យេម៉ែន៖ ក្រុមបាតុកររាប់ពាន់នាក់បានធ្វើការប្រជុំមហាជនក្នុងក្រុងនានានៅទូទាំងប្រទេសយេម៉ែនដោយអំពាវនាវឱ្យលោកប្រធានាធិបតី Ali Abdullah Saleh ចុះចេញពីតំណែង។ ពួកបាតុករលម្អៀងខាងរដ្ឋាភិបាលក៏បានប្រជុំមហាជនដែរដោយកាន់រូបថតលោក Saleh ហើយសុំឱ្យលោកកាន់តំណែងតទៅទៀត។
ស៊ីរី៖ កងកម្លាំងស៊ីរីបានបាញ់កាំភ្លើងទៅលើក្រុមបាតុករធ្វើបាតុកម្មតាមផ្លូវក្នុងទីក្រុងនានានៅទូទាំងប្រទេសស៊ីរីដើម្បីទាមទារឱ្យប្រធានាធិបតី Basharal-Assad ចុះចេញពីតំណែង។
លីប៊ី៖ សហភាពអាហ្វ្រិកបានអំពាវនាវឱ្យមានការបង្កើត «រដ្ឋាភិបាលអន្តរកាលបង្រួមគ្រប់បក្ស» ក្នុងប្រទេសលីប៊ី តែមិនបានចូលរួមជាមួយប្រទេសមហាអំណាចឯទៀតៗក្នុងពិភពលោកក្នុងការទទួលស្គាល់ជាផ្លូវការក្រុមប្រឹក្សាជាតិអន្តរកាលដែលជាក្រុមប្រឆាំងទេ។
លីប៊ី៖ កងយន្តហោះចម្បាំងនៃអង្គការអូតង់បានទម្លាក់គ្រាប់បែកលើលេណដ្ឋានធំមួយនោក្នុងទីក្រុង Sirte ដែលជាក្រុងកំណើតរបស់មេដឹកនាំលីប៊ី Moammar Gadhafi ពេលដែលក្រុមយុទ្ធជនប្រឆាំងបានធ្វើចលនាទៅកាន់ទីក្រុងនៅជាប់មាត់សមុទ្រនេះដើម្បីប្រយុទ្ធនឹងកងកម្លាំងលំអៀងទៅខាង Gadhafi។
នីហ្សេរីយ៉ា៖ ក្រុមអ៊ីស្លាមនិយមជ្រុលមួយក្នុងប្រទេសនីហ្សេរីយ៉ានិយាយថា ពួកគេបានបំផ្ទុះគ្រាប់បែកក្នុងទ្បានមួយគ្រឿងដែលបានបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់១៨នាក់ស្លាប់នៅឯអាគារអង្គការសហប្រជាជាតិក្នុងរដ្ឋធានី Abuja។
សហរដ្ឋអាមេរិក៖ លោក Ben Bernanke ប្រធានធនាគារកណ្តាលស.រ.អ.បានមានប្រសាសន៍ថាធនាគារកណ្តាលនៅមាន «មធ្យោបាយច្រើន» ដែលខ្លួនអាចប្រើប្រាស់ដើម្បីបង្កើនកម្លាំងសេដ្ឋកិច្ច តែលោកមិនបាននិយាយទេថាតើនៅពេលណានឹងត្រូវប្រើប្រាស់ឬនឹងត្រូវប្រើប្រាស់បែបណាទេ។