ព័ត៌មានចុងក្រោយបំផុត៖
ហ្វីលីពីន៖ ក្រុមបុគ្គលិកសម្រាប់គ្រាអាសន្នបានចាប់ផ្តើមបោសសម្អាតផ្លូវថ្នល់នៅក្នុងរដ្ឋធានីម៉ានីលនៃប្រទេសហ្វីលីពីន ពីការខូចខាតដែលបណ្តាលមកពីខ្យល់ព្យុះទីហ្វុង ឈ្មោះ Nesat ដែលបានសម្លាប់មនុស្សចំនួន ១៨នាក់ និងធ្វើឲ្យមនុស្ស ៣៥ នាក់ទៀតបាត់ខ្លួន។
លីប៊ី៖ ការវាយប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៅក្នុងទីក្រុង Sirte នៅប្រទេសលីប៊ី ដែលត្រូវឡោមព័ទ្ធបានរារាំងមិនឲ្យយុទ្ធជននៃរដ្ឋាភិបាលបណ្តោះអាសន្នអាចចូលទៅក្នុងទីតាំងដ៏រឹងមាំចុងក្រោយមួយក្នុងចំណោមទីតាំងពីរបីទៀតដែលនៅសេសសល់របស់ក្រុមអ្នកគាំទ្រអតីតមេដឹកនាំម៉ូអាម៉ារ ហ្កាដាហ្វី។
អ៊ីស្រាអែល/ប៉ាឡេស្ទីន៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ នឹងចាប់ធ្វើការពិចារណាជាផ្លូវការអំពីពាក្យសុំមួយរបស់ជនជាតិប៉ាឡេស្ទីន ដើម្បីបានចូលជាសមាជិកពេញអង្គរបស់អង្គការពិភពលោកនេះ។
ស៊ីរី៖ ប្រទេសមហាអំណាចនៅទ្វីបអឺរ៉ុបមួយក្រុម បានស្នើពង្រាងថ្មីមួយនៃសេចក្តីសម្រេចរបស់អង្គការសហប្រជាជាតិ ដែលគំរាមដាក់ទណ្ឌកម្មបន្ថែមទៀតទៅអនាគត ប្រសិនបើកងកម្លាំងសន្តិសុខប្រទេសស៊ីរី មិនឈប់ធ្វើប្រតិបត្តិការយោធាប្រឆាំងទៅលើជនស៊ីវិលនោះទេ។
បារ៉ែន៖ តុលាការពិសេសមួយនៅប្រទេសបារ៉ែន បានគាំទ្រការពិន័យទោសឲ្យជាប់គុកមួយជីវិតដល់សកម្មជនប្រឆាំង Shi'ite ៨នាក់ ដែលត្រូវកាត់ឲ្យមានទោសនៅក្នុងការរួមគំនិតក្បត់ចង់រំលំរដ្ឋាភិបាលដែលដឹកនាំដោយជនជាតិភាគតិច Sunni នៅក្នុងការតវ៉ាប្រឆាំងរដ្ឋាភិបាលកាលពីដើមឆ្នាំនេះ។
អាហ្វហ្គានីស្ថាន៖ ភ្នាក់ងារនគរបាល ៨នាក់បានស្លាប់នៅក្នុងការវាយប្រហារមួយរបស់ក្រុមបះបោរ នៅកន្លែងឆែកឆេររបស់កងនគរបាលទាំងនោះ នៅក្នុងប្រទេសអាហ្វហ្គានីស្ថានភាគខាងត្បូង។ មន្ត្រីក្នុងតំបន់និយាយថា ការវាយប្រហារនេះបានកើតឡើងនៅព្រឹកថ្ងៃពុធ នៅក្បែរទីក្រុង Lashkar Gah ក្នុងខេត្ត Helmand។
សហរដ្ឋអាមេរិក/ចិន៖ ប្រទេសចិននៅមានកំហឹងនឹងការលក់អាវុធរបស់សហរដ្ឋអាមេរិកទៅឲ្យកោះ តៃវ៉ាន់ ទោះបីជាមានសេចក្តីថ្លែងមួយរបស់ឧត្តមនាវីឯកម្នាក់របស់សហរដ្ឋអាមេរិកយ៉ាងណាក៏ដោយ។ លោកឧត្តមនាវីឯក Robert Willard ដែលជាមេបញ្ជាការកងកម្លាំងសហរដ្ឋអាមេរិកប្រចាំតំបន់មហាសមុទ្រប៉ាស៊ីហ្វិក មានប្រសាសន៍កាលពីថ្ងៃអង្គារថា កញ្ចប់គ្រឿងអាវុធដែលប្រកាសលក់កាលពីសប្តាហ៍មុនទៅឲ្យកោះតៃវ៉ាន់នោះ នឹងមិនផ្លាស់ប្តូរតុល្យភាពនៃអំណាចនៅក្នុងច្រកសមុទ្រនៃកោះតៃវ៉ាន់ទេ។
ជប៉ុន៖ យន្តហោះធុន 787 Dreamliner របស់ក្រុមហ៊ុន Boeing ដែលមានការពន្យារពេល បានបញ្ចប់ការហោះហើរលើកដំបូងរបស់ខ្លួននៅថ្ងៃពុធនេះ នៅទីក្រុងតូក្យូ នៅពេលដែលយន្តហោះនេះមានគម្រោងនឹងចូលបម្រើសេវាពាណិជ្ជកម្មសម្រាប់ក្រុមហ៊ុនអាកាសចរណ៍ All Nippon របស់ប្រទេសជប៉ុន។
ព័ត៌មាននៅពេលមុននេះ៖
អារ៉ាប៊ីសាអូឌីត៖ ពួកសកម្មជនអារ៉ាប៊ីសាអូឌីត និយាយថាតុលាការមួយក្នុងក្រុង Jeddah បានកាត់ទោសស្ត្រីម្នាក់ឱ្យគេវាយដប់រំពាត់ពីព្រោះបានប្រឆាំងនឹងការហាមប្រាមរបស់រាជាណាចក្រអភិរក្សនិយមនេះ ដែលមិនឱ្យពួកស្ត្រីបើកបររថយន្ត។
លីប៊ី៖ ក្រុមយុទ្ធជន រដ្ឋាភិបាលបណ្តោះអាសន្នប្រទេសលីប៊ីនិងពួកព្រឹទ្ធាចារ្យមកពីកុលសម្ព័ន្ធរបស់អតីតមេដឹកនាំ Moammar Gadhafi ខិតខំព្យាយាមធ្វើកិច្ចចរចាឱ្យមានកិច្ចឈប់បាញ់គ្នាមួយដែលនឹងអនុញ្ញាតឱ្យមានការឆ្លងកាត់ដោយសុវត្ថិភាពសម្រាប់គ្រួសារទាំងទ្បាយណាដែលចង់ចាកចេញពីក្រុង Sirte ជាក្រុងកំណើតរបស់ Gadhafi ដែលបានត្រូវទ្បោមព័ទ្ធ។
ស៊ីរី៖ កាលពីថ្ងៃអង្គារ កងកម្លាំងរដ្ឋាភិបាលស៊ីរីបានឆ្មក់វាយប្រហារក្រុងយ៉ាងតិចណាស់ពីរដងនៅក្នុងការបន្តការបង្ក្រាបលើក្រុមប្រឆាំងនៅទូទាំងប្រទេស។
ប៉ាគីស្ថាន៖ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន Yusuf Raza Gilani ព្រមានសហរដ្ឋអាមេរិកថាខ្លួនត្រូវបញ្ឈប់ «ការបញ្ចេញសារអវិជ្ជមាន» ដែលចោទប្រកាន់ប្រទេសប៉ាគីស្ថានថាគាំទ្រដល់ការវាយប្រហាររបស់ពួកជនសកម្មប្រយុទ្ធនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ប៉ាគីស្ថាន៖ ប្រទេសប៉ាគីស្ថានបានសន្យាដល់មន្ត្រីចិនម្នាក់ដែលបំពេញទស្សនកិច្ចក្នុងប្រទេសខ្លួនថាខ្លួននឹងបង្ក្រាបពួកអ៊ីស្លាមចិនទាមទារបំបែករដ្ឋដែលប្រើប្រាស់ដែនដីប៉ាគីស្ថានធ្វើជាមូលដ្ឋានមួយសម្រាប់ធ្វើការវាយប្រហារក្នុងប្រទេសចិននៅជិតខាង។
ក្រិក៖ ក្រិកបានសម្តែងការទុកចិត្តជាថ្មីថាខ្លួននឹងអាចធ្វើតាមផែនការសន្សំសំចៃដើម្បីទទួលជំនួយហិរញ្ញវត្ថុអន្តរជាតិឱ្យបានទាន់ពេលវេលាថែមទៀត ដើម្បីបញ្ចៀសកុំឱ្យមានការមិនអាចសងបំណុលបាននៅខែក្រោយ។
អ៊ីស្រាអែល៖ ប្រទេសអ៊ីស្រាអែលបានជំរុលទៅមុខជាមួយផែនការមួយដើម្បីកសាងផ្ទះថ្មី១ពាន់១រយខ្នងនៅក្នុងតំបន់ខាងកើតនៃក្រុង Jerusalem ដែលជាចំណាត់ការមួយអាចធ្វើតានតឹងថែមទៀតដល់កិច្ចខិតខំប្រឹងប្រែងធ្វើឱ្យមានកិច្ចចរចាសន្តិភាពជាថ្មីទ្បើងវិញជាមួយជនជាតិប៉ាទ្បេស្ទីន។
អ៊ីស្រាអែល៖ ប្រទេសអ៊ីស្រាអែលបានរុលទៅមុខជាមួយផែនការមួយដើម្បីកសាងផ្ទះថ្មី១ពាន់១រយខ្នងនៅក្នុងតំបន់ខាងកើតនៃក្រុង Jerusalem ដែលជាចំណាត់ការមួយអាចធ្វើឲ្យតានតឹងថែមទៀតដល់កិច្ចខិតខំប្រឹងប្រែងធ្វើឱ្យមានកិច្ចចរចាសន្តិភាពជាថ្មីទ្បើងវិញជាមួយជនជាតិប៉ាទ្បេស្ទីន។