ទុយនីស៊ី៖ ដប់ខែបន្ទាប់ពីការទម្លាក់ Zine el Abidine Ben Ali ដែលជាអ្នកកាន់អំណាចផ្តាច់ដ៏យូរពីតំណែង ពលរដ្ឋបានទៅកាន់កន្លែងបោះឆ្នោតនៅថ្ងៃអាទិត្យនេះ ក្នុងការបោះឆ្នោតប្រជាធិបតេយ្យលើកទីមួយតាំងពីប្រទេសនេះបានទទួលឯករាជ្យកាលពីឆ្នាំ១៩៥៦មក។
អារ៉ាប៊ី សាអ៊ូឌីត៖ ព្រះអង្គម្ចាស់រជ្ជទាយាទ Sultan bin Abdul-Aziz នៅអារ៉ាប៊ី សាអ៊ូឌីត ដែលបានសុគតកាលពីថ្ងៃសៅរ៍ ជារដ្ឋមន្ត្រីក្រសួងការពារប្រទេសរបស់ព្រះរាជាណាចក្រនេះដែលជាតំណែងមួយដែលទ្រង់បានកាន់ជិត៥០ឆ្នាំមកហើយ។ ព្រះអង្គម្ចាស់រជ្ជទាយាទ Sultan bin Abdul-Aziz បានសុគតហើយដោយសារជំងឺដែលគេមិនបានប្រាប់ឱ្យដឹងជាជំងឺអ្វីទេ។ ទ្រង់មានព្រះជន្មជាង៨០ព្រះវស្សា។
អ៊ីរ៉ាក់៖ ប្រធានាធិបតីអ៊ីរ៉ង់ Mahmoud Ahmadinejad បាននិយាយថាការដកក្រុមទាហានអាមេរិកពីអ៊ីរ៉ាក់នឹងមិនបង្កើនការទាក់ទិនរបស់អ៊ីរ៉ង់ជាមួយប្រទេសអ៊ីរ៉ាក់ទេ។
យេម៉ែន៖ មានការប៉ះទង្គិចគ្នាថ្មីៗបានកើតមានទ្បើងនៅកន្លែងពីរក្នុងរដ្ឋធានីសាណាកាលពីថ្ងៃសៅរ៍បណ្តាលឱ្យមនុស្សយ៉ាងតិចណាស់៥នាក់ស្លាប់។
បែលហ្ស៊ិក៖ រដ្ឋមន្ត្រីហិរញ្ញវត្ថុសហភាពអឺរ៉ុបប្រជុំគ្នាក្នុងក្រុងព្រុចហ្សែលដើម្បីសម្រួលសេចក្តីល្អិតល្អន់អំពីថាតើត្រូវធ្វើបែបណាដើម្បីឱ្យមានស្ថិរភាពដល់ធនាគារដែលប្រឈមមុខនឹងការខាតបង់យ៉ាងធំធេងទាក់ទិននឹងបំណុលនៃប្រទេសក្រិកនិងធ្វើបែបណាដើម្បីបង្កើនមូលនិធិសម្រាប់ជួយសង្គ្រោះតំបន់ចាយប្រាក់អឺរ៉ូ។