ព័ត៌មានចុងក្រោយបំផុត៖
កម្ពុជា៖ ពួករាជអាជ្ញានៅក្នុងការកាត់ក្តីគាំទ្រដោយអ.ស.ប.នៃមេដឹកនាំខ្មែរក្រហមជាន់ខ្ពស់បីនាក់ក្នុងប្រទេសកម្ពុជាបានចោទប្រកាន់បុរសទាំងនេះថា ជាមេគំនិតបង្កើតការរន្ធត់ដ៏អាក្រក់បំផុតមួយក្នុងសតវត្សរ៍ទី២០។
នៅក្នុងសេចក្តីថ្លែងការណ៍បើកការកាត់ក្តីនៅថ្ងៃច័ន្ទនេះរាជអាជ្ញា ជា លាង បាននិយាយថា ខៀវសំផន ប្រមុខរដ្ឋខ្មែរក្រហម នួន ជា មេមនោគមវិជ្ជា និងអៀង សារី រដ្ឋមន្ត្រីការបរទេសខ្មែរក្រហម បានសម្របសម្រួលការបដិវត្តន៍«ទីវាលមរណៈ» ប្រកបដោយការបង្ហូរឈាមដែលបានសម្លាប់មួយភាគបួននៃប្រជារាស្ត្រខ្មែរ និងបានបំផ្លាញជីវភាពពួកអ្នកនៅរស់រាប់លាននាក់ទៀត។
អេហ្ស៊ីព៖ ក្រសួងសុខាភិបាលនៃប្រទេសអេហ្ស៊ីបនិយាយថា មនុស្ស២០នាក់បានស្លាប់ហើយជាង១ពាន់៧រយនាក់ទៀតបានត្រូវរបួសនៅក្នុងការប៉ះទង្គិចគ្នាបីថ្ងៃរវាងពួកប៉ូលីសនិងពួកបាតុករនៅពេលដែលកងកម្លាំងសន្តិសុខបន្តប្រយុទ្ធជាមួយពួកសកម្មជនលម្អៀងទៅខាងលទ្ធិប្រជាធិបតេយ្យនៅក្នុងការធ្វើបាតុកម្មនៅទូទាំងប្រទេស។
លីប៊ី៖ កងជីវពលលីប៊ីមួយក្រុមដែលបានចាប់កូនប្រុសរបស់ខ្មោចអ្នកកាន់អំណាចផ្តាច់ការលីប៊ីដែលបានរត់ភៀសខ្លួននិយាយថា ពួកគេនឹងបន្តឃុំឃាំង Seif al-Islam នៅក្នុងក្រុង Zintan នាប៉ែកខាងលិចប្រទេសរហូតដល់មានការរៀបចំការកាត់ក្តីគាត់។
សរអា៖ ពួកប៉ូលីសនៅក្នុងបូរី New York បានចាប់ខ្លួនបុរសម្នាក់ដែលពួកគេនិយាយថា បានគ្រោងធ្វើការវាយប្រហារមន្ទីរប្រៃសណីយ៍ ទ្បានប៉ូលីសនិងពួកទាហានដែលវិលត្រទ្បប់មកពីបំពេញបេសកកម្មនៅក្នុងប្រទេសអ៊ីរ៉ាក់និងប្រទេសអាហ្វហ្កានិស្ថាន។
ប៉ាគិស្ថាន៖ ពួកអ្នកសម្របសម្រួលប៉ាគិស្ថាននិងមេបញ្ជាការជាន់ខ្ពស់ម្នាក់នៃពួកតាលីបានប៉ាគិស្ថាន បាននិយាយថា រដ្ឋាភិបាលបានធ្វើការចរចាសន្តិភាពដំបូងជាមួយពួកជនសកម្មប្រយុទ្ធនេះ។
ព័ត៌មាននៅពេលមុននេះ៖
អេស៉្បាញ ៖ ពលរដ្ឋអេស៉្បាញបោះឆ្នោតកាលពីថ្ងៃអាទិត្យនៅក្នុងការបោះឆ្នោតសភាដែលបានត្រូវគ្របដណ្តប់ដោយវិបត្តិហិរញ្ញវត្ថុរបស់ប្រទេស ហើយគេរំពឹងថាពួកអភិរក្សនិយមដែលជាក្រុមប្រឆាំងនឹងឈ្នះឆ្នោតទ្បើងមកកាន់អំណាចនៅក្រោយរយៈពេលជិត៨ឆ្នាំនៃការគ្រប់គ្រងប្រទេសដោយពួកសង្គមនិយម។
អាស៊ី ៖ ប្រធានាធិបតីសហរដ្ឋអាមេរិក បារ៉ាក់ អូបាម៉ាបានវិលត្រទ្បប់មកកាន់ប្រទេសអាមេរិកវិញកាលពីថ្ងៃអាទិត្យក្រោយពីបានបំពេញទស្សនកិច្ច៩ថ្ងៃក្នុងប្រទេសនានានៃភូមិភាគអាស៊ីប៉ាស៊ីហ្វិកដែលបានត្រូវគូសបញ្ជាក់ដោយជំនួបមួយទល់នឹងមួយជាមួយលោកនាយករដ្ឋមន្ត្រីចិន វិន ជាបាវ។
ប៉ាគីស្ថាន ៖ ឯកអគ្គរដ្ឋទូតប៉ាគីស្ថានប្រចាំសហរដ្ឋអាមេរិកបានវិលត្រទ្បប់ទៅកាន់ក្រុងអ៊ីស្លាម៉ាបាដវិញកាលពីថ្ងៃអាទិត្យដើម្បីពន្យល់អំពីអនុស្សរណៈចម្រូងចម្រាស់មួយដែលបានអំពាវនាវដល់អាមេរិកជួយទប់ទល់នឹងក្រុមយោធាដែលមានអំណាចខ្លាំងរបស់ប្រទេស។
ស៊ីរី ៖ ពួកសកម្មជនស៊ីរីនិយាយថាគ្រាប់ Rockets ធុន B-40 មួយចំនួនបានត្រូវបាញ់ចំអាគារនៃគណបក្ស Baath ដែលជាគណបក្សគ្រប់គ្រងប្រទេសនៅក្នុងក្រុងដាម៉ាស់កាលពីថ្ងៃអាទិត្យ មិនយូរប៉ុន្មានមុនសម្ព័ន្ធអារ៉ាប់បានច្រានចោលការកែប្រែដោយរដ្ឋាភិបាលរបស់ប្រធានាធិបតី Bashar al-Assad ដល់ផែនការមួយដែលអាចបញ្ចប់វិបត្តិដ៏ធ្ងន់ធ្ងរនៃប្រទេសស៊ីរី។
លីប៊ី ៖ ពួកមន្ត្រីលីប៊ីនិយាយថាអតីតប្រធាននៃផ្នែកស៊ើបការសម្ងាត់របស់ Moammar Gadhafi បានត្រូវចាប់ខ្លួនហើយ មួយថ្ងៃក្រោយពីកងម្លាំងនៃអាជ្ញាធរបណ្តោះអាសន្នចាប់បាន Seif al-Islam Gadhafi ដែលជាកូនរបស់ខ្មោចអ្នកកាន់អំណាចផ្តាច់ការលីប៊ីឈ្មោះ Moammar Gadhafi ដែលគេរកចាប់ខ្លួន។