ព័ត៌មានចុងក្រោយបំផុត៖
សហរដ្ឋអាមេរិក៖ អ្នកនាំពាក្យម្នាក់នៃស្ថានទូតសហរដ្ឋអាមេរិកនៅប្រទេសអាហ្វហ្គានីស្ថាន បានឲ្យដឹងថាជនជាតិអាមេរិកាំងម្នាក់បានបាត់បង់ជីវិត និងម្នាក់ទៀតត្រូវរងរបួសនៅក្នុងឧបត្តិហេតុបាញ់ប្រហារមួយនៅក្នុងបរិវេណអគារមួយរបស់ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ (Central Intelligence Agency) របស់សហរដ្ឋអាមេរិក។
យេម៉ែន៖ មន្រ្តីប្រទេសយេម៉ែននិយាយថា ពួកកុលសម្ព័ន្ធប្រឆាំងរដ្ឋាភិបាលបានវាយប្រហារទៅលើកងទ័ពដែលគាំទ្រលោកប្រធានាធិបតី Ali Abdullah Saleh ដោយបានសម្លាប់មេបញ្ជាការម្នាក់ និងចាប់ខ្លួនទាហាន ៣០ នាក់ទៀត។
ប៉ាឡេស្ទីន/អ៊ីស្រាអែល៖ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិចាប់ផ្តើមពិភាក្សាការស្វះស្វែងរបស់ប៉ាឡេស្ទីនដើម្បីបង្កើតរដ្ឋនៅថ្ងៃច័ន្ទនេះ នៅពេលដែលមេដឹកនាំអ៊ីស្រាអែលបន្តអំពាវនាវឲ្យវិលត្រឡប់ទៅកាន់តុចរចារកសន្តិភាពវិញ។
លីប៊ី៖ ក្រុមមេដឹកនាំស្តីទីនៃប្រទេសលីប៊ី និយាយថា ពួកគេបានរកឃើញរណ្តៅសពរួមមួយ ដែលពួកគេជឿថា មានកប់សពអ្នកទោសចំនួន ១២៧០ នាក់ ដែលកងកម្លាំងសន្តិសុខលោក ម៉ូអាម៉ារ ហ្កាដាហ្វី បានសម្លាប់នៅក្នុងការប្រហារជីវិតរង្គាលដ៏ឃោឃៅមួយក្នុងឆ្នាំ ១៩៩៦។
លីប៊ី៖ ប្រទេសស្កុតឡេន (Scotland) បានស្នើឲ្យមេដឹកនាំស្តីទីនៃប្រទេសលីប៊ី ជួយស្វែងរកមនុស្សបន្ថែមទៀតដែលអាចមានមុខនាទី នៅក្នុងការដាក់គ្រាប់បែកឲ្យផ្ទុះនៅក្នុងយន្តហោះមួយគ្រឿងដែលធ្វើដំណើរមកកាន់សហរដ្ឋអាមេរិក ដោយបានសម្លាប់មនុស្សចំនួន ២៧០នាក់ នៅពេលដែលយន្តហោះនោះបានផ្ទុះនៅលើអាកាស ក្នុងទីក្រុង Lockerbie ប្រទេសស្កុតលែនក្នុងឆ្នាំ ១៩៨៨។
បារាំង៖ នេះជាលើកទីមួយហើយនៅក្នុងប្រវត្តិសាស្រ្តទំនើបរបស់ប្រទេសបារាំង ដែលគណបក្សសង្គមនិយម និងសម្ព័ន្ធមិត្តឆ្វេងនិយមរបស់ខ្លួនមានចំនួនភាគច្រើននៅក្នុងព្រឹទ្ធសភាប្រទេសបារាំង។
ព័ត៌មាននៅពេលមុននេះ៖
ប៉ាទ្បេស្ទីន៖ លោកប្រធានាធិបតីប៉ាទ្បេស្ទីន Mahmoud Abbas បានមានប្រសាសន៍ប្រាប់ប្រជារាស្ត្រប៉ាទ្បេស្ទីនរាប់ពាន់នាក់នៅក្នុងក្រុង Ramallah នាតំបន់ត្រើយខាងលិចនៃទន្លេ Jordan ថា «រដូវផ្ការីកប៉ាទ្បេស្ទីន» បានចាប់ផ្តើមហើយ នៅក្រោយលោកបានដាក់ពាក្យសុំជាប្រវត្តិសាស្ត្រនៅក្នុងអង្គការសហប្រជាជាតិឱ្យមានការទទួលស្គាល់រដ្ឋប៉ាទ្បេស្ទីនមួយ។
យេម៉ែន៖ ប្រធានាធិបតី Ali Abdullah Saleh ប្រទេសយេម៉ែននិយាយថាលោកប្តេជ្ញានឹងការផ្ទេរអំណាចដោយសន្តិវិធីតាមរយៈការបោះឆ្នោតប្រធានាធិបតី។
អ៊ីរ៉ង់៖ អ្នកដើរលេងតំបន់ភ្នំអាមេរិកាំងពីរនាក់ដែលអាជ្ញាធរអ៊ីរ៉ង់បានដោះលែងកាលពីសប្តាហ៍មុនបានវិលត្រទ្បប់មកសហរដ្ឋអាមេរិកវិញហើយកាលពីថ្ងែអាទិត្យ ក្រោយពីបានចំណាយពេលជាងពីរឆ្នាំនៅក្នុងគុកអ៊ីរ៉ង់មួយពីបទចោទប្រកាន់ថាធ្វើចារកម្ម។
ប៉ាគីស្ថាន៖ កាលពីថ្ងៃអាទិត្យលោកឧត្តមសេនីយ៍ Ashfaq Kayani អគ្គមេបញ្ជាការនៃកងទ័ពប៉ាគីស្ថានបានធ្វើជាអធិបតីក្នុងការប្រជុំពិសេសមួយជាមួយពួកមេបញ្ជាការជាន់ខ្ពស់របស់លោក នៅពេលដែលសង្គ្រាមពាក្យសម្តីជាមួយសហរដ្ឋអាមេរិកបានធ្វើឱ្យទំនាក់ទំនងរវាងប្រទេសជាតិទាំងពីរធ្លាក់ដល់កម្រិតទាបថ្មីមួយទៀត។
អាហ្វហ្គានីស្ថាន៖ ប៉ូលីសអាហ្វហ្គានីស្ថាននិយាយថាអ្នកដាក់គ្រាប់បែកអត្តឃាតម្នាក់បានបំផ្ទុះគ្រឿងផ្ទុះមួយនៅខាងក្រៅទីចាត់ការធំរបស់ពួកប៉ូលីសក្នុងមូលដ្ឋានមួយក្នុងភាគខាងកើតនៃប្រទេសអាហ្វហ្គានីស្ថានបណ្តាលឱ្យប៉ូលីស២នាក់ស្លាប់ ហើយធ្វើឱ្យជនស៊ីវិល២នាក់ត្រូវរបួស។
សំប៊ី៖ លោក Michael Sata ប្រធានាធិបតីថ្មីប្រទេសសំប៊ីបានមានប្រសាសន៍ថារដ្ឋាភិបាលរបស់លោកនឹងត្រូវគ្រប់គ្រងដោយបទបញ្ជាទាំង១០ដែលមានចែងនៅក្នុងព្រះគម្ពីរប៊ីបនៃគ្រឹស្តសាសនា។
អារ៉ាប៊ីសាអូឌីត៖ ព្រះចៅ Abdullah នៃប្រទេសអារ៉ាប៊ីសាអូឌីត បានផ្តល់ឱ្យក្រុមស្ត្រីនូវសិទ្ធិបោះឆ្នោតនិងសិទ្ធិឈរឈ្មោះជាបេក្ខនារីនៅក្នុងការបោះឆ្នោតក្នុងមូលដ្ឋាននៅទូទាំងប្រទេស ក្នុងរយៈពេល៤ឆ្នាំចាប់តាំងពីពេលនេះទៅ។