឋាភិបាលប្រធានាធិបតី Bashar al-Assad។
អេហ្ស៊ីប៖ ការបោះឆ្នោតសភាលើកទីមួយក្នុងប្រទេសអេហ្ស៊ីបចាប់តាំងពីការបណ្តេញលោកអតីតប្រធានាធិបតី Hosni Mubarak ពីតំណែង មានធ្វើតទៅទៀតក្រោយពីពួកអ្នកសង្កេតការណ៍បានរាយការណ៍អំពីមនុស្សច្រើននាក់បានទៅបោះឆ្នោតនិងមានបរិយាកាសប្រកបដោយសន្តិវិធីកាលពីមួយថ្ងៃមុននេះ។
កុងហ្គោ៖ ការបោះឆ្នោតនៅក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ (Congo) មានធ្វើតទៅទៀតនៅថ្ងៃអង្គារនេះនៅក្នុងតំបន់នានាដែលអំពើហិង្សាឬសន្លឹកឆ្នោតមិនបានត្រូវដឹកទៅកាន់ទីនោះនៅពេលបោះឆ្នោតកាលពីថ្ងៃច័ន្ទ។
ព័ត៌មាននៅពេលមុននេះ៖
អេហ្ស៊ីប៖ ពលរដ្ឋអេហ្ស៊ីបកំពុងធ្វើការបោះឆ្នោតសភាលើកទីមួយ តាំងពីការបះបោររបស់ប្រជាពលរដ្ឋបានបញ្ចប់ការគ្រប់គ្រងអស់រយៈពេល៣០ឆ្នាំរបស់ប្រធានាធិបតីហូស្សនី មូបារ៉ាក់ កាលពីខែកុម្ភៈ។
កុងហ្គោ៖ អ្នកបោះឆ្នោតជាតិកុងហ្គោរាប់លាននាក់បានបោះឆ្នោតនៅថ្ងៃច័ន្ទតាម បែបពហុបក្សលើកទី២ចាប់តាំងពីបញ្ចប់សង្គ្រាមស៊ីវិលដ៏ឃោឃៅមក។
ស៊ីរី៖ សហភាពអឺរ៉ុបមានផែនការដាក់ទ័ណ្ឌកម្មកាន់តែខ្លាំងឡើងថែមទៀតលើរដ្ឋាភិបាលដែលមានជម្លោះរបស់ប្រធានាធិបតីស៊េរី Bashar al – Assad លើការបង្ក្រាបទៅលើពួកបាតុករ។
ប៉ាគីស្ថាន៖ កំពុងច្រានចោលសេចក្តីរាយការណ៍ថាខ្លួនបានបង្កឲ្យមានការវាយប្រហារតាមអាកាសឆ្លងកាត់ព្រំដែនរបស់អង្គការអូតង់ដែលបានសម្លាប់ទាហានប៉ាគីស្ថាន២៤នាក់ក្នុងឧប្បត្តិហេតុមួយបាននាំឲ្យមានទំនាក់ទំនងតានតឹងបន្ថែមទៀតរវាងសហរដ្ឋអាមេរិកនិងប៉ាគីស្ថាន។
សហរដ្ឋអាមេរិក៖ សេដ្ឋកិច្ចរបស់តំបន់ប្រើប្រាស់រូបិយវត្ថុយូរ៉ូកំពុងធ្លាក់ចូលការមិនរីកចម្រើនសេដ្ឋកិច្ច។ សេចក្តីរាយការណ៍កាលពីថ្ងៃច័ន្ទម្សិលម៉ិញបានកើតមានឡើងនៅពេលដែលមេដឹកនាំដ៍សំខាន់ៗរបស់អឺរ៉ុបបានស្ថិតនៅក្នុងរដ្ឋធានី វ៉ាស៊ីនតោន ដើម្បីចូលរួមសន្និសីទកំពូលស្តីពីវិបត្តិបំណុលជាមួយប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ា។
អាហ្វ្រិក៖ តំណាងនានាមកពីប្រទេសជិតពីររយបានជួបជុំគ្នាក្នុងទីក្រុង Durban ប្រទេសអាហ្វ្រិកខាងត្បូងដើម្បីចូលរួមសន្និសីទស្តីពីការផ្លាស់ប្តូរអាកាសធាតុរបស់អង្គការសហប្រជាជាតិ។
សហរដ្ឋអាមេរិក៖ រដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិក ហ៊ីល ឡារីគ្លីនតុនអញ្ជើញទៅបំពេញទស្សនៈកិច្ចប្រទេសភូមានៅសប្តាហ៍នេះ ជាទស្សនៈកិច្ចលើកទីមួយទៅកាន់ប្រទេសនោះដោយរដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកក្នុងរយៈពេលជាង៥០ឆ្នាំ។
ថៃ៖ ប៉ូលីសថៃបានកោះហៅអតីតនាយករដ្ឋមន្រ្តី អាភីស៊ីត វេចាជីវា ហើយភូឈួយរបស់លោកឲ្យឆ្លើយសំណួរអំពីការបង្ក្រាបឆ្នាំ២០១០លើពួកបាតុកប្រឆាំងដែលបានធ្វើឲ្យមនុស្សយ៉ាងហោចណាស់ក៏៩០ដែរស្លាប់និង២ពាន់នាក់ទៀតរងរបួស។
អាហ្វហ្គានីស្ថាន៖ ប្រធានាធិបតីបារាំងនីកូឡាស សារកូហ្ស៊ី និយាយថាប្រទេសរបស់លោកនឹងដកកងទ័ពចំនួន២រយនាក់ទៀតចេញពីប្រទេសអាហ្វហ្គានីស្ថាននៅចុងឆ្នាំនេះ។ ទាហានបារាំងប្រហែល២រយនាក់បានវិលត្រឡប់ទៅមាតុភូមិវិញកាលពីខែមុនដែលជាផ្នែកមួយនៃដំណើរការអន្តរកាលនៃការផ្ទេរសន្តិសុខនៅក្នុងអាហ្គានីស្ថាន។