ឥណ្ឌា៖ មន្ត្រីឥណ្ឌានិយាយថាជំនួបមួយរវាងអ្នកការទូតឥណ្ឌានិងចិនត្រូវបានលុបចោល ក្រោយពីរដ្ឋាភិបាលក្រុងប៉េកាំងបានជំទាស់នឹងគម្រោងថ្លែងសុន្ទរកថាមួយក្នុងក្រុងញូដេលីដោយសម្តេចដាទ្បៃទ្បាម៉ា មេដឹកនាំសាសនាទីបេត៍ដែលនិរទេសនៅក្រៅប្រទេស។
អាហ្វហ្គានីស្ថាន៖ ប្រធានាធិបតីអាហ្វហ្គានីស្ថាន ហាមីដ កាហ្សៃ និយាយថាកងកម្លាំងរបស់ប្រទេសជាតិលោកនឹងទទួលបន្ទុកខាងកិច្ចការពារសន្តិសុខក្នុងពេលឆាប់ៗនេះនៅក្នុងជាងពាក់កណ្តាលនៃប្រទេសអាហ្វហ្គានីស្ថានដែលជាការកំណត់ជំហានទីពីរនៃអន្តរកាលដែលនឹងឃើញកងកម្លាំងប្រយុទ្ធរបស់អង្គការអូតង់ចាកចេញពីប្រទេសនេះមិនឱ្យហួសពីឆ្នាំ២០១៤ទេ។
ស៊ីរី៖ សម្ព័ន្ធអារ៉ាប់បានយល់ព្រមដល់ការដាក់ទ័ណ្ឌកម្មមិនធ្លាប់មានពីពេលមុនប្រឆាំងនឹងស៊ីរី ជាការឆ្លើយតបនឹងការបង្ក្រាបដ៏ប្រល័យរបស់រដ្ឋាភិបាលប្រទេសនេះលើការបះបោររបស់ក្រុមប្រឆាំង។
អេហ្ស៊ីប៖ ក្រុមបាតុករដែលទាមទារឱ្យមានការបង្កើតរដ្ឋាភិបាលស៊ីវិលបណ្តោះអាសន្នមួយបានប្រមូលផ្តុំគ្នានៅកណ្តាលក្រុងឡឺគែរ នៅថ្ងៃអាទិត្យ ពេលដែលអ្នកគ្រប់គ្រងយោធាអេហ្ស៊ីបបានព្រមានអំពីផលវិបាក «ធ្ងន់ធ្ងរខ្លាំងណាស់» បើចលាចលនយោបាយនៅពេលសព្វថ្ងៃនេះរបស់ប្រទេសមិនចប់ឆាប់រហ័សទេនោះ។
ប៉ាគីស្ថាន៖ ពួកបាតុករខឹងសំបាររាប់រយនាក់បានប្រមូលផ្តុំគ្នានៅខាងក្រៅស្ថានកុងស៊ុលអាមេរិកាំងក្នុងក្រុងការ៉ាជី នៅថ្ងៃអាទិត្យ ពេលដែលប៉ាគីស្ថានធ្វើបុណ្យសពទាហាន២៤នាក់ដែលបានត្រូវសម្លាប់ នៅថ្ងៃសៅរ៍នៅក្នុងការវាយប្រហារតាមអាកាសដោយអង្គការអូតង់ឆ្លងកាត់ព្រំដែនក្នុងតំបន់ពាយ័ព្យប្រទេស។
រុស្ស៊ី៖ នៅថ្ងៃអាទិត្យនាយករដ្ឋមន្ត្រីរុស្ស៊ី វ្ល៉ាឌីមៀ ពូទីន បានទទួលយកការតែងតាំងរបស់គណបក្សរុស្ស៊ី បង្រួបបង្រួមដែលជាគណបក្សគ្រប់គ្រងប្រទេសឱ្យលោកឈរឈ្មោះជាបេក្ខជនប្រធានាធិបតីសម្រាប់ការបោះឆ្នោតប្រធានាធិបតីនៅថ្ងៃទី៤ខែមីនាខាងមុខនេះ។
យេម៉ែន៖ ប្រភពសន្តិសុខយេម៉ែននិងប្រភពកុលសម្ព័ន្ធនិយាយថាពួកឧទ្ទាម Shi'ite បានវាយប្រហារសាលារៀនអ៊ីស្លាម Sunni មួយនិងកន្លែងឯទៀតៗក្នុងខេត្ត Saada នាប៉ែកខាងជើងប្រទេស បណ្តាលឱ្យមនុស្សយ៉ាងតិចណាស់២១នាក់ស្លាប់និងធ្វើឱ្យមនុស្ស៥០នាក់ទៀតត្រូវរបួស។