ព័ត៌មានចុងក្រោយបំផុត៖
លីប៊ី៖ ប្រទេសអង់គ្លេសនិយាយថា អង្គការអូតង់កំពុងជួយពួកឧទ្ទាមលីប៊ីក្នុងការស្វែងរកមេដឹកនាំលោក ម៉ូអាម៉ារ ហ្កាដាហ្វី និងសមាជិកនៃរបបរបស់លោក ខណៈដែលក្រុមប្រឆាំងប្រកាសឲ្យរង្វាន់ដល់ការចាប់ខ្លួនលោក ហ្កាដាហ្វី។
លីប៊ី៖ នាយកនៃក្រុមប្រឹក្សាជាតិអន្តរកាលរបស់ពួកឧទ្ទាមប្រទេសលីប៊ី កំពុងបន្តទស្សនកិច្ចរបស់លោកនៅក្នុងទ្វីបអឺរ៉ុបនៅថ្ងៃព្រហស្បតិ៍នេះ ក្នុងសេចក្តីសង្ឃឹមថានឹងអាចធានាឲ្យមានការបញ្ចេញប្រាក់រាប់ពាន់លានដុល្លារពីទ្រព្យរបស់ប្រទេសលីប៊ីដែលត្រូវបានផ្អិបទុក។
ស៊ីរី៖ កាលពីថ្ងៃពុធ សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មបន្ថែមប្រឆាំងនឹងប្រទេសស៊ីរីដើម្បីតម្រង់ទៅរកអង្គភាពនៃក្រុមវរជនឆ្មាំបដិវត្តន៍របស់ប្រទេសអ៊ីរ៉ង់ ចំពោះមុខនាទីរបស់ក្រុមនេះនៅក្នុងការជួយកងកម្លាំងសន្តិសុខស៊ីរី វាយកម្ទេចការបះបោរក្នុងរយៈពេលប្រាំខែប្រឆាំងនិងលោកប្រធានាធិបតី បាស្ហារ៍ អាល់អាសេដ(Bashar al-Assad)។
អាហ្រ្វិកខាងកើត៖ សហភាពអាហ្វ្រិកនឹងបើកធ្វើសន្និសីទផ្តោតលើអំណោយមនុស្សធម៌មួយនៅថ្ងៃព្រហស្បតិ៍នេះ នៅប្រទេសអេត្យូពី (Ethiopia) ដើម្បីអង្គាសប្រាក់សម្រាប់មនុស្ស ១២លាននាក់ដែលនៅត្រូវការជំនួយគ្រាមានអាសន្ននៅក្នុងតំបន់ភាគខាងកើតនៃទ្វីបអាហ្វ្រិកដែលកំពុងទទួលរងគ្រោះរាំងស្ងួតហើយកំពុងប្រឈមនិងគ្រោះទុរ្ភិក្ស។
សហរដ្ឋអាមេរិក៖ តម្លៃហ៊ុនរបស់សាជីវកម្ម Apple, Inc. ចុះថោកដល់ទៅ ៧% នៅក្នុងការលក់ដូរហ៊ុននៅពេលក្រោយម៉ោងបិទទ្វារ បន្ទាប់ពីបានទទួលព័ត៌មានថាលោក ស្ទីវ ចបស៍ (Steve Jobs) ដែលជាសហស្ថាបនិកនិងជាអគ្គនាយកប្រតិបត្តនៃក្រុមហ៊ុននេះ បានប្រកាសលាឈប់ពីតំណែង។
សហរដ្ឋអាមេរិក៖ អាជ្ញាធរនៅតាមតំបន់ដែលមានមនុស្សរស់នៅច្រើន នៅតាមឆ្នេរសមុទ្រភាគខាងកើតនៃសហរដ្ឋអាមេរិក បានចាប់ផ្តើមជម្លៀសអ្នកទេសចរចេញពីកន្លែងកម្សាន្តនៅតាមឆ្នេរសមុទ្រដែលគេនិយមទៅលេងក្នុងការប្រុងប្រៀបរៀបចំមុនពេលខ្យល់ព្យុះសង្ឃរាដ៏សាហាវឈ្មោះ អៃរីន (Irene) ត្រូវបក់មកដល់។
ជប៉ុន៖ ក្រុមអ្នកត្រួតត្រានុយក្លេអ៊ែរនៃប្រទេសជប៉ុននិយាយថា ពួកគេបានទទួលព័ត៌មាន ៤ថ្ងៃមុនការរញ្ជួយដីនៅថ្ងៃទី១១ខែមិនាថា រោងចក្រនុយក្លេអ៊ែរនៅក្រុង Fukushima ប្រហែលអាចទទួលរងការប៉ះទង្គិចដោយសាររលកយក្សស៊ូណាមិ (Tsunami) ដែលមានកម្លាំងនិងទំហំធំជាងកម្លាំងដែលរោងចក្រនេះអាចទប់ទល់បានទៅទៀត។
ព័ត៌មាននៅពេលមុននេះ៖
សហរដ្ឋអាមេរិក៖ អាគារប្រវត្ដសាស្រ្ដនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន និងសាលារៀនបានត្រូវបិទទ្វារនៅថ្ងៃពុធនេះ ពេលដែលអាជ្ញាធរកំពុងធ្វើការប៉ានស្មាននៃការខូចខាតពីការរញ្ជួយផែនដីដ៏កម្រនៅតំបន់ឆ្នេរខាងកើត។
លីប៊ី៖ ក្រុមប្រឆាំងប្រទេសលីប៊ីនឹងឲ្យរង្វាន់១លាន៦សែន៧ម៉ឺនដុល្លារដល់អ្នកដែលចាប់ខ្លួនមេដឹកនាំ មូមារ កាដាហ្វី។ រង្វាន់នោះធ្វើឡើងនៅពេលដែលការប្រយុទ្ធបានផ្ទុះឡើងនៅក្នុងពហុអាគាររបស់ កាដាហ្វី ក្នុងទីក្រុង ទ្រីប៉ូលី មួយថ្ងៃក្រោយពីក្រុមបះបោរបានវាយដណ្ដើមយកទីតាំងនោះ។
លីប៊ី៖ មេដឹកនាំប្រទេសក្នុងពិភពលោកកំពុងពិចារណាអំពីវិធានការ ទៅមុខទៀតសម្រាប់ប្រទេសលីប៊ី ដែលមេដឹកនាំកាដាហ្វី ហាក់ដូចជាបាត់បង់ការត្រួតត្រានៅក្នុងរដ្ឋធានីទ្រីប៉ូលី និងទីក្រុងធំៗដទៃ។ មានអ្នកកាសែតបរទេសខ្លះដែលកងកម្លាំងកាដាហ្វីបានចាប់ឃុំ បានត្រូវដោះលែងយ៉ាងឆាប់រហ័សមកវិញ។ អ្នកកាសែតប្រមាណ ៣៥នាក់ បានត្រូវរំដោះឲ្យមានសេរីភាពកាលពីថ្ងៃពុធ ក្រោយពីបានត្រូវចាប់ឃុំ ជាង៤ថ្ងៃនៅក្នុងសណ្ឋាគារ Rixo ក្នុងក្រុងទ្រីប៉ូលី។
ឥណ្ឌា៖ ក្រុមគណបក្សប្រឆាំងនៅក្នុងប្រទេសឥណ្ឌាបានសហការជាមួយនាយករដ្ឋមន្ដ្រីម៉ាន ម៉ូហាន សិញ ក្នុងការអំពាវនាវដល់សកម្មជនល្បីឈ្មោះខាងការប្រឆាំងអំពើពុករលួយឲ្យបញ្ឈប់កូដកម្មឥតអាហារ៩ថ្ងៃ។
អាហ្វហ្គនីស្ថាន៖ ប្រធានាធិបតីអាហ្វហ្គនីស្ថាន ហាមិដ កាសៃ បានចេញបញ្ជាឲ្យដោះលែងក្មេង២០នាក់ចាប់ឃុំដោយសារមានការពាក់ព័ន្ធនឹងក្រុមអត្ដឃាតជនអោបគ្រាប់បែកផ្ទុះ។
ស៊ីរី៖ កងកម្លាំងការពារសន្ដិសុខស៊ីរីបានវាយឆ្មក់ចូលទៅក្នុងក្រុង និងភូមិម្ដងទៀតទូទាំងប្រទេស ហើយបានចាប់ឃុំជនសង្ស័យជាអ្នកប្រឆាំងរដ្ឋាភិបាល ដែលជាផ្នែកមួយនៃការវាយបង្រ្កាបរបស់ប្រធានាធិបតី Bashar Al Assad មកលើសកម្មជននយោបាយ។
សេដ្ឋកិច្ចសកលលោក៖ តម្លៃមាសចុះថោកជាងមួយរយដុល្លារក្នុងមូយ អុង នៅថ្ងៃពុធនេះ មួយថ្ងៃក្រោយពីតម្លៃមាសឡើងថ្លៃ រហូតដល់ជាង១៩០០ដុល្លារ។ តម្លៃមាសលក់ចេញចុះ៥% គឺ ១៧៦១ដុល្លារ ៥០ សេន ក្នុងមួយ អុងឬ ២៨, ៣៤៩៦ ក្រាមនៅទីផ្សារហ៊ុន នៃទីក្រុងញូយ៉ក។