ព័ត៌មានចុងក្រោយបំផុត៖
ភូមា/អាស៊ាន៖ លោករដ្ឋមន្រ្តីការបរទេសឥណ្ឌូនេស៊ីមានប្រសាសន៍ថា លោកចង់ដឹងចង់ឮអំពីទស្សនៈរបស់ប្រជាពលរដ្ឋភូមា ដោយរាប់ទាំងមេដឹកនាំប្រជាធិបតេយ្យ លោកស្រី អោង សាន ស៊ូជី ផង ចំពោះសំណួរថាតើប្រទេសរបស់ពួកគេគួរធ្វើជាប្រធានរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ក្នុងឆ្នាំ ២០១៤ឬទេ។
យេម៉ែន៖ មន្រ្តីពេទ្យនិយាយថា កងកម្លាំងសន្តិសុខនៃរដ្ឋាភិបាលប្រទេសយេម៉ែនបានសម្លាប់មនុស្សយ៉ាងតិច ៧នាក់ នៅក្នុងរដ្ឋធានី សាណា (Sana’a) នៅពេលដែលអំពើហិង្សាដ៏អាក្រក់បំផុតនៅក្នុងការបះបោរ ក្នុងរយៈពេល៧ខែកន្លងទៅនេះប្រឆាំងនឹងលោកប្រធានាធិបតី Ali Abdullah Saleh នៅមានបន្តរហូតមកដល់ថ្ងៃទីបី។
អ៊ីស្រាអែល/ប៉ាឡេស្ទីន៖ លោកនាយករដ្ឋមន្រ្តី Banjamin Natanyahu នៃប្រទេសអ៊ីស្រាអែល បានអំពាវនាវឲ្យមានការចរចាផ្ទាល់ ដើម្បីចាប់ផ្តើមដំណើរការសន្តិភាពរវាងអ៊ីស្រាអែល និងប៉ាឡេស្ទីនជាថ្មីឡើងវិញ ជាមួយលោកប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas ដែលបានសន្យាថាលោកនឹងឈានទៅមុខនៅក្នុងការដាក់ពាក្យសុំទៅកាន់អង្គការសហប្រជាជាតិ ដើម្បីបង្កើតរដ្ឋប៉ាឡេស្ទីនមួយ។
អឺរ៉ុប៖ ភាពមិនទៀងទាត់ខាងវិស័យសេដ្ឋកិច្ចកំពុងគ្របដណ្តប់លើតំបន់ដែលប្រើប្រាស់ប្រាក់អឺរ៉ូ នៅក្រោយការបញ្ចុះពិន្ទុឥណទានរបស់ប្រទេសអ៊ីតាលី ក្នុងពេលដែលប្រទេសក្រិកនៅរង់ចាំសេចក្តីប្រកាសលើកក្រោយអំពីការផ្តល់ថវិកាសម្រាប់ជួយប្រទេសនេះសងបំណុល។
ព័ត៌មាននៅពេលមុននេះ៖
ប៉ាឡេស្ទីន៖ កាលពីថ្ងៃច័ន្ទ លោកប្រធានាធិបតីប៉ាឡេស្ទីន Mahmoud Abbas បានប្តេជ្ញាថានឹងជំរុញទៅមុខជាមួយផែនការស្វះស្វែងឱ្យអ.ស.ប.ទទួលស្គាល់រដ្ឋ ប៉ាឡេស្ទីនមួយ។
ប៉ាឡេស្ទីន៖ ពួកមេដឹកនាំពិភពលោកកំពុងធ្វើដំណើរទៅដល់បូរីញូវយ៉ក ដើម្បីចូលរួមក្នុងមហាសន្និបាតប្រចាំឆ្នាំនៃអ.ស.ប. ដែលនៅទីនោះគេរំពឹងថា កិច្ចខិតខំប្រឹងប្រែងរបស់ជនជាតិប៉ាឡេស្ទីន ដើម្បីឱ្យមានសមាជិកភាពពេញលេញនឹងគ្របដណ្តប់លើការសន្ទនាគ្នា។
យេម៉ែន៖ ពួកមន្ត្រីពេទ្យនៅក្នុងប្រទេសយេម៉ែនបាននិយាយថា កងកម្លាំងសន្តិសុខបានសម្លាប់មនុស្សយ៉ាងតិចណាស់២៧នាក់នៅក្នុងរដ្ឋធានីកាលពីថ្ងៃច័ន្ទ នៅពេលដែលការប៉ះទង្គិចគ្នាជាមួយក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាលបានកើនទ្បើងទៅជាការប្រឈមមុខយោធាមួយរវាងក្រុមទាហានរដ្ឋាភិបាលនិងកងកម្លាំងដែលស្មោះត្រង់ជាមួយឧត្តមសេនីយ៍ម្នាក់ដែលបានរត់ចោលជួរទៅចូលជាមួយក្រុមបាតុករច្រើនខែមកហើយ។
សុខភាពសកល៖ លោកអគ្គលេខាធិការអ.ស.ប. បាន គីមូន បានមានប្រសាសន៍កាលពីថ្ងៃច័ន្ទថា កំណើននៃចំនួនមនុស្សស្លាប់ដោយសារជំងឺមិនឆ្លង ដែលកំណើននេះគេរំពឹងថានឹងមានក្នុងទសវត្សរ៍ក្រោយ គឺជាការណ៍ «គួរឲ្យបារម្ភខ្លាំង»។
លីប៊ី៖ ក្រុមយុទ្ធជននៃអាជ្ញាធរបណ្តោះអាសន្នរបស់ប្រទេសលីប៊ីប្រឈមមុខនឹងការទប់ទល់នៅក្នុងសំបុកដែលនៅសេសសល់របស់ Moammar Gadhafi មួយថ្ងៃក្រោយពីពួកមេដឹកនាំនៃក្រុមប្រឹក្សាជាតិអន្តរកាលបានពន្យារពេលការប្រកាសអំពីរដ្ឋាភិបាលថ្មីមួយ។
ស៊ីរី៖ ពួកសកម្មជនសិទ្ធិមនុស្សស៊ីរីបាននិយាយថា កងកម្លាំងសន្តិសុខបានសម្លាប់មនុស្ស៥នាក់នៅក្នុងការឆ្មក់ វាយប្រហារទៅលើក្រុមបាតុករប្រឆាំងនឹងរដ្ឋាភិបាលក្នុងខេត្តHoms នាប៉ែកកណ្តាលប្រទេស។
សហរដ្ឋអាមេរិក៖ លោកអតីតប្រធានាធិបតីស.រ.អ. Bill Clinton នឹងប្រមូលផ្តុំពួកប្រមុខរដ្ឋ ពួកមេដឹកនាំឧស្សាហកម្ម និងពួកមន្ត្រីនៃអង្គការមិនយកកម្រៃ ព្រមទាំងពួកមន្ត្រីជាតិនិងមូលដ្ឋានក្នុងសប្តាហ៍នេះ ដើម្បីចូលរួមក្នុងការប្រជុំប្រចាំឆ្នាំនៃអង្គការលោកដែលមានឈ្មោះថា Clinton Global Initiative ហៅកាត់ថា CGI។