ព័ត៌មានចុងក្រោយបំផុត៖
ថៃ៖ ទឹកជំនន់ដែលបានលិចតំបន់ជាយក្រុងបាងកកបីបួនអាទិត្យមកហើយនោះ បានហៀរចូលបន្តិចម្តងៗក្នុងផ្នែកកណ្តាលក្រុង នៅពេលដែលអ្នកស្រុកជាច្រើននាក់ដែលមានការភ័យខ្លាចនៅតែបន្តចាកចេញពីក្រុងនេះ។ ទឹកត្រឹមកជើងបានហៀរចូលក្នុងព្រះមហាបរមរាជវាំងពីផ្លូវនៅជុំវិញទីនោះដែលបានលិចដោយសារទឹកនៃទន្លេ Chao Phraya មានកម្រិតខ្ពស់។
តួកគី៖ ពួកអ្នកធ្វើការជួយសង្គ្រោះនៅក្នុងប្រទេសតួកគីបានទាញយកយុវជនជំទង់ម្នាក់ចេញពីកម្ទិចអាគារនៅថ្ងៃសុក្រនេះ ជាង១រយម៉ោងក្រោយពីការរញ្ជួយផែនដីមានកម្លាំង៧,២បានបំផ្លាញផ្នែកជាច្រើននៃតំបន់អាគ្នេយ៍ប្រទេសកាលពីថ្ងៃអាទិត្យ។
ចិន៖ ប្រធាននៃមូលនិធិជួយសង្គ្រោះខាងហិរញ្ញវត្ថុនៃតំបន់ប្រើប្រាស់ប្រាក់អឺរ៉ូ បានធ្វើដំណើរទៅដល់ប្រទេសចិននៅថ្ងៃសុក្រនេះ ដើម្បីពិភាក្សាអំពីលទ្ធភាពនៃការមានកិច្ចព្រមព្រៀងមួយជាមួយពួកអ្នករៀបចំគោលនយោបាយនៃរដ្ឋាភិបាលក្រុងប៉េកាំងដើម្បីប្រើប្រាស់ភាគខ្លះនៃប្រាក់បរទេសបម្រុងដ៏ច្រើនលើសលប់របស់ប្រទេសចិនដើម្បីធ្វើវិនិយោគក្នុងមូលនិធិនេះដែលមានទឹកប្រាក់រាប់ពាន់លានដុល្លារ។
លីប៊ី៖ ពួករដ្ឋមន្ត្រីនៃអង្គការអូតង់ដែលប្រជុំគ្នានៅក្រុង Brussels នៅថ្ងៃសុក្រនេះបានយល់ព្រមដល់សេចក្តីសម្រេចចិត្តមួយដែលបញ្ចាប់យុទ្ធនាការតាមអាកាសនៅក្នុងសប្តាហ័៍ក្រោយ។សេចក្តីសម្រេចចិត្តនេះមានទ្បើងមួយថ្ងៃក្រោយពីក្រុមប្រឹក្សាសន្តិសុខអ.ស.បបានបោះឆ្នោតលុបចោលអណតិ្តរបស់ខ្លួនដែលបានបង្កើតបេសកកម្មនេះ។
ទុយនេស៊ី៖ នៅថ្ងៃសុក្រនេះមានការធ្វើបាតុកម្មថ្មីៗនៅក្នុងក្រូង Sidi Bouzid នៃប្រទេសទុយនេស៊ី មួយថ្ងៃក្រោយពីពួកបាតុកររាប់រយនាក់បានដើរធ្វើបាតុកម្មទៅកាន់ទីស្នាក់ការក្នុងមូលដ្ឋានរបស់គណបក្សអ៊ីស្លាមនិយម Ennahdha។
ក្រុមមេធាវីការពារក្ដីនួន ជា បានដាក់បណ្ដឹងប្រឆាំងមន្រ្តីរដ្ឋាភិបាលមួយចំនួនពីការជ្រៀតជ្រែកផ្នែកនយោបាយលើដំណើរការសាលាក្ដីខ្មែរក្រហម។
ព័ត៌មាននៅពេលមុននេះ៖
អ៊ឺរ៉ុប៖ ផ្សារហ៊ុនពិភពលោក បានឡើងថ្លៃខ្ពស់នៅថ្ងៃព្រហស្បត៍នេះ បន្ទាប់ពីសហភាពអឺរ៉ុប បានអនុម័តផែនការមួយដើម្បីកាត់បន្ថយប្រាក់បំណុលរបស់ប្រទេស ក្រិក ចំនួនពាក់កណ្តាល និងតម្លើងថវិកាជួយសង្គ្រោះយ៉ាងច្រើន ដើម្បីខ្ទប់វិបត្តិប្រាក់បំណុលក្នុងតំបន់ដែលប្រើប្រាក់ អឺរ៉ូ (Euro)។
សរអា៖ សេដ្ឋកិច្ចសរអាបានលូតលាស់យ៉ាងលឿននៅក្នុងខែកក្កដា សីហា និងកញ្ញា ដោយសារអ្នកប្រើប្រាស់អាមេរិកាំងបានចំណាយប្រាក់ទិញអីវ៉ាន់ច្រើនជាងមុន។ សេចក្តីរាយការណ៍របស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃព្រហស្បត៍នេះ និយាយថាសេដ្ឋកិច្ចសរអាបានកើនឡើងក្នុងអត្រាប្រចាំឆ្នាំចំនួន ២.៥% នៅក្នុងត្រីមាសទីបី។ នេះជាអត្រាលូតលាស់ខ្ពស់បំផុតនៅក្នុងឆ្នាំនេះ ដែលមានចំនួនលើសពីត្រីមាសទីពីរយ៉ាងច្រើនក្រាស់ក្រែល។
តួកគី៖ ក្រុមអ្នកជួយសង្គ្រោះបានទាញមនុស្សម្នាក់ចេញពីគំនរអគារ នៅក្នុងទីក្រុង Ercis ប្រទេស តួរគី ក្នុងពេលបូនថ្ងៃនៅក្រោយការរញ្ជួយផែនដីដែលមានកម្លាំង ៧.២ លើជញ្ជីញ រិកទ័រ ដែលបានបំផ្លាញប្រទេស តួរគី ភាគអាគ្នេយ៍យ៉ាងខ្ទេចខ្ទាំ។ តែសេចក្តីសង្ឃឹមចំពោះការរកឃើញមនុស្សនៅរស់បានរលាយបន្តិចម្តងៗ នៅពេលដែលធាតុអាកាសត្រជាក់និងទឹកកកបានរារាំងដល់កិច្ចខ្នះខ្នែងជួយសង្គ្រោះកាលពីថ្ងៃព្រហស្បត៍នេះ នៅទីក្រុង Ercis ដែលត្រូវរងគ្រោះធ្ងន់ជាងគេ។
ប៉ាគិស្ថាន៖ ពួកមន្រ្តីស៊ើបការណ៍សំងាត់ប៉ាគីស្ថាន និយាយថាការវាយប្រហារមួយដែលគេសង្ស័យថា ដោយយន្តហោះគ្មានមនុស្សបើករបស់សហរដ្ឋអាមេរិក បានសម្លាប់ពួកជនសកម្មប្រយុទ្ធយ៉ាងហោចណាស់ក៏ ៥នាក់ ដែលមានការជាប់ទាក់ទងជាមួយមេបញ្ជាការកំពូល តាលីបាន់ ម្នាក់ នៅក្នុងតំបន់កុលសម្ព័ន្ធភាគពាយ័ព្យ។
អាហ្វហ្កានិស្ថាន៖ មន្រ្តីអាហ្វហ្កានិស្ថាន និយាយថា ពួក បះបោរ តាលីបាន់ បានវាយប្រហារទៅលើមូលដ្ឋានមួយរបស់សរអា នៅក្នុងប្រទេស អាហ្វហ្កានិស្ថាន ភាគខាងត្បូង។
ជនសកម្មប្រយុទ្ធប្រដាប់អាវុធយ៉ាងតិច ៣ នាក់ បានបាញ់កាំភ្លើងទៅលើមូលដ្ឋាននោះ ចេញពីអគារដែលស្ថិតនៅក្បែរនោះ នៅទីក្រុង Kandahar កាលពីថ្ងៃព្រហស្បត៍។ ក្រសួងមហាផ្ទៃនិយាយថា ក្រោយមកកងកម្លាំងសន្តិសុខ បានបាញ់សម្លាប់ពួកអ្នកវាយប្រហារ ២នាក់។
លីប៊ី៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ បានបោះឆ្នោតជាឯកឆន្ទលើសេចក្តីសម្រេចចិត្តមួយដើម្បីបញ្ចប់ជាស្ថាពរបេសកម្មរបស់អង្គការ អូតង់ នៅក្នុងប្រទេសលីប៊ី ទោះបីមានការអំពាវនាវមកពីពួកមន្រ្តីលីប៊ីឲ្យបន្តបេសកកម្មនោះទៀតក៏ដោយ។
ក្រុមប្រឹក្សា ដែលមានសមាជិក ១៥ នាក់បាននិយាយនៅថ្ងៃព្រហស្បត៍នេះថា បេសកកម្មរបស់ អូតង់ នឹងចប់នៅថ្ងៃទី ៣១ ខែតុលាខាងមុខនេះ។
អ៊ីរ៉ាក់៖ ក្រុមប៉ូលិសប្រទេស អ៊ីរ៉ាក់ និយាយថា ការផ្ទុះគ្រាប់បែកពីរផ្ទួនគ្នា នៅទីក្រុង បាកដាដ បានសម្លាប់មនុស្ស ១៨ នាក់ និងធ្វើឲ្យរបួស យ៉ាងតិច ៣៦ នាក់។
ប៉ូលិសនិយាយថា ការផ្ទុះកាលពីថ្ងៃព្រហស្បត៍ ក្នុងពេលប៉ុន្មាននាទីដាច់ពីគ្នា បានកើតឡើងនៅក្នុងសង្កាត់របស់ជនជាតិ Shi'ite នៅក្នុងរដ្ឋធានី បាកដាដ។ គ្រាប់បែកទីពីរបានផ្ទុះឡើងនៅពេលពួកអ្នកជួយសង្គ្រោះកំពុងព្យាបាលពួកអ្នករងគ្រោះនៅទីកន្លែងដោយសារគ្រាប់បែកទីមួយ។ មិនទាន់មានអ្នកប្រកាសទទួលខុសត្រូវចំពោះការបំផ្ទុះទាំងពីរនេះនៅឡើយទេ។
ថៃ៖ អ្នកស្រុកនៅក្រុង បាងកក នាំគ្នាដើរកាត់ទឹកជំនន់ខ្ពស់ស្មើដល់ចង្កេះ ឬបើមិនដូច្នោះទេ ជិះទូកតាមផ្លូវក្នុងទីក្រុង កាលពីថ្ងៃព្រហស្បត៍នេះ ដៅយរំពឹងថានឹងមានទឹកជំនន់ឡើងច្រើនទៀតនៅក្នុងរាជធានីប្រទេសថៃ៕