យេម៉ែន៖ មានភាពតានតឹងខាងនយោបាយយ៉ាងខ្លាំងក្នុងប្រទេសយេម៉ែន នៅថ្ងៃសុក្រ ក្រោយពីប្រធានាធិបតី Ali Abdullah Saleh បានវិលត្រទ្បប់មកពីព្យាបាលមុខរបួសជាច្រើនខែ នៅក្រៅប្រទេស។
ប៉ាឡេស្ទីន៖ កាលពីថ្ងៃសុក្រលោក Mahmoud Abbas មេដឹកនាំប៉ាឡេស្ទីនបានសុំដល់អង្គការសហប្រជាជាតិឱ្យទទួលស្គាល់រដ្ឋប៉ាឡេស្ទីនមួយ ទោះណាជាមានការជំទាស់ពីសហរដ្ឋអាមេរិកនិងអ៊ីស្រាអែលដល់កិច្ចខិតខំនេះក៏ដោយ។
ប៉ាឡេស្ទីន៖ កាលពីថ្ងៃសុក្រ ពលរដ្ឋប៉ាឡេស្ទីនបានអបអរសាទរនៅពេលឮដំណឹងថាលោកប្រធានាធិបតី Mahmoud Abbas បានដាក់ពាក្យសុំបង្កើតរដ្ឋនៅឯអង្គការសហប្រជាជាតិ។
ប៉ាគីស្ថាន៖ អគ្គមេបញ្ជាការនៃកងទ័ពប៉ាគីស្ថានបានបដិសេធការចោទប្រកាន់របស់សហរដ្ឋអាមេរិក ដែលថាទីភ្នាក់ងារចារកម្មយោធារបស់ខ្លួនគាំទ្រពួកជនសកម្មប្រយុទ្ធមានចំណងទាក់ទងជាមួយអាល់កៃដា ដែលបានវាយប្រហារលើទីដៅអាមេរិកាំងនៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ថា «មិនផ្អែកលើការពិតជាក់ស្តែងទេ»។
អ៊ីរ៉ាក់៖ លោកប្រធានាធិបតីអ៊ីរ៉ាក់ Jalal Talabani បានសុំដល់ប្រទេសតួកគីនិងអ៊ីរ៉ង់ឱ្យឈប់ទម្លាក់គ្រាប់បែកលើតំបន់ Kurdistan នាផ្នែកខាងជើងអ៊ីរ៉ាក់ ដែលពួកឧទ្ទាម Kurde ធ្វើប្រតិបត្តិការនៅទីនោះ។
ស៊ីរី៖ កងកម្លាំងសន្តិសុខស៊ីរីបានបាញ់សម្លាប់ជនស៊ីវិលយ៉ាងតិចណាស់៣នាក់កាលពីថ្ងៃសុក្រ នៅពេលដែលសហភាពអឺរ៉ុបបានដាក់ទ័ណ្ឌកម្មថ្មីៗថែមទៀតលើរដ្ឋាភិបាលរបស់ប្រធានាធិបតី Bashar al-Assad ។