ព័ត៌មានចុងក្រោយបំផុត៖
ទួរគី៖ នៅថ្ងៃច័ន្ទនេះ ក្រុមអ្នកជួយសង្គ្រោះនៅផ្នែកអាគ្នេយ៍នៃប្រទេសទួរគីបានជីកកកាយក្នុងកម្ទេចបាក់បែករបស់អាគារដើម្បីស្វែងរកអ្នកនៅរស់នៅក្រោយគ្រោះរញ្ជួយដីមួយដែលបានបណ្តាលឲ្យមនុស្សយ៉ាងតិច២៣៩នាក់ស្លាប់និងជាង១ពាន់នាក់ទៀតរងរបួស។
ទុយនីស៊ី៖ ក្រុមមន្ត្រីរៀបចំការបោះឆ្នោតក្នុងប្រទេសទុយនីស៊ីកំពុងរាប់សន្លឹកឆ្នោត បន្ទាប់ពីប្រទេសនេះបានរៀបចំការបោះឆ្នោតបែបប្រជាធិបតេយ្យលើកទីមួយរបស់ខ្លួននៅក្រោយបដិវត្តន៍ដែលបានបណ្តាលឲ្យមានការបះបោរដែលគេហៅថា «រដូវផ្ការីកអារ៉ាប់» នៅទូទាំងទ្វីបអាហ្វ្រិកខាងជើងនិងតំបន់មជ្ឈឹមបូព៌ា។
លីប៊ី៖ អាជ្ញាធរបណ្តោះអាសន្ននៃប្រទេសលីប៊ីបានប្រកាសថាប្រទេសត្រូវបានរំដោះហើយទោះបីជាមានកង្វល់អំពីហេតុការណ៍នៅជុំវិញមរណភាពរបស់អតីតមេដឹកនាំម៉ូអាម៉ារ ហ្កាដាហ្វី (Moammar Gadhafi) ក៏ដោយ។
សហរដ្ឋអាមេរិក/កូរ៉េខាងជើង៖ នៅថ្ងៃច័ន្ទនេះ ពួកអ្នកការទូតសហរដ្ឋអាមេរិកនិងកូរ៉េខាងជើងបានចាប់ផ្តើមកិច្ចពិភាក្សារយៈពេល២ថ្ងៃក្នុងទីក្រុងសឺណែវនៃប្រទេសស្វីស អំពីការចាប់ផ្តើមជាថ្មីនូវកិច្ចចរចារ៦ភាគីអំពីកម្មវិធីបរមាណូរបស់រដ្ឋាភិបាលក្រុងព្យុងយ៉ាង។
ព័ត៌មាននៅពេលមុននេះ៖
យេម៉ែន៖ ក្រុមសកម្មជនប្រឆាំងរាប់ពាន់នាក់នៅយេម៉ែនបានដើរធ្វើបាតុកម្មក្នុងក្រុងសាណាទាមទារឱ្យប្រធានាធិបតី Ali Abdullah Saleh ចុះចេញពីតំណែងមួយថ្ងៃក្រោយពីការប្រយុទ្ធគ្នារវាងកងកម្លាំងលម្អៀងទៅខាងលោក Saleh និងកងកម្លាំងប្រឆាំងនឹងលោកនៅក្នុងរដ្ឋធានីបានបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់១២នាក់ស្លាប់។
លីប៊ី៖ សហរដ្ឋអាមេរិកនិងសហភាពអឺរ៉ុបបានសុំដល់ពួកមេដឹកនាំថ្មីនៃប្រទេសលីប៊ីឱ្យធ្វើការផ្សះផ្សាជាតិនិងគោរពសិទ្ធិមនុស្សនៅពេលដែលពួកគេរៀបចំអន្តរកាលទៅកាន់លទ្ធិប្រជាធិបតេយ្យនៅក្រោយការសម្លាប់អតីតមេដឹកនាំផ្តាច់ការឈ្មោះ Moammar Gadhafi។
ទួរគី ៖ ការរញ្ជួយផែនដីខ្លាំងមួយក្នុងផ្នែកអាគ្នេយ៍នៅទួរគីបានបណ្តាលឱ្យមនុស្សយ៉ាងតិចណាស់៧៥នាក់ស្លាប់និងធ្វើឱ្យមនុស្ស១៥០នាក់ទៀតត្រូវរបួស។
លីប៊ី៖ ពួកមេដឹកនាំបណ្តោះអាសន្នលីប៊ីបានប្រកាសថាប្រទេសនេះបានត្រូវរំដោះពីការគ្រប់គ្រង៤២ឆ្នាំរបស់ Moammar Gadhafi នៅក្នុងពិធីមួយដែលចូលរួមដោយមនុស្សរាប់ម៉ឺននាក់នៅក្នុងក្រុង Benghazi នាប៉ែកខាងកើតប្រទេស។
ទុយនីស៊ី៖ ដែលការបដិវត្តន៍របស់ខ្លួនបានបណ្តាលឱ្យមានការបះបោរ «រដូវផ្ការីកអារ៉ាប់» នៅទូទាំងផ្នែកខាងជើងនៃទ្វីបអាហ្វ្រិកនិងភូមិភាគមជ្ឈឹមបូព៌ាបានបង្កើតឱ្យមានព្រឹត្តិការណ៍ប្រវត្តិសាស្ត្រសំខាន់មួយទៀតដោយបានធ្វើការបោះឆ្នោតបែបប្រជាធិបតេយ្យលើកទីមួយដែលមិនធ្លាប់មានធ្វើពីពេលមុនៗទេ។
ស៊ីរី៖ ប្រធានាធិបតីស៊ីរី Bashar al-Assad បានប្តូរអភិបាលខែត្រ២នាក់នៅក្នុងខេត្ត២ដែលគេបានឃើញបាតុកម្មច្រើនខែមកហើយប្រឆាំងនឹងការគ្រប់គ្រង១១ឆ្នាំរបស់លោក៕