ព័ត៌មានចុងក្រោយបំផុត៖
កម្ពុជា៖ ប្រទេសកម្ពុជាបានឱ្យដឹងថា បណ្តាញទូរទស្សន៍របស់ចិនមួយបានមកដល់ទីក្រុងភ្នំពេញដើម្បីធ្វើការចរចាស្តីពីការផលិតខ្សែភាពយន្តឯកសារមួយស្តីពីជីវិតរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ហ្វីលីពីន៖ យ៉ាងហោចណាស់មានមនុស្ស២០នាក់បានស្លាប់បាត់បង់ជីវិតនិង៩នាក់ផ្សេងទៀតបានបាត់ខ្លួនដោយសារខ្យល់ព្យុះត្រូពិចដ៏ខ្លាំងបោកបក់កាត់កោះ Luzon របស់ប្រទេសហ្វីលីពីនកាលពីថ្ងៃពុធ។
ចិន៖ ក្រសួងការពារជាតិរបស់ប្រទេសចិនបាននិយាយកាលពីថ្ងៃពុធថា នាវាដឹកយន្តហោះរបស់ចិនមួយត្រូវបានគេត្រៀមរៀបចំរួចរាល់ហើយដើម្បីធ្វើការសាកល្បងនៅក្នុងដែនសមុទ្រ ហើយវានឹងត្រូវប្រើសម្រាប់ការស្រាវជ្រាវវិទ្យាសាស្រ្ត ពិសោធន៍ និងហាត់ហ្វឹកហ្វឺន។
វៀតណាម៖ សហរដ្ឋអាមេរិកកំពុងអំពាវនាវឱ្យដោះលែងបព្វជិតដែលប្រឆាំងវៀតណាមមួយអង្គ ជាបន្ទាន់ដោយព្រះអង្គត្រូវបាននាំយកទៅដាក់ឃុំឃាំងវិញបើទោះបីជាមានបញ្ហាសុខភាពក៏ដោយ។
កូរ៉េខាងត្បូង/ជប៉ុន៖ លោក លី ម្យ៉ុងបាក់ ប្រធានាធិបតីកូរ៉េខាងត្បូងបាននិយាយថា សុវត្ថិភាពរបស់សមាជិកសភាជប៉ុនចំនួនបួននាក់នឹងមិនអាចធានាបានទេ ប្រសិនបើពូកគេនៅតែធ្វើដំណើរទស្សនកិច្ចទៅដែនកោះមួយដែលប្រទេសទាំងពីរទាមទារកម្មសិទ្ធិ។
អាហ្វហ្គានីស្ថាន៖ ការវាយប្រហារដោយគ្រាប់បែកអត្តឃាតមួយបានសម្លាប់លោកចៅហ្វាយក្រុងកាន់ដាហារ ដែលនៅភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន។
ន័រវែស៖ អាជ្ញាធរប៉ូលិសប្រទេសន័រវែសបានឱ្យដឹងថា វ៉ាលីសគួរឱ្យសង្ស័យមួយដែលគេរកឃើញនៅលើរថយន្តក្រុងនៅឯស្ថានីយ៍កណ្តាលទីក្រុងអូស្លូមិនបង្កឱ្យមានគ្រោះថ្នាក់អ្វីទេ។
អាហ្វ្រិក៖ អង្គការកម្មវិធីស្បៀងអាហារពិភពលោកគ្រោងនឹងចាប់ផ្តើមដឹកស្បៀងសង្គ្រោះបន្ទាន់នៅថ្ងៃពុធនេះទៅតំបន់អាហ្រ្វិកខាងកើតដែលកំពុងទទួលរងផលប៉ះពាល់ដោយគ្រោះរាំងស្ងួត។
ចិន៖ សារព័ត៌មានផ្លូវការរបស់ប្រទេសចិនបានរាយការណ៍ថា អាជ្ញាធរបានសង្គ្រោះកុមារ៨៩នាក់និងចាប់ខ្លួនជនសង្ស័យ៣៦៩នាក់នៅក្នុងការបង្ក្រាបក្រុមជនសង្ស័យជួញដូរមនុស្ស។
កូរ៉េខាងត្បូង៖ យ៉ាងហោចណាស់មានមនុស្សចំនួន១៨នាក់បានស្លាប់បាត់បង់ជីវិតក្រោយពីមានការបាក់ដីចំនួនពីរដងនៅថ្ងៃពុធនេះ ដែលបណ្តាលមកពីភ្លៀងដ៏ខ្លាំង។
សហរដ្ឋអាមេរិក៖ សេតវិមាននិងក្រុមសាធារណរដ្ឋក្នុងសភាតំណាងរាស្រ្តមានជំហរខុសគ្នាកាលពីថ្ងៃអង្គារ លើផែនការក្នុងការដំឡើងកម្រិតប្រាក់បំណុលរបស់សហរដ្ឋអាមេរិក ដែលនៅសល់ពេលតែមួយសប្តាហ៍មុនកាលកំណត់ចុងក្រោយនៅថ្ងៃទី២ខែសីហា។
ឥណ្ឌា/ប៉ាគីស្ថាន៖ នៅថ្ងៃពុធនេះរដ្ឋមន្រ្តីការបរទេសឥណ្ឌានិងប៉ាគីស្ថានបានអំពាវនាវឱ្យមានទំនាក់ទំនងប្រកបដោយកិច្ចសហប្រតិបត្តិការជាថ្មីឡើងវិញរវាងប្រទេសទាំងពីរ។ ការអំពាវនាវនេះកើតឡើងខណៈពេលដែលពួកគេបានជួបប្រជុំជាលើកដំបូងចាប់តាំងពីការចរចាបានចាប់ផ្តើមឡើងវិញកាលពីដើមឆ្នាំនេះ។
ស៊ីរី៖ ក្រុមសកម្មជនសិទ្ធិមនុស្សក្នុងប្រទេសស៊ីរីនិយាយថា កងកម្លាំងសន្តិសុខបានបាញ់សម្លាប់មនុស្សអស់យ៉ាងហោចណាស់៨នាក់ក្នុងពេលបង្រ្កាបនៅផ្នែកខាងត្បូងទីក្រុងដាម៉ាស។
អេហ្ស៊ីប៖ ក្រុមគ្រូពេទ្យអេហ្ស៊ីបនិយាយថាលោកហ៊ូស្នី មូបារ៉ាក់ អតីតមេដឹកនាំដែលត្រូវគេទម្លាក់ពីអំណាចមានសុខភាពខ្សោយ ហើយបដិសេធមិនព្រមទទួលទានអាហារ។
កូរ៉េខាងជើង៖ ប្រទេសកូរ៉េខាងជើងកំពុងអំពាវនាវឱ្យមានសន្ធិសញ្ញាសន្តិភាពជាផ្លូវការដើម្បីបញ្ចប់សង្គ្រាមកូរ៉េ។ ការអំពាវនាវនេះធ្វើឡើងខណៈពេលដែលក្រុមមន្រ្តីការទូតជាន់ខ្ពស់របស់កូរ៉េខាងជើងទស្សនកិច្ចសហរដ្ឋអាមេរិកដើម្បីពិភាក្សាពីកិច្ចខិតខំប្រឹងប្រែងចាប់ផ្តើមឡើងវិញនូវការចរចា៦ភាគីលើកម្មវិធីអាវុធបរិមាណូរបស់ទីក្រុងព្យុងយ៉ាង។
លីប៊ី៖ នាយករដ្ឋមន្រ្តីប្រទេសលីប៊ីនិយាយថា ការចាកចេញពីអំណាចរបស់លោក Moammar Gadhafi នឹងមិនត្រូវយកមកនិយាយក្នុងការពិភាក្សាទេ។
ចិន៖ មនុស្សជាច្រើនរយនាក់បានលើកបំបាស់រថយន្តនិងវាយដំមន្រ្តីប៉ូលិសក្នុងទីក្រុងនាភាគខាងត្បូងប្រទេសចិនក្រោយពីកងកម្លាំងសន្តិសុខបានវាយអ្នកលក់ដូរតាមចិញ្ចើមថ្នល់ម្នាក់រហូតដល់បាត់បង់ជីវិត។
អង់គ្លេស៖ ប្រទេសអង់គ្លេសបានបណ្តេញអ្នកការទូតទាំងអស់របស់របបលោកមូហាម៉ា ហ្កាដាហ្វីហើយទទួលស្គាល់ក្រុមប្រឹក្សាជាតិបណ្តោះអាសន្នថាជារដ្ឋាភិបាលស្របច្បាប់របស់ប្រទេសលីប៊ី។
ព័ត៌មាននៅពេលមុននេះ៖
លីប៊ី៖ នាយករដ្ឋមន្ត្រីនៃប្រទេសលីប៊ីនិយាយថា ការចាកចេញពីតំណែងរបស់លោក Moammar Gadhafi មិនមែនជាបញ្ហាត្រូវលើកយកមកពិភាក្សាគ្នាទេ។ លោក Al-Baghdadi al-Mahmoudi ក៏បាននិយាយកាលពីថ្ងៃអង្គារដែរថានឹងគ្មានការសន្ទនាគ្នាអំពីវិបត្តិនយោបាយនៃប្រទេសលីប៊ីទេរហូតដល់ពេលណាដែលមានអ្វីដែលលោកហៅថាការបញ្ឈប់ «អំពើឈ្លានពាន» របស់អង្គការអូតង់។បារ៉ែន៖ ប្រជារាស្ត្របារ៉ែនរាប់ពាន់នាក់បានធ្វើការប្រជុំមហាជនទាមទារឱ្យមានការកែទម្រង់ក្នុងប្រទេស ពេលដែលគណៈកម្មាធិការអន្តរជាតិមួយបង្កើតទ្បើងដោយព្រះរាជាបានចាប់ផ្តើមធ្វើការស៊ើបអង្កេតអំពីបាតុកម្មដឹកនាំដោយពួក Shi'ite និងការតបតដោយរដ្ឋាភិបាលដែលបានបណ្តាលឱ្យមនុស្សជាង៣០នាក់ស្លាប់។
ម៉ារ៉ុក៖ ប្រទេសម៉ារ៉ុកនិយាយថា មនុស្ស៧៨នាក់បានស្លាប់នៅពេលដែលយន្តហោះដឹកជញ្ជូនមួយគ្រឿងរបស់ក្រុមយោធាម៉ារ៉ុកបានធ្លាក់ក្នុងតំបន់ភ្នំមួយកាលពីថ្ងៃអង្គារ៍។
ន័រវែស៖ នៅក្នុងសន្និសីទកាសែតមួយក្នុងក្រុងអូស្លូលោក Geir Lippestad មេធាវី ការពារជនជាប់ចោទនិយាយថា Anders Behring Breivik មិនបានដឹងអំពីចំនួនមនុស្សស្លាប់ឬការឆ្លើយតបសាធារណៈដល់ការវាយប្រហារកាលពីថ្ងៃសុក្រ ដែលបាននាំឱ្យមនុស្ស៧៦នាក់ស្លាប់។ លោក Lippestad បាននិយាយប្រាប់ពួកអ្នកកាសែតថា ជាការឆាប់ពេកដែលនិយាយថា កូនក្តីលោកនឹងឆ្លើយតបថាខ្លួនមានជំងឺផ្លូវចិត្ត។
អាហ្វ្រិក៖ អង្គការកម្មវិធីស្បៀងអាហាររបស់អង្គការសហប្រជាជាតិនិយាយថា ការដឹកជញ្ជូនម្ហូបអាហារតាមយន្តហោះទៅកាន់តំបន់ស្នែងនៃទ្វីបអាហ្វ្រិកបានត្រូវលើកទៅថ្ងៃក្រោយ យ៉ាងហោចណាស់ថ្ងៃពុធ។ ការដឹកជញ្ជូនតាមយន្តហោះនេះមានកំណត់ចាប់ផ្តើមធ្វើនៅថ្ងៃអង្គារ៍ តែមន្ត្រីផ្នែកទំនាក់ទំនងម្នាក់របស់អង្គការនេះបាននិយាយប្រាប់វីអូអេថា បញ្ហាភ័ស្តុភាងក្នុងប្រទេសKenya បានបង្អាក់ការដឹកជញ្ជូនទាំងនេះ។
សហរដ្ឋអាមេរិក៖ លោកស្រី Christine Lagarde ប្រធាននៃអង្គការមូលនិធិរូបិយវត្ថុអន្តរជាតិបានមានប្រសាសន៍ថា ស.រ.អ.ត្រូវការដោះស្រាយឱ្យបានឆាប់រហ័សវិបត្តិកម្រិតប្រាក់បំណុលរបស់ផងខ្លួនពីព្រោះនឹងមាន «ផលវិបាកខ្លាំង» បើប្រទេសអាមេរិកមិនធ្វើដូច្នេះទេនោះ។
អ៊ីរ៉ង់៖ ទីភ្នាក់ងារព័ត៌មាន IRNAរបស់រដ្ឋនៃប្រទេសអ៊ីរ៉ង់បានផ្សាយកាលពីថ្ងៃអង្គារ៍ថាពួកជនសកម្មប្រយុទ្ធទាំងនេះបានត្រូវទ្បោមព័ទ្ធដោយកងកម្លាំងស្ម័គ្រចិត្តនៃពួកជនអម្បូរ Kurde ក្នុងប្រទេសអ៊ីរ៉ង់កាលពីយប់ថ្ងៃច័ន្ទនៅក្នុងខេត្ត Azarbaijan ខាងលិច។