ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ព័ត៌មាន​អន្តរជាតិ៖ ២៦ តុលា


បាវ​ខ្សាច់​ដែល​គេ​ដាក់​ដើម្បី​ទប់​ទឹក​ជំនន់​នៅ​​ក្នុង​ទីក្រុង​បាងកក។​
បាវ​ខ្សាច់​ដែល​គេ​ដាក់​ដើម្បី​ទប់​ទឹក​ជំនន់​នៅ​​ក្នុង​ទីក្រុង​បាងកក។​

ព័ត៌មានចុងក្រោយបំផុត៖

អាស៊ី៖ ពួក​អាជ្ញាធរ​ក្នុង​ប្រទេស​ថៃ ​កំពុង​ផ្តោតលើ​វិធានការណ៍​ដ៏​ម៉ឺងម៉ាត់​ ខណៈពេល​ដែល​ពួកគេ​ ព្យាយាម​រារាំង​កុំឲ្យ​ទឹក​ទន្លេ​ចៅថាយ៉ា​ហូរ​ចេញ​ពី​មាត់ច្រាំង​ និង​ជន់លិច​ភាគ​កណ្តាល​ទីក្រុង​បាងកក។

តួកគី៖ ក្រុម​អ្នក​ជួយ​សង្គ្រោះ​នៅ​តំបន់​ភាគ​អាគ្នេយ៍​ប្រទេស​តួកគី ​កំពុង​បន្ត​ស្វែងរក​អ្នក​នៅរស់​ពី​គ្រោះរញ្ជួយដី​ដ៍​មហន្តរាយ​កាល​ពី​ថ្ងៃ​អាទិត្យ​ ដែល​បាន​សម្លាប់​មនុស្ស​យ៉ាងតិច​៤៥៩​នាក់​ និង​ធ្វើឲ្យ​មនុស្ស​១​ពាន់​៣​រយ​នាក់​ទៀត​រងរបួស។

លីប៊ី៖ មេដឹកនាំ​អន្តរកាល​នៃ​ប្រទេស​លីប៊ី​បាន​ជំរុញឲ្យ​អង្គការ​អូតង់​បន្ត​បេសកម្ម​របស់​ខ្លួន​នៅក្នុង​ប្រទេស​យ៉ាងហោច​ណាស់​រហូត​ដល់​ចុង​ឆ្នាំ​នេះ​ដែរ។

ទុយនីស៊ី៖ មន្រ្តី​រៀបចំ​ការ​បោះឆ្នោត​របស់​ប្រទេស​ទុយនីស៊ី​និយាយ​ថា​ ពួកគេ​នឹង​ប្រកាស​លទ្ធផល​ចុងក្រោយ​នៃ​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​នៅ​ថ្ងៃ​ពុធ​នេះ។

ស៊ីរី៖ នៅ​ថ្ងៃ​ពុធ​នេះ​ គណៈកម្មការ​សម្ព័ន្ធភាព​អារ៉ាប់​កំពុង​ជួប​ប្រជុំ​ជាមួយ​ប្រធានាធិបតី​ស៊ីរី Bashar al–Assad​ ដើម្បី​ពិភាក្សា​ពី​លទ្ធភាព​នៃ​ការ​ចាប់ផ្តើម​កិច្ច​សន្ទនា​រវាង​រដ្ឋាភិបាល​ស៊ីរី​និង​មេដឹកនាំ​គណបក្ស​ប្រឆាំង។

អាហ្វហ្គានីស្ថាន៖ មន្រ្តី​អាហ្វហ្គានីស្ថាន​និយាយ​ថា​ ប្រធានាធិបតី​ Hamid Karzai​ គ្រោងនឹង​ដាក់​ឈ្មោះ​ខេត្ត​ចំនួន​១៧​ដែល​កងទ័ព​អាហ្វហ្គានីស្ថាន​នឹង​ទទួល​រ៉ាប់រង​ខាង​សន្តិសុខ​បន្តពី​កងទ័ព​ចម្រុះ​របស់​អង្គការ​អូតង់​ដែល​ដឹកនាំ​ដោយ​សហរដ្ឋ​អាមេរិក។

សហរដ្ឋ​អាមេរិក៖ លោក​រដ្ឋមន្រ្តី​ក្រសួង​ការពារ​ប្រទេស​សហរដ្ឋ​អាមេរិក​ Leon Panetta​ បាន​អញ្ជើញ​ទៅដល់​រដ្ឋធានី​សេអ៊ូល​ ដែល​ជា​ដំណើរ​បំពេញ​ទស្សនកិច្ច​ចុងក្រោយ​បង្អស់​របស់​លោក​នៅ​ទ្វីប​អាស៊ី​ ក្នុង​គោលបំណង​មួយ​ផ្នែក​ដើម្បី​បញ្ជាក់​សារជាថ្មី​ដល់​សម្ព័ន្ធមិត្ត​ពី​ការតាំងចិត្ត​របស់​សហរដ្ឋ​អាមេរិក​នៅក្នុង​តំបន់។

កូរ៉េ​ខាងត្បូង/រុស្ស៊ី៖ បេសកជន​កំពូល​ខាង​អាវុធបរមាណូ​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​ បាន​ធ្វើ​ដំណើរ​ទៅកាន់​ប្រទេស​រុស្ស៊ី​នៅពេល​ដែល​មាន​ការ​ខិតខំ​ប្រឹងប្រែង​បង្កើន​ល្បឿន​ដើម្បី​បង្កើត​លក្ខខណ្ឌ​សម្រាប់​បន្ត​ការ​ចរចារ​៦​ភាគី​ស្តីពី​កម្មវិធី​មរមាណូ​របស់​ប្រទេស​កូរ៉េ​ខាងជើង។

ជប៉ុន៖ យន្តហោះ​ប្រភេទ​ 787 Dreamliner​ របស់​ក្រុមហ៊ុន​ Boeing​ដែល​គេ​រង់ចាំ​ជា​យូរ​មកហើយ​ បាន​ហោះ​ចេញពី​រដ្ឋធានី​តូក្យូ​នៅ​ថ្ងៃ​ពុធ​នេះ​ ដែល​ជា​ការ​ហោះហើរ​ផ្នែក​សេវា​ពាណិជ្ជកម្ម​លើក​ដំបូង​ ក្នុង​រយៈពេល​ច្រើន​ជាង​៣​ឆ្នាំ​បន្ទាប់​ពី​យន្តហោះ​ដ៏​ថ្មី​ស្រឡាង​នេះ​បាន​គ្រោង​នឹង​ហោះហើរ។

ធនាគារ​ពិភពលោក៖ លោក​ Robert Zoellick​ ប្រធាន​ធនាគារ​ពិភពលោក​និយាយ​ថា​ កម្មវិធី​ថ្មីៗ​អាច​ជា​ការ​ចាំបាច់​ដើម្បី​ជួយ​ប្រទេស​កំពុង​អភិវឌ្ឍ​ដែល​រង​ការ​ប៉ះពាល់​ពី​វិបត្តិ​បំណុល​នៅ​អឺរ៉ុប។

ព័ត៌មាននៅពេលមុននេះ៖

ព្រះសង្ឃ​ទីបេ​ដែល​និរទេស​ខ្លួន​ឈរ​នៅ​ក្នុង​ពេល​អុជទៀន​នៅ​ក្រុង​ញូដេលី​ដើម្បី​សម្តែង​សាមគ្គីភាព​ចំពោះ​ស្ថានភាព​ដ៏​លំបាក​របស់​ប្រជាជន​ទីបេ នៅ​ទីបេ កាលពី​ថ្ងៃ​ទី១៨ តុលា ២០១១។
ព្រះសង្ឃ​ទីបេ​ដែល​និរទេស​ខ្លួន​ឈរ​នៅ​ក្នុង​ពេល​អុជទៀន​នៅ​ក្រុង​ញូដេលី​ដើម្បី​សម្តែង​សាមគ្គីភាព​ចំពោះ​ស្ថានភាព​ដ៏​លំបាក​របស់​ប្រជាជន​ទីបេ នៅ​ទីបេ កាលពី​ថ្ងៃ​ទី១៨ តុលា ២០១១។

ចិន​៖ ក្រុម​និរទេស​ខ្លួន​នាំមុខ​មួយ​របស់​ជនជាតិ​ទីបេ​ និយាយ​ថា​ព្រះសង្ឃ​ព្រះ​ពុទ្ធ​សាសនា​មួយ​អង្គ​ទៀត​បាន​ដុតខ្លួន​ក្នុង​ប្រទេស​ចិន​ភាគ​និរតី​ នៅ​ក្នុង​ការ​ដុត​ខ្លួន​ជាបន្ត​បន្ទាប់​ដែល​មាន​គោល​បំណងប្រឆាំង​តវ៉ា​ការ​គ្រប់​គ្រង​របស់​ចិន​នៅ​ក្នុង​តំបន់​នោះ។

កូរ៉េ​ខាងជើង​៖ ការ​ពិភាក្សា​រវាង​សហរដ្ឋ​អាមេរិក​និង​ប្រទេស​កូរ៉េ​ខាង​ជើង​ស្តីពី​ការបន្ត​ការ​ចរចារ​អាវុធ​នុយក្លេអ៊ែ​រដែល​បាន​ជាប់​គាំងបាន​បញ្ចប់​ក្នុង​ទីក្រុង​ហ្សឺណែវ ដោយ​មន្រ្តី​សហរដ្ឋ​អាមេរិក​ហៅ​ការចចារ​នោះ​ថា​មាន​វិជ្ជមាន​ហើយ​និងការ​ស្ថាបនា។

ស៊ីរី​៖ កង​កម្លាំង​សន្តិសុខស៊ីរី​បាន​ប៉ះទង្គិច​ជាមួយពួក​ទាហាន​រត់​ចោល​ជួរ​នៅ​លើ​ផ្លូវ​មួយ​ក្នុង​តំបន់​ពាយ័ព្យប្រទេសស៊ីរី។

លីប៊ី​៖ មន្រ្តី​អាជ្ញាធរ​បណ្តោះ​អាស័ន្ន​លីប៊ី​និយាយ​ថា​សព​របស់​អតីត​មេដឹកនាំ​ Moammar Gadhafi ​ដែល​ត្រូវ​គេ​បណ្តេញ​ចេញ​ពី​អំណាចបាន​ត្រូវ​កប់​ក្នុង​ទីកន្លែង​សម្ងាត់មួយ​ដែល​មិនប្រាប់​ឲ្យដឹង។

ទុយនីស៊ី​៖ គណបក្ស​អ៊ីស្លាម​និយម​ផ្លូវ​កណ្តាលនៅ​ទុយនីស៊ីបាន​ចាត់​វិធាន​ការណ៍​បង្កើត​រដ្ឋាភិបាល​ចម្រុះ ​ក្រោយពី​បាន​និយាយ​ថា​ខ្លួន​បាន​ឈ្នះ​សន្លឹកឆ្នោត​ល្មម​គ្រប់​គ្រាន់​នៅក្នុង​ការ​បោះឆ្នោត​កាល​ពី​ថ្ងៃ​អាទិត្យ​ដើម្បីប្រកាស​ជ័យ​ជំនះ​។

សហរដ្ឋ​អាមេរិក​៖ កាលពី​ថ្ងៃ​អង្គារ​ សហរដ្ឋ​អាមេរិក​បាន​រំលាយ​គ្រាប់​បែក​នុយក្លេអ៊ែ​ B53 ​ចុង​ក្រោយក្នុង​សម័យ​សង្គ្រាម​ត្រជាក់​ ដោយ​ការបញ្ចប់​អាវុធមួយ​ដ៏ខ្លាំង​បំផុត​នៅ​ក្នុង​ឃ្លាំង​អាវុធ​នុយក្លេអ៊ែរ​របស់​អាមេរិក។

អឺរ៉ុប​៖ មេដឹកនាំ​សហភាព​អឺរ៉ុប​កំពុង​បញ្ចប់​ផែនការ​ដើម្បី​ដោះស្រាយបំណុល​របស់​រដ្ឋាភិបាល​របស់​ទ្វីប​នោះ​មុនពេល​សន្និសីទ​កំពូលនៅ​ថ្ងៃ​នេះ​នៅ​ក្នុង​ទីក្រុង​ព្រុចសែល។

អាហ្វ្រិក​ខាងត្បូង​៖ រដ្ឋាភិបាល​ប្រទេស​អាហ្វ្រិក​ខាង​ត្បូង​បាន​បញ្ចេញ​ផែនការជួយ​សង្គ្រោះ​សេដ្ឋកិច្ច​ដែល​មាន​ទឹក​ប្រាក់​ 3,2​ ពាន់​លាន​ដុល្លា​ដែល​មាន​គោល​បំណង​ជួយ​ជំរុញ​ទិន្នផល​ឧស្សាហកម្មហើយនិង​បង្កើត​ការងារ​ក្នុង​ប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ដ៍​ធំ​បំផុត​ក្នុង​តំបន់​វាល​ខ្សាច់​សាហារ៉ា។

សហរដ្ឋ​អាមេរិក​៖ ទំនុកចិត្ត​អ្នកប្រើទំនិញ​សហរដ្ឋ​អាមេរិក​បាន​ធ្លាក់​ចុះ​ដល់​កម្រិត​ទាប​បំផុត​ក្នុ​ង​រយៈពេល​២​ឆ្នាំ​ នៅ​ខណៈដែល​តម្លៃ​ផ្ទះ​បាន​ធ្លាក់​ចុះ​កាលពី​ឆ្នាំ​ទៅ៕

XS
SM
MD
LG