ប៉ាគីស្ថាន៖ មន្ដ្រីយោធាថ្នាក់ខ្ពស់សហរដ្ឋអាមេរិកម្នាក់បានចោទប៉ាគីស្ថានថាបានគាំទ្រការវាយប្រហារទៅលើមុខសញ្ញារបស់អាមេរិកក្នុងប្រទេសអាហ្វហ្គានីស្ថាន រួមមានការវាយប្រហាររបស់ពួកសកម្មប្រយុទ្ធកាលពីអាទិត្យមុនទៅលើស្ថានទូតអាមេរិកនៅទីក្រុងកាប៊ុល។
អ៊ីរ៉ង់៖ លោក Mahmoud Ahmadinejad ប្រធានាធិបតីអ៊ីរ៉ង់ នៅពេលថ្លែងសុន្ទរកថាទៅកាន់មហាសន្និបាទអង្គការសហប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍បានរិះគន់យ៉ាងខ្លាំងចំពោះអាមេរិក អ៊ីស្រាអែល និងបស្ចឹមប្រទេស ហើយចោទប្រទេសទាំងនោះថាបានញុះញង់ឲ្យមានសង្គ្រាម ធ្វើឲ្យមានការមិនចុះសម្រុងគ្នា និងផ្សព្វផ្សាយលទ្ធិផ្ដាច់ការ។
ប៉ាឡេស្ទីន៖ មន្ដ្រីថ្នាក់ខ្ពស់ប៉ាឡេស្ទីនម្នាក់និយាយថា លោកប្រធានាធិបតី Mahmoud Abbas នឹងសុំឲ្យក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិជាផ្លូវការ ឲ្យទទួលស្គាល់ប៉ាឡេស្ទីន ថាជាសមាជិកពេញលេញ នៃអង្គការសហប្រជាជាតិ នៅថ្ងៃសុក្រ ទោះបីលោកប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា គំរាមថានឹងប្រើសិទ្ធិវេតូជំទាស់នឹងសេចក្ដីសម្រេចនេះក៏ដោយ។
សេដ្ឋកិច្ច៖ ផ្សារហ៊ុននៅក្នុងសាកលលោកធ្លាក់ចុះយ៉ាងខ្លាំងនៅថ្ងៃព្រហស្បតិ៍ ដែលជាប្រតិកម្មចំពោះសេចក្ដីសង្ឃឹមយ៉ាងតិចតួចបំផុតរបស់ធនាគារកណ្ដាលអាមេរិកអំពីសេដ្ឋកិច្ចធំជាងគេរបស់ប្រទេសនេះក្នុងពិភពលោក ថានឹងត្រូវបានស្ដារ ហើយនិងសេចក្ដីភ័យខ្លាចថាសេចក្ដីសម្រេចថ្មីៗបំផុតរបស់អាមេរិកដើម្បីស្ដារសេដ្ឋកិច្ចនឹងមិនមានប្រសិទ្ធិភាព។
លីប៊ី៖ យុទ្ធជននៃក្រុមប្រឹក្សាអន្ដរកាលជាតិប្រទេសលីប៊ីកំពុងតែអះអាងថាបានត្រួតត្រា Sabha ជាតំបន់មួយមានការការពាររឹងមាំរបស់ពួគស្មោះត្រង់ចំពោះលោកមេដឹកនាំ Moammar Gadhafi។
អូស្ត្រាលី៖ រដ្ឋសភាអូស្ត្រាលី បានពន្យារពេលរហូតទៅដល់ខែក្រោយនូវការបោះឆ្នោត ស្ដីអំពីការប្ដូរច្បាប់អន្ដោប្រវេសន៍យ៉ាងចម្រូងចម្រាស់មួយ ដែលអនុញ្ញាតឲ្យអនុវត្ដតាមសំណើដូរជនភៀសខ្លួនគ្នាជាមួយម៉ាឡេស៊ី។
បារាំង៖ តុលាការបារាំងជាលើកទីមួយហើយ បានពិន័យស្ដ្រីអ៊ីស្លាមពីរនាក់ដែលពាក់ស្បៃមុខនៅតាមទីសាធារណៈ នៅក្នុងរឿងមួយដែលអាចនាំឲ្យមានបញ្ហាផ្នែកខាងច្បាប់នៅទូទាំងអឺរ៉ុប។