ព័ត៌មានចុងក្រោយបំផុត៖
កម្ពុជា/ចិន៖ ប្រទេសកម្ពុជាបានយល់ព្រមទទួលយកឧទ្ធម្ភាគចក្រយោធាមួយចំនួនពីប្រទេសចិន។ កិច្ចព្រមព្រៀងនោះពាក់ព័ន្ធនឹងឧទ្ធម្ភាគចក្រសង់ដោយចិន ធុន Z-9 សម្រាប់ការប្រើប្រាស់ធម្មតា ដែលបានត្រូវផ្សព្វផ្សាយជាសាធារណៈកាលពិថ្ងៃច័ន្ទ។
លីប៊ី៖ ក្រុមបះបោរនៅក្នុងប្រទេសលីប៊ីបានបើកការវាយប្រហារដើម្បីបញ្ចប់របបគ្រប់គ្រង មូមារ កាដាហ្វី ដោយនិយាយថា ខ្លួនបានកាន់កាប់រដ្ឋធានីទ្រីប៉ូលី ប៉ុន្តែគេនៅឃើញមានការប្រយុទ្ធគ្នានៅថ្ងៃច័ន្ទ នៅក្នុងទីកន្លែងខ្លះរបស់ទីក្រុង។
លីប៊ី៖ ប្រធានាធិបតី បារ៉ាក់ អូបាម៉ា បានអំពាវនាវដល់មេដឹកនាំ មូមារ កាដាហ្វី ឲ្យប្រគល់អំណាចទាំងអស់ជាបន្ទាន់ ដោយលោកមានប្រសាសន៍ថា សន្ទុះប្រឆាំងកាដាហ្វីបានឡើងដល់កម្រិតនៃជ័យជម្នះ។
ស៊ីរី៖ សកម្មជនការពារសិទ្ធិមនុស្សនៅក្នុងប្រទេសស៊ីរីនិយាយថា ក្រុមអ្នកគាំទ្រប្រធានាធិបតី Bashar Al Assad បានបាញ់សម្លាប់មនុស្សពីរនាក់ និងធ្វើឲ្យរបួសមនុស្ស ៤នាក់ទៀត ក្រោយពីលោក អាសាដ បានការពារនយោបាយវាយបង្រ្កាបមកលើការបះបោរនយោបាយ ហើយនិយាយថាការទិតៀនពីបស្ចិមប្រទេសមិនមានន័យអ្វីសោះចំពោះលោក។
ម៉ាឡេស៊ី៖ មេដឹកនាំនៃគណបក្សជំទាស់នៅក្នុងប្រទេសម៉ាឡេស៊ី លោក អាន់វ៉ារ អ៊ីប្រាហ៊ីម បានប្រកាសថាលោកមិនមានកំហុស កាលពីថ្ងៃច័ន្ទ នៅពេលលោកថ្លែងប្រាប់តុលាការជាលើកដំបូងក្នុងការកាត់ក្ដីពីបទសេពកាមមិនប្រក្រតី។
ម៉ុងហ្គោលី៖ អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃឌិន បានថ្លែងសរសើរការចំពោះដំណើរការផ្ទេរអំណាចទៅរកលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសម៉ុងហ្គោលីកាលពីថ្ងៃច័ន្ទ នៅពេលលោកធ្វើទស្សនកិច្ចមួយថ្ងៃក្នុងប្រទេសនេះ ដោយលោកបានធ្វើការចរចាអំពីកិច្ចសហប្រតិបត្តិការខាងសេដ្ឋកិច្ច និងការពារប្រទេស។
ចិន៖ បណ្ដាញព័ត៌មានរដ្ឋចិននិយាយថាភោជនីយដ្ឋានតូចមួយរបស់គ្រួសារក្នុងរដ្ឋធានីប៉េកាំងកំពុងមានអតិថិជនចូលពិសារច្រើននៅក្រោយពេលដែលអនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក ចូ បៃដិន បានចូលទៅពិសារនំប៉ាវ និង គុយទាវមី នៅពេលថ្ងៃត្រង់។
ចិន៖ ទីភ្នាក់ងារពត៌មានចិននិយាយនៅថ្ងៃច័ន្ទនេះថាមនុស្ស១១នាក់បានស្លាប់ ហើយយ៉ាងតិច១២០នាក់ទៀតធ្លាក់ឈឺ ក្រោយពីបានបរិភោគទឹកខ្មេះដាក់ក្នុងធុងប្រើសម្រាប់ផ្ទុកជាតិពុលនៃទឹកធ្វើឲ្យរថយន្ដត្រជាក់។
ជប៉ុន៖ មន្ដ្រីថ្នាក់ខ្ពស់នៅក្នុងប្រទេសជប៉ុននិយាយថាតំបន់ខ្លះនៅជុំវិញរោងចក្រនុយក្លេអ៊ែរខូច ហ្វូគូស៊ីម៉ា (Fukushima) ប្រហែលជានឹងត្រូវចាត់ទុកជាតំបន់គ្រោះថ្នាក់ សម្រាប់រយៈពេលច្រើនទសវត្សរ៍។
ព័ត៌មាននៅពេលមុននេះ៖
ឥណ្ឌា៖ ពួកអាជ្ញាធរឥណ្ឌាបានបញ្ជាក់ថា រណ្តៅកប់ខ្មោចក្នុងដែនដីតំបន់ Kashmit ដែលត្រួតត្រាដោយប្រទេសឥណ្ឌាមានសាកសពមនុស្សជាង២ពាន់នាក់ទំនងជាបានសម្លាប់ក្នុងការទាមទារបំបែករដ្ឋដ៏យូរមកហើយនេះ។ចិន៖ បណ្តាញព័ត៌មានប្រទេសចិនរាយការណ៍ថា ប៉ូលីសកំពុងស៊ើបអង្កេតការចាប់ពង្រត់ស្រ្តីជនជាតិភាគតិចវៀតណាមប្រហែល១រយនាក់ដែលកំពុងបាត់ខ្លួនក្នុងប្រទេសចិនភាគកណ្តាល ហើយអាចត្រូវគេលក់ឲ្យធ្វើជាកូនក្រមុំដើម្បីរៀបការជាមួយបុរសជាតិចិន។
លីប៊ី៖ ពួកឧទ្ទាមលីប៊ីបានកាន់កាប់បន្ទាយយោធាដែលការពាររដ្ឋធានី ជាទីតាំងដ៏រឹងមាំរបស់មេដឹកនាំដ៏យូរអង្វែងរបស់ Moammar Gadhafi នៅពេលដែលការប្រយុទ្ធត្រូវបានរាយការនៅខាងក្នុងទីក្រុង។
ស៊ីរី៖ ប្រធានាធិបតី Bashar al – Assad ប្រទេសស៊ីរីមានគម្រោងបង្ហាញខ្លួននៅតាមទូរទស្សន៍ជាតិកាលពីយប់ថ្ងៃអាទិត្យ ពេលដែលមានការគៀបសង្កត់ទូទាំងសកលលោកឲ្យបញ្ចប់ការបង្ក្រាបរបស់រដ្ឋាភិបាលទៅលើបាតុករ។
ប៉ាឡេស្ទីន៖ ពួកជនសកម្មប្រយុទ្ធប៉ាឡេស្ទីនបានបាញ់គ្រាប់រ៉ុកកែតយ៉ាងហោចណាស់ចំនួន១៧គ្រាប់ថែមទៀតចូលក្នុងប្រទេសអ៊ីស្រាអែលកាលពីថ្ងៃអាទិត្យ ហើយកងទ័ពអ៊ីស្រាអែលបានចាប់ផ្តើមវាយប្រហារតាមអាកាសក្នុងតំបន់ Gaza Strip ក្នុងអំឡុងពេលនៃអំពើហិង្សារយៈពេល៤ថ្ងៃជាប់ៗគ្នានៅក្នុងតំបន់នោះ។
ចិន៖ លោក Joe Biden អនុប្រធានាធិបតីសហរដ្ឋអាមេរិក បានស្វះស្វែងធ្វើការបញ្ជាក់ប្រាប់ចិនកាលពីថ្ងៃអាទិត្យថាទ្រព្យសម្បត្តិហិរញ្ញវត្ថុដ៏ច្រើនសន្ធឹកសន្ធាប់របស់ចិននៅក្នុងសហរដ្ឋអាមេរិកមានសុវត្ថិភាព ហើយថាអាមេរិកនឹងសងប្រាក់បំណុលរបស់ខ្លួន។
អាហ្វហ្គានីស្ថាន៖ ពួកអាជ្ញាធរអាហ្វហ្គានីស្ថាននិយាយថា ជនប្រដាប់អាវុធបានសម្លាប់មន្រ្តីរដ្ឋាភិបាលក្នុងមូលដ្ឋានពីរនាក់នៅក្នុងការវាយប្រហារដាច់ដោយឡែកពីគ្នាក្នុងតំបន់ខាងត្បូងប្រទេស។
ន័រវែស៖ ព្រះមហាក្សត្រ Herald នៃប្រទេសន័រវែស បានស្វះស្វែងសម្រាលទុករបស់ប្រទេសជាតិព្រះអង្គកាលពីថ្ងៃអាទិត្យ ពេលដែលពួកអ្នកកាន់ទុកបានបញ្ចប់ការកាន់ទុករយៈពេលមួយខែដល់មនុស្ស៧៧នាក់ដែលបានត្រូវសម្លាប់ដោយអ្នកជ្រុលនិយមស្តាំម្នាក់កាលពីថ្ងៃទី២២ ខែកក្កដា នៅក្នុងការបំផ្ទុះគ្រាប់បែកនិងការបាញ់សម្លាប់រង្គាល។
សហរដ្ឋអាមេរិក៖ កោះ Peurto Rico ដែនដីសហរដ្ឋអាមេរិកបានចេញការព្រមានពីខ្យល់ព្យុះ Hurricane ពេលដែលខ្យល់ព្យុះតំបន់ត្រូពិក Irene បានខិតចូលមកជិតពីតំបន់ខាងកើត ដែលបានធ្វើឲ្យមានការធ្លាក់ភ្លៀងយ៉ាងខ្លាំងនៅលើកោះ Leewards។