ព័ត៌មានចុងក្រោយបំផុត៖
ស៊ែរប៊ី៖ អាជ្ញាធរប្រទេសស៊ែរប៊ី និយាយថាគេបានចាប់ខ្លួន ហ្គ៊រ៉ាន ហាដស៊ីក (Goran Hadzic) អ្នកគេចរត់នៅសល់តែម្នាក់គត់ដែលតុលាការឧក្រិដ្ឋកម្មសង្គ្រាមអ.ស.ប.តាមស្វែងរក។
ហ្វីលីពីន៖ អ្នកតាក់តែងច្បាប់ហ្វីលីពីនប្រាំនាក់ជិះយន្ដហោះទៅកាន់កោះនៅសមុទ្រចិនខាងត្បូង នៅថ្ងៃពុធ ជាសកម្មភាពមួយដែលប្រទេសចិនព្រមានថា នឹងធ្វើឲ្យខូចខាតប្រយោជន៍ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។
ភូមា៖ ក្រុមជនជាតិភូមានិរទេសខ្លួន និយាយថា មនុស្សរាប់ពាន់នាក់ ត្រូវការជំនួយអន្ដរជាតិជាបន្ទាន់ នៅភាគខាងជើងនៃប្រទេសភូមា ដែលនៅទីនោះ ក្រុមបះបោរអណិកជន កាឈិន ត្រូវបានកងកម្លាំងរដ្ឋាភិបាលវាយប្រហារតាំងពីខែមុនមក។
អ.ស.ប៖ អ.ស.ប បានប្រកាសទុរភិក្សនៅក្នុងតំបន់ពីរនៃប្រទេសសូម៉ាលីភាគខាងត្បូង នាពេលដែលភាពរាំងស្ងួតធ្ងន់ធ្ងរជាងគេកើតមានឡើងនៅក្នុងប្រទេសនេះដែលមិនធ្លាប់មានជាង៥០ឆ្នាំមកហើយ។
អង់គ្លេស៖ លោកនាយករដ្ឋមន្រ្តី ដេវិត កាមារ៉ន នៃប្រទេសអង់គ្លេសនឹងឆ្លើយសំណួរនៅក្នុងរដ្ឋសភា នៅថ្ងៃពុធនេះ អំពីទំនាក់ទំនងរបស់លោកជាមួយនិងមន្រ្តីអ្នកចាត់ចែងការសំខាន់ៗពីបណ្តាញព័ត៌មានរបស់លោក រូពើត មឺរដក់ នៅក្នុងរឿងអាស្រូវលួចស្តាប់ទូរស័ព្ទ។
ស៊ីរី៖ អង្គការសិទ្ធិមនុស្សសំខាន់មួយឲ្យដឹងថា ខ្លួនភ័យខ្លាចថាប្រទេសស៊ីរី កំពុងតែធ្វើទារុណកម្មបុរសជាប់ឃុំឃាំងកាលពីថ្ងៃសៅរ៍និងថ្ងៃអាទិត្យ ក្រោយពីមានការចាប់ខ្លួនយ៉ាងច្រើនសន្ធឹកសន្ធាប់នៅជាយរដ្ឋធានីដាម៉ាស់។
អាហ្វហ្គានីស្ថាន៖ ពួក តាលីបាន់នៅក្នុងប្រទេសអាហ្វហ្កានិស្ថាន បានបដិសេធថា មេដឹកនាំរបស់ខ្លួន មូឡា អូម៉ា (Mullah Omar) មិនបានស្លាប់ ដូចសារអត្ថបទតាមទូរស័ព្ទ បានប្រកាសអំពីមរណភាពរបស់លោកនោះទេ។
ឥណ្ឌា៖ លោកស្រី Hillary Clinton រដ្ឋមន្ដ្រីក្រសួងការបរទេសស.រ.អ. កំពុងធ្វើទស្សនកិច្ចនៅទីក្រុង Chennai នៅភាគអាគ្នេយ៍នៃប្រទេសឥណ្ឌានៅថ្ងៃពុធ។ លោកស្រីគ្រោងថ្លែងសុន្ទរកថា ស្ដីអំពីសារ:សំខាន់នៃទំនាក់ទំនងសេដ្ឋកិច្ចរវាងស.រ.អ.និងប្រទេសឥណ្ឌា។
ស.រ.អ.៖ លោកប្រធានាធិបតីស.រ.អ. បារាក់ អូបាម៉ា កំពុងអំពាវនាវឲ្យសមាជិកសភានៃគណបក្សសាធារណរដ្ឋនិងប្រជាធិបតេយ្យ បន្តស្វែងរកការសម្របសម្រួលគ្នានៅនាទីចុងក្រោយមួយ នៅថ្ងៃពុធនេះ លើកិច្ចព្រមព្រៀងខាងថវិកា ដែលភ្ជាប់ទៅនិងការតម្លើងកម្រិតប្រាក់បំណុលរបស់ស.រ.អ.។
ព័ត៌មានពីពេលមុននេះ៖
អង់គ្លេស៖ លោក Rupert Murdoch មហាសេដ្ឋីបណ្តាញផ្សាយព័ត៌មានបាននិយាយថាលោកគ្មានមោទនភាពទេដោយសាររឿងអាស្រូវលបស្តាប់ការសន្ទនាតាមទូរស័ព្ទដែលមានទាក់ទងនឹងកិច្ចប្រតិបត្តិការរបស់កាសែតលោកក្នុងប្រទេសអង់គ្លេស ប៉ុន្តែលោកបានបន្ថែមថា លោកមិនបានទទួលខុសត្រូវដោយផ្ទាល់ទេ។
ស៊ីរី៖ សាក្សីនិងពួកសកម្មជនប្រឆាំងនឹងរដ្ឋាភិបាលក្នុងប្រទេសស៊ីរីនិយាយថា មានមនុស្សយ៉ាងតិចណាស់១០នាក់ត្រូវបានសម្លាប់កាលពីថ្ងៃអង្គារ៍នៅពេលដែលកងកម្លាំងសន្តិសុខបានបាញ់កាំភ្លើងទៅលើក្រុមជនស៊ីវិលនៅក្នុងក្រុង Homs។
លីប៊ី៖ ក្រុមឧទ្ទាមលីប៊ីថ្លែងថាពួកគេបានត្រូវរារាំងដោយគ្រាប់មីននៅពេលពួកគេបន្តការជំរុលទៅមុខកាលពីថ្ងៃអង្គារ៍ដើម្បីត្រួតត្រាទាំងស្រុងក្រុងកំពង់ផែប្រេង Brega ប៉ែកខាងកើតប្រទេស។
អ៊ីស្រាអែល៖ កងទ័ពជើងទឹក Israel បានសណ្តោងនាវា បារាំងមួយគ្រឿងដែលដឹកពួកសកម្មជនលម្អៀងទៅខាង Palestine ទៅកាន់កំពង់ផែ Israel មួយក្រោយពីបានបញ្ឈប់ការប៉ុនប៉ងរបស់ពួកសកម្មជនក្នុងការបំបែកការរាំងខ្ទប់របស់ Israel នៃតំបន់ Gaza ដែលត្រួតត្រាដោយពួកហាម៉ាស់។
ឥណ្ឌា៖ រដ្ឋមន្ត្រីក្រសួងការបរទេសស.រ.អ. Hillary Clinton បានជួបជាមួយនាយករដ្ឋមន្ត្រីឥណ្ឌា Manmohan Singh ក្នុងថ្ងៃទីមួយនៃកិច្ចចរចាគ្នា២ថ្ងៃជាមួយមន្ត្រីឥណ្ឌាដែលមានគោលដៅពង្រឹងទំនាក់ទំនងខាងនយោបាយនិងសេដ្ឋកិច្ច។